លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សិក្ខាកាមដែលបានរៀនជំនាញវិជ្ជាជីវៈក្នុងរយៈពេលខ្លី ដែលរាជរដ្ឋាភិបាលផ្តល់ជូន នឹងក្លាយជាវីរបុរសជួយសង្គ្រោះគ្រួសារឱ្យចាកចេញពីភាពក្រីក្រ ខណៈក្តីប្រាថ្នារបស់រដ្ឋាភិបាល ចង់ឃើញពលរដ្ឋចាកផុតពីបន្ទាត់ក្រីក្រ។
លោក ហេង សួរ បានថ្លែងតាមរយៈវីដេអូឃ្លីប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ថា សិក្ខាកាមចំណាយពេល ៤ ខែ សម្រាប់រៀនជំនាញនៅពេលថ្ងៃ ប៉ុន្តែបើសិក្ខាកាមរៀននៅពេលយប់ គឺត្រូវរៀនរយៈពេល ៨ ខែ និងចុងសប្តាហ៍ត្រូវរៀនរយៈពេល ១០ ខែ ប៉ុន្តែភាគច្រើនសិក្ខាកាមជ្រើសរើសយកការសិក្សាពេលថ្ងៃ។
លោកបានថ្លែងថា៖«បើរៀនពេលថ្ងៃ ៤ខែនេះ យកចិត្តទុកដាក់ស្តាប់គ្រូ យកចិត្តទុកដាក់ចុះទៅហាត់ការបានល្អ ខ្ញុំជឿថា យើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលប៉ិនប្រសប់។ គេចំណាយពេល ៤ ឆ្នាំ ដើម្បីបញ្ចប់បរិញ្ញាបត្រ គេចំណាយ ២ ឆ្នាំ ដើម្បីបញ្ចប់បរិញ្ញាបត្ររង ប៉ុន្តែយើងចំណាយពេលតែ ៤ខែ លើជំនាញមួយពិតប្រាកដ ជាជំនាញមួយដែលគេកំពុងត្រូវការ ។ ដូច្នេះ យើងចំណេញពេលវេលា មិនចាំបាច់ចំណាយពេល ២ឆ្នាំ មិនចាំបាច់ចំណាយពេល ៤ឆ្នាំ ដូចគេនោះទេ»។
បើតាមលោក ហេង សួរ នៅពេលដែលគ្រប់គ្នាមានការងារធ្វើ មានបណ្ណ ប.ស.ស ឪពុកម្តាយមិនចាំបាច់បារម្ភពីសុខភាព និងការសន្សំលុយទុកឱ្យកូននោះទេ ផ្ទុយទៅវិញនោះ សិក្ខាកាមបែរជាសល់លុយជួយទៅគ្រួសារ និងឪពុកម្តាយវិញ។
លោកថ្លែងថា៖ «ប្រសិនបើ (សិក្ខាកាម) មិនជោគជ័យ ក្រសួងក៏មិនជោគជ័យ រាជរដ្ឋាភិបាលក៏មិនជោគជ័យដែរ ដូចនេះយើងមានបេសកកម្មរួមគ្នាមួយយើងមិននិយាយពីរឿងបរាជ័យទេ យើងត្រូវនិយាយពីរឿងជោគជ័យទាំងអស់គ្នា»។
លោក ហេង សួរ បានបញ្ជាក់ថា៖ «គ្រួសារ (របស់សិក្ខាកាម) ជោគជ័យ រួចចាកផុតពីបន្ទាត់ភាពក្រីក្រ នោះហើយជាក្តីស្រមៃ ជាបំណងប្រាថ្នារបស់សម្តេចតេជោហ៊ុន សែន បានស្រមៃនៅចុងអាណត្តិទី៦ ហើយបានសម្តេចធិបតីបានយកក្តីស្រមៃរបស់សម្តេចតេជោហ៊ុន សែន មកអនុវត្ត។ ដូចនេះ សង្ឃឹមថា យើងទាំងអស់គ្នាជាប្រតិបត្តិករដែលធ្វើឱ្យក្តីស្រមៃទាំងអស់នោះក្លាយជាការពិត»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងថា នៅពេលពលរដ្ឋកម្ពុជាម្នាក់មានជំនាញមួយពិតប្រាកដ គឺជារឿងល្អ សម្រាប់រកប្រាក់ចំណូលជួយគ្រួសារ និងសង្គមជាតិ។ តាមរយៈការបណ្តុះបណ្តាលជំនាញ នៅពេលនេះ ពលរដ្ឋនឹងមានជំនាញ ប៉ុន្តែខ្វះតែការងារធ្វើទេ ដូច្នេះ រាជរដ្ឋាភិបាល គួរតែបង្កើតការងារបន្ថែមទៀត។
លោក អាត់ ធន់ បានថ្លែងថា៖ «ជំនាញនោះ វាចំណាយពេល ៣ ទៅ ៦ខែ ហើយជំនាញអាចថាជាជំនាញកាត់សក់ ជាងសំណង់ និងកាត់ដេរ ជាដើម គឺជាជំនាញ ដែលត្រូវគេធ្វើ១ចប់ ប៉ុន្តែអ្នកធ្វើការរោងចក្រ អ្នកដេរហោប៉ៅ នៅតែដេរហោប៉ៅ និងធ្វើយ៉ាងម៉េចធ្វើឱ្យផលិតផលបានល្អ។ ជារួម ពួកគាត់ចេះហើយ ត្រូវធ្វើយ៉ាងណាឱ្យពួកគាត់មានការងារធ្វើគ្រប់គ្នា»។
បើតាមលោក អាត់ ធន់ នៅពេលសិក្ខាកាមរៀបចប់នូវជំនាញមួយពិតប្រាកដ ប្រាកដណាស់នឹងទទួលបានឱកាសការងារធ្វើ និងទទួលបានបណ្ណ ប.ស.ស ដើម្បីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋដោយស្វ័យប្រវត្តិ ព្រោះរដ្ឋាភិបាលបានអនុវត្តជាទូទៅរួចមកហើយ។
សូមរំឭកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនប្រមាណ ១លាន៥សែននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឱ្យក្លាយទៅជាកម្លាំងពលកម្មដ៏សកម្មប្រកបដោយជំនាញប្រសើរជាងមុន។
ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយតំណាងវិស័យឯកជនចំនួន១៨សមាគមដើម្បីសមាគមទាំងអស់នេះជំរុញទៅដល់សមាជិករបស់ខ្លួនផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះ៕