​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកទឹកចិត្ត​ប្រជា​សហគមន៍​ក្នុង​ខេត្ត​ចំនួន ​២ ធ្វើ​កសិកម្ម​បែប​ទំនើប ដើម្បី​ទទួលបាន​តម្លៃបន្ថែម​ខ្ពស់ ខណៈដែល​ក្រសួង​នឹង​ផ្តល់​ការគាំទ្រ​បន្ថែម​ផ្នែក​ដើមទុន ការកសាង​ផែនការអាជីវកម្ម និង​ស្វែងរក​ទីផ្សារ​ជាដើម​។​

លោក ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៤ ថា ថ្លែង​ដោយបាន​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ក្នុង​ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ ឱ្យធ្វើ​កសិកម្ម​បែប​ទំនើប ស្របតាម​បច្ចេកទេស ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ និង​ទទួលបាន​តម្លៃ​ខ្ពស់ ដោយ​ក្រសួង​ជា​អ្នករក​ទីផ្សារ​ជូន​ពួកគាត់​។​

​លោក​បានឱ្យដឹងថា​៖«​នៅ​អំឡុងពេល​ជួប​ជាមួយ​បងប្អូន​ប្រជាកសិករ​យើង ក្នុង​ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ ខ្ញុំ​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ក្នុង​ខេត្ត​នេះ​ឱ្យ​ងាក​ទៅរក​ការធ្វើ​កសិកម្ម​បែប​ទំនើប ស្របតាម​បច្ចេកទេស​។​សហគមន៍​កសិកម្ម​ទំនើប​នេះ មាន​សារៈសំខាន់​ណាស់ ដែល​តម្រូវឱ្យ​ប្រជាកសិករ​ចូលរួម​ផលិត​រួមគ្នា គ្រប់គ្រង​រួមគ្នា ដើម្បី​ងាយស្រួល​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​ផ្តល់​ផលចំណេញ​ច្រើន​។​ការស្ម័គ្រចិត្ត​រួមគ្នា​ចូលរួម​ក្នុង​កម្មវិធី​គោលនយោបាយ​កសិកម្ម​បែប​ទំនើប​នេះ ទើប​ទទួលបាន​ផល​វិជ្ជមាន​ខ្ពស់​»​។​

​លោក ឃឹម ហ្វី​ណង់ បាន​ថ្លែងថា នៅក្នុង​ករណី​ប្រជា​សហគមន៍​ដែល​ធ្វើ​កសិកម្ម​បែប​ទំនើប ហើយ​ត្រូវការ​ដើមទុន​ធ្វើ​អាជីវកម្ម ក្រសួង​មាន​គម្រោង​ហិរញ្ញវត្ថុ ដែល​ផ្តល់​ការគាំទ្រ​ចាប់ពី​ការកសាង​ផែនការអាជីវកម្ម ការផ្តល់​ប្រាក់កម្ចី  ការគាំទ្រ ផ្តល់​ជា​អំណោយ​មូលធន (​បើ​គម្រោង​វិនិយោគ​ជាប់​នឹង​ទទួលបាន​អំណោយ​ចំនួន ​៤០​ភាគរយ នៃ​ដើមទុន​វិនិយោគ​សរុប​) និង​ជួយ​គាំទ្រ​ស្វែងរក​ទីផ្សារ​ជាដើម​។​

​លោក ថ្លែងថា​៖«​ចំពោះ​ដើមទុន​វិនិយោគ​នេះ ក្រសួងកសិកម្ម បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ធនាគារ​វី​ង ដោយ​ធនាគារ​វី​ង​បាន​តម្កល់​លុយ ​៥​លាន​ដុល្លារ ទុក​នៅ​ក្រសួង​សម្រាប់​ផ្តល់​កម្ចី​ជូន​ប្រជា​សហគមន៍ និង​កសិករ ក្នុង​អត្រា​ការប្រាក់​ទាប ចន្លោះ​ពី​៧ ទៅ​៨​ភាគរយ ក្នុង​១​ឆ្នាំ ហើយ​កម្ចី​នេះ​មិន​តម្រូវឱ្យ​ដាក់​វត្ថុ​បញ្ចាំ​អ្វី​នោះទេ​»​។​

