លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ បានធ្វើពិធីបើកការសាងសង់សួនឧទ្យានទន្លេស្ងួតលើផ្ទៃដី ១៤ ហិកតា ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាគោលដៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន និងជាតំបន់ទេសចរណ៍ធម្មជាតិ។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
ប្រភពដដែលនេះបានឱ្យដឹងថា ក្នុងឧទ្យានទន្លេស្ងួតនោះ គ្រោងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត លើផ្ទៃដីទំហំប្រមាណ ៨ ៧៥០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់រួចរាល់ នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លើសពីនេះ តំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្ត្រ សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចម្ការប្រជាពលរដ្ឋផងដែរ។
លោក សុផល្លែត បានបញ្ជាក់ថា៖«ក្រុមការងារបានជួយអភិវឌ្ឍមូលដ្ឋានខេត្តត្បូងឃ្មុំជាបន្តបន្ទាប់ ជាពិសេស រៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន។ឧទ្យានទន្លេស្ងួតជាសមិទ្ធផលថ្មីនៃការអភិវឌ្ឍឆ្ពោះទៅភាពស្អាត ភាពបៃតង និងចីរភាព»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ផ្កាស្បៃរឿងចំនួន១លានដើមនឹងត្រូវរៀបចំដាំផងដែរដែលនឹងដុះរីកសុសសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរមកពីគ្រប់ទិសទី មកទស្សនា និងលម្ហែកម្សាន្ត នៅក្នុងឱកាសថ្ងៃឈប់សម្រាក និងក្នុងពិធីបុណ្យផ្សេងៗ។
លោកថា ការដាំដើមព្រីង និងឫស្សីផ្អែម ដើម្បីផ្តល់ជាម្លប់ និងបង្កើនភាពបៃតងរយៈពេលវែង ជាពិសេសផ្តល់ជាផលសម្រាប់ប្រជាជននៅតំបន់នេះ អាចដកហូតធ្វើម្ហូបអាហារ និងអាចដកហូត យកទៅធ្វើសម្ភារប្រើប្រាស់ផ្សេងៗនៅពេលខាងមុខផងដែរ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ទៀតថា៖«ការរៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានជួយពង្រីកជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន និងក្លាយជាអាងទឹក សម្រាប់ការស្រោចស្រពស្រែចម្ការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅពេលខាងមុខ។ លើសពីនេះ ការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្ត្រដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្តិសិទិ្ធ និងជាទីសក្ការបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង»។
លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា សួនឧទ្យានទន្លេស្ងួត នឹងក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ និងប្លែក សម្រាប់ទាក់ទាញទេសចរណ៍ក្នុងស្រុក ក៏ដូចជាបរទេសខ្លះដែរ ដោយសារតែនៅតំបន់នេះ មានតំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះធាតុ មានប្រាសាទបុរាណ ព្រះវិហារ ទីសក្ការបូជា ទីទួលបុរាណ និងទន្លេស្ងួតនេះ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។
លោកបានបន្ថែមថា ទីតាំងនេះក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រ ជាច្រើនព្រះអង្គនាសម័យបុរាណ ក្នុងនោះរួមមានស្ដេចកន ដែលជាអតីតក្សត្រខ្មែរ១ព្រះអង្គសោយរាជ្យនៅព្រះរាជាណាចកម្ពុជា ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្គ្រាម នាសម័យបុរាណនោះដែរ។ ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី និងតំបន់ទន្លេស្ងួត បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។
លោកបានប្រាប់ថា៖«ឧទ្យានទន្លេស្ងួតមិនត្រឹមជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់ប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏សម្បូរបែបដូចជា ក្យូសម្រាប់អង្គុយលេង និងកន្លែងស្ទូចត្រីកម្សាន្ត មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងតំបន់វប្បធម៌ធម្មជាតិនេះ ព្រមទាំងសេវាកម្មម្ហូបអាហារ ការលក់ដូរកសិផលក្នុងស្រុកជូនភ្ញៀវទេសចរ»។
លោក ហូ វណ្ណឌី ថ្លែងថា ប្រជាសហគមន៍ ត្រូវផ្តល់សេវាកម្មប្រកបដោយចិត្តស្អាត ស្មោះត្រង់ និងផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរ និងកាត់បន្ថយការបំពុលនានាទៅក្នុងបរិយាកាស ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកស្ទួយការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។
ក្រសួងបរិស្ថានអះអាងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ប្រទេស មានអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ជាមួយគោលដៅអាទិភាពទី២ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើនប្រាក់ចំណូល ពីតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ អព្យាក្រឹតកាបូន៕