​ភ្នំពេញៈ​​ មន្ត្រី​នគរ​បាល​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ព​ញបាន​​ឱ្យដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួននិង​កសាង​សំណុំរឿង​បញ្ជូន​អ្នកបើកបរ​រថយន្ត​​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ស្លាប់មនុស្ស​៤​នាក់​និង​រងរបួស​២​នាក់កាលពី​យប់​ថ្ងៃទី​២០​ខែមករា​នៅស្តុ​ប​ស្ពាន​ឫស្សីកែវ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ទៅ​តុលា​ការ​នៅ​ថ្ងៃ​ទី២២ មករា នេះ​ ។​

លោក ​សំ ​វិច្ឆិកា អ្នក​នាំពា​ក្យ​ស្នងកា​រ​ដ្ឋាន​នគ​របាល​រាជធានី​ភ្នំ​ព​ញ បាន​ប្រាប់​នៅ​ថ្ងៃទី​ ២​១ ខែមករា​ បច្ចុប្បន្ន​សមត្ថ​កិច្ច​នគ​របាល​កំពុង​នាំ​ជនប​ង្ក​គ្រោះ​ថ្នាក់​មក​សាក​សួរ​ដើម្បី​ប្រមូល​ព័ត៌​មាន​រួម​នឹង​ភ័ស្តុ​តាង​ផ្សេងៗ​ទាក់​ទង​នឹង​ករណី​គ្រោះ​ថ្នាក់​នេះ​។​

​លោក​បាន​ឱ្យ​ដឹងថា ៖ «​យើង​ក៏បាន​ហៅ​ឱ្យ​សាច់​ញាតិ​​របស់​ជនរ​ងគ្រោះ​ទាំង​ស្លាប់ ​និង​របួស​មក​ដាក់​ពាក្យ​បណ្តឹង ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ជន​បង្ក​ទៅ​តុលា​ការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ​ហើយ​យើង​អាច​នឹង​បញ្ជូន​ជន​រូបនេះ​ទៅ​តុលា​ការ​នៅ​ថ្ងៃ​ស្អែក​នេះ​(២២ ​ខែមករា​)»​។​

​យោង​តាម​របាយ​ការណ៍​របស់​ស្នង​កា​រដ្ឋាន​នគ​បាល​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ​ខែម​ករា បាន​លើកឡើ​ង​ថា សមត្ថ​កិច្ច​បាន​ឃាត់ខ្លួ​ន​អ្នក​បើករថ​យន្ត​ម៉ាក Ford Ranger ដែល​បង្ក​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​យប់​ថ្ងៃទី​២០ ខែ​ម​ករា ឆ្នាំ​២០២៤​ បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​៤​នាក់(​ស្រី​៣​នាក់​)និង​​របួស​ធ្ងន់​២​នាក់ ​នៅ​ចំណុច​ស្តុ​ប​ស្ពាន​ឫស្សី​កែវ​ ផ្លូវ​ជាតិ​លេខ​៥ ភូមិ​មិត្ត​ភាព ​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​។

​ប្រភព​ដដែល​បាន​បន្ត​ថា ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​បង្ក​ឡើង​ដោយ​បុរស​ឈ្មោះ​ នា​ង សំ​អូន ជា​មន្ត្រី​នៃ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​។ អ្នក​បើក​បរ​រូបនេះ ​បាន​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ស្ថាន​ភាព​ស្រវឹង (​កម្រិត​ជាតិ​អាកុល​០,៥៤) និង​បាន​បុក​រះ​រថ​យន្ត​ចំនួន​២​គ្រឿង​និង​ម៉ូតូ​ចំនួន​៤​គ្រឿង ​ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​៤​នាក់ និង​រង​របួស​២​នាក់ ​និង​បាន​បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែ​​ត​ភ្លាមៗ​ផង​ដែរ​។​

​លោក​ ​គឹម ប​ញ្ញ នាយ​ក​អង្គការ​បង្ការ​របួស​អា​ស៊ីបាន​ថ្លែង​នៅថ្ងៃទី២១ មករា​​ដែរថា​ ក​រណី​គ្រោះថ្នាក់​​ច​រាច​រណ៍ ​នៅតែ​ជា​បញ្ហា​ប្រឈម​គួរឱ្យ​​បារ​ម្ព​ពី​សំណាក់​អង្គការសង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាលព្រមទាំង​សាធារណជន​ទូទៅ​។

​លោក​បាន​បន្តថា៖«​យើង​មាន​ការ​ព្រួយបា​រម្ភ​ខ្លាំង ​ព្រោះ​ពេល​បច្ចុប្បន្ន​យើង​ឃើញ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​សភាព​ធ្ងន់ធ្ង​រដែ​ល​យើង​ទាម​ទា​ចាំ​បាច់​ត្រូវ​ចាត់​វិធា​នការ​ឱ្យ​បាន​ខ្លាំង​ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​ទៅនឹ​ង​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​នេះ​»​។​