​លោក​ថ្លែងថា សហគមន៍​កសិកម្ម​ទំនើប​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សហគមន៍ ដោយ​ក្រៅពី​ការគាំទ្រ​ខាង​ផ្នែក​ដើមទុន និង​ហិរញ្ញវត្ថុ ក៏​នៅមាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​ការកាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ការគាំទ្រ​ខាង​ផ្នែក​បច្ចេកទេស ការជួយ​គាំទ្រ​ខាង​ផ្នែក​ទីផ្សារ និង​ការកាត់បន្ថយ​ពី​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ត្រូ​ពិ​ក និង​ឡុង​ម៉េ​ត ដែល​ដាំ​ដុះ និង​នាំចេញ​ផលិតផល ចេក​ស្រស់ ស្វាយ​ស្រស់ និង​បន្ថែ ទៅ​ក្រៅប្រទេស បានឱ្យដឹង​ដែរ​ថា លក្ខណពិសេស​របស់​ស​ហគ​មន៍​កសិកម្ម​ទំនើប តម្រូវឱ្យ​កសិករ ជា​សមាជិក​ត្រូវធ្វើ​ផលិតកម្ម​កសិកម្ម​រួមគ្នា និង​មានការ​គ្រប់គ្រង​រួម​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

​លោក​បន្តថា ការតម្រូវ​បែបនេះ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង នៅលើ​ទីផ្សារ ទាំង​ខាង​ផ្នែក បរិមាណ គុណភាព ថ្លៃ និង​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ ពោល គឺ​ទិញ​រួម ផលិត​រួម លក់​រួម និង​គ្រប់គ្រង​រួម​ដោយ​សហគមន៍ មុននឹង​ធ្វើការ​បែងចែក​ប្រាក់ចំណេញ​ទៅតាម​សមាមាត្រ​នៃ​ភាគហ៊ុន​របស់​សមាជិក​ម្នាក់ៗ​។​

​លោក ហ៊ុន ឡាក់ បាន​បន្តថា ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប​នៅតាម​បណ្ដា​សហគមន៍​រាជធានី​-​ខេត្ត នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាកសិករ​នៅក្នុង​សហគមន៍​។ 

​លោក​បញ្ជាក់ថា ៖ «​លើសពីនេះ​ទៀត ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប​នេះ គឺ​បានរួម​ចំណែក​និង​ផ្ដល់​ផលប្រយោជន៍ ជាច្រើន​ដល់​ប្រជាកសិករ ដោយ​ក្នុងនោះ​កសិករ​ទទួលបាន​ដូចជា ការគាំទ្រ​ផ្នែក​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និង​មធ្យោបាយ​ផលិតកម្ម​ទំនើប ការពិភាក្សា​យោបល់ និង​ការគ្រប់គ្រង​មុខជំនាញ ទទួលបាន​ឥណទាន​ការប្រាក់​ទាប សំដៅ​ធ្វើយ៉ាងណា​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​នៃ​ប្រទេស​ដទៃទៀត​បាន​»​។​

បើតាម​ក្រសួងកសិកម្ម ចាប់តាំងពី​ឆ្នាំ​២០០៣ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​សហគមន៍​កសិកម្ម​ប្រមាណ​ជា ១ ២៥១ ក្នុងនោះ​មាន​សមាជិក​សរុប ១៧​ម៉ឺន​នាក់​។ ប៉ុន្តែ ចំណោម​សហគមន៍​សរុប​ទាំងអស់ សហគមន៍​កសិកម្ម​រឹងមាំ គឺមាន​តែ ២១៧​សហគមន៍​ប៉ុណ្ណោះ​។ សហគមន៍​ទាំងអស់​មាន​ដើមទុន​សរុប ២៦​លាន​ដុល្លារ បើ​គិត​ជា​មធ្យមភាគ គឺមាន​តែ ២​ម៉ឺន​ដុល្លារ ក្នុង​១​សហគមន៍​។​

​ជាមួយគ្នានេះ នៅក្នុង​ដំណាក់កាល​ដំបូង នៃ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ត្រៀម​រៀបចំ​សហគមន៍​កសិកម្ម​ទំនើប សម្រាប់​ដំណាំ​យុទ្ធសាស្ត្រ​ចំនួន ៤ ដែល​រួមមាន បន្លែ ស្រូវ ស្វាយចន្ទី និង​ម្រេច​៕