ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋបារាំងក្នុងខែមករា ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ៣ ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការងារប្រសិទ្ធភាពថាមពល ដែលប្រទេសទាំងពីរបាននិងកំពុងរួមគ្នាអនុវត្ត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែមករាឆ្នាំ ២០២៤ បញ្ជាក់ថា អនុស្សរណៈយោគយល់គ្នាចំនួន៣រួមមាន ១ អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្តីពីការ សិក្សាសមិទ្ធិលទ្ធភាពនិងអភិវឌ្ឍគម្រោងអ៊ីដ្រូសែនទំហំ ១០មេហ្គាវ៉ាត់ សម្រាប់វិស័យអគ្គិសនីនៅកម្ពុជា។
២ អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ ជាមួយក្រុមហ៊ុន Electricité de France SA ស្តីពីការកំណត់អត្តសញ្ញាណកម្ម និងអភិវឌ្ឍន៍គម្រោងថាមពលបូមទឹកស្តុកទុក នៅកម្ពុជា និង ៣ អនុស្សរណៈ ជាមួយក្រុមហ៊ុន VINCI Construction Grands Projets និងក្រុមហ៊ុន Sage Engineering ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងបំប្លែងសំរាមរបស់លំនៅឋានទៅជាអគ្គិសនី សម្រាប់បញ្ចូលទៅក្នុងខ្សែសង្វាក់នៃការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្ត៖«តាមរយៈការពង្រីកបន្ថែមនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពលរវាងកម្ពុជានិងបារាំងនេះ នឹងបន្តជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការងារប្រសិទ្ធភាពថាមពល ដែលប្រទេសទាំងពីរបាននិងកំពុងរួមគ្នាអនុវត្ត ហើយជាការតម្រង់ទិសឆ្ពោះទៅរកការបង្កើនល្បឿនអន្តរកាលថាមពល ទាំងនៅកម្ពុជានិងនៅក្នុងតំបន់»។ ការងារនេះ ក៏ជាការចូលរួមជាមួយសកលលោក ក្នុងគោលដៅដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍអន្តរកាលថាមពលមានភាពធ្ងន់ មានស្ថិរភាព មានថ្លៃសមរម្យ ជឿទុកចិត្តបាន និងធានាបាននូវសន្តិសុខថាមពលសម្រាប់ប្រទេស ព្រមទាំងមានជីវភាពសម្រាប់បរិស្ថាន។
ជុំវិញការចុះអនុស្សរណៈនេះ លោក ហុង វណ្ណៈ អ្នកវិភាគ និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា គឺជាចំណុចមួយដ៏សំខាន់ ដើម្បីជំរុញដល់ការទាក់ទាញវិនិយោគបរទេស និងសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើឱ្យតម្លៃអគ្គិសនីមានតម្លៃថោក។ លោកបន្ថែមថា ការជំរុញឱ្យការចុះហត្ថលេខាលើអនុស្សរណៈនេះ មានដំណើរការ និងត្រូវបានអនុវត្តលើគម្រោងថាមពលព្រះអាទិត្រ ឬ ថាមពលកកើតឡើងវិញឱ្យបានឆាប់។
លោក ហុង វណ្ណៈ បន្ថែមទៀតថា៖ «បើក្រុមហ៊ុនទាំងអស់ហ្នឹងសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជាមែន វានឹងជួយដល់ដំណើរការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាបង្កើននូវកិត្យានុភាពមួយកម្រិតទៀត ក្នុងនោះក៏អាចជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាបានមួយកម្រិតធំថែមទៀត »៕