​បើតាម​លោកគឹ​ម ​បញ្ញា អ្វីដែល​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ត្រូវ​ធ្វើគឺ​បង្កើន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ឱ្យបាន​ទាំង​យប់​ទាំង​ថ្ងៃ ​ជាពិ​សេស​រឹត​បន្តឹង​នៅ​ពេល​យប់​ដើម្បី​កាត់ប​ន្ថយ​ការ​គ្រោះថ្នា​ក់​ចរា​ចរណ៍​នៅ​លើ​ដង​ផ្លូវ ។

​រីឯ​លោក​ គិ​ន ភា​ ប្រធា​ន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជប​ណ្ដិ​ត​សភា​កម្ពុជា ក៏បាន​ចាប់អា​រម្មណ៍​លើ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​​នេះដែ​រ ដោ​យ​លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​កាលពី​ថ្ងៃទី​២០​ ខែមករា​ថា ៖«​គ្រោះថ្នា​ក់​ចរាចរ​ណ៍​នៅ​ស្រុក​យើង​ឥឡូវ​សា​ហាវ​ជាង​អំពើ​ភេរវ​កម្ម​ទៅ​ទៀត​។​សម្លាប់​ជីវិត​មនុស្ស​និង​បង្ក​គ្រោះ​ថ្នាក់​របួស​ពិការ​មិន​រើសមុខ​។វា​បាន​បង្ក​ផលវិបាក​សង្គម​រាប់ម៉ឺន​សែន​ជំពូក​និង​ខាតបង់​សេដ្ឋ​កិច្ច​រាប់​មិ​នអស់​»​។​

​លោក​បាន​បន្ត​ថា មូល​ហេតុ​មួយ​ក្នុ​ងចំណោម​មូល​ហេតុ​នានាគឺ​មកពី​អ្នកបើ​កបរ​​ស្រវឹង​។​ស្ថាន​ភាព​នេះ​នឹង​កាន់តែ​អាក្រក់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​បើ​គេ​នៅតែ​លើក​ទឹក​ចិត្ត​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង ​តែ​ព្រងើ​យកន្តើ​យ​នឹង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ច​រណ៍​ ការបណ្ដុះ​សីលធ​ម៌​សង្គ​មនិង​បន្ត​លើកត​ម្កើង​វប្បធម៌​និ​ទ្ទណ្ឌ​ភាព​ដោយ​ទុក​ឱ្យ​ជន​ប​ង្ក​នៅតែ​រួច​ពី​សំណាញ់​ច្បាប់​តាម​ការ​ទូទាត់​សំណង​​ជា​លុយ​​។​

​សូម​បញ្ជាក់​ដែរ​ថា​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំ​ងប្រទេ​សបាន​កើតឡើ​ង​ចំនួន​ ៣ ៣១​៧​ លើក​បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​ ១ ៥៩០ ​នាក់បា​ន​ស្លាប់និ​ង​អ្នក​រង​របួស​ចំនួន ៤​ ៥១៥​នាក់​។​នេះបើ​តាម​របាយការណ៍​របស់​អគ្គ​ស្នង​ការ​នគ​របា​ល​ជាតិ​កា​លពី​សប្តាហ៍​មុន​។

បើតាម​រ​បាយ​កា​រណ៍​នេះ ករណី​​គ្រោះថ្នាក់​ចរាចរ​ណ៍​មានកា​រ​កើនឡើ​ង​ចំនួ​ន ៣៤១​ លើក ​ស្មើនឹ​ង​១១​ភាគ​រ​យ បើ​ធៀប​នឹង​ឆ្នាំ​២០២២​ ដែល​មាន​ចំនួន​ ២ ៩៧៦​លើក​។​

​ប្រភព​ដដែល​បាន​បន្ត​ថា ចំណែ​ក​អត្រា​អ្នក​ស្លាប់​មាន​ការ​ថយ​ចុះ​ចំនួន​១១៩​នាក់​ ស្មើ​នឹង៧​​ភាគ​រយ​ បើ​ធៀប​ជា​មួយ​នឹង​ឆ្នាំ ​២០២២​ ដែល​មាន​អ្នក​ស្លាប់​ចំនួន​ ១ ៧០៩​នាក់​ ប៉ុន្តែ​ចំនួន​អ្នក​រង​របួស​មាន​ការ​កើន​ឡើង៤​៨៩​នាក់ ស្មើ​នឹង ​១២ ​ភាគ​រយ​៕