ព្រះវិហារៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សហការជាមួយក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានប្រកាសផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅ និងវះកាត់មុខមាត់ឆែប ដុំគីស ដោយឥតគិតថ្លៃជូនមនុស្សចាស់ ស្ដ្រី កុមារ និងទារក។
ការផ្ដល់សេវាឥតគិតថ្លៃនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងចំនួន៣កន្លែង រួមមាន មន្ទីរពេទ្យបង្អែក១៦មករា ក្នុងខេត្តព្រះវិហារ មណ្ឌលសុខភាពម្លូព្រៃក្នុងស្រុកឆែប និងនៅបរិវេណសាលាបឋមសិក្សាក្នុងស្រុកជាំក្សាន្ត។ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
លោក ឆាយ សៅរ៍មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា ការពិនិត្យ ព្យាបាល និងវះកាត់នេះ នឹងប្រព្រឹត្តទៅតាមទីតាំងនីមួយៗ ក្នុងនោះទីតាំងទី១ គឺនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការពិនិត្យ ព្យាបាលជំងឺ និងវះកាត់ ដូចជា ពិនិត្យព្យាបាលជំងឺទូទៅមនុស្សចាស់ កុមារ និងទារក ពិនិត្យព្យាបាលរោគស្ដ្រី វះកាត់ជំងឺស្រុតស្បូន ដុំគីសដៃស្បូន ដុំគីសសុដន់។
លោកបានបន្តថា ក្រៅពីនេះ ក៏មានការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប ម្រាមដៃលើស និងពិការភាពផ្សេងៗទៀត ក្នុងនោះក៏មានការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក វាស់ និងផ្ដល់វ៉ែនតា វះកាត់ដុំពកលើខ្លួនប្រាណ និងដុំគីសផ្សេងៗ រួមនឹងវះកាត់ក្រួសក្នុងថង់ទឹកប្រមាត់ ពក ក និងជំងឺមាត់ធ្មេញជាដើម។
យោងតាមសេចក្តីប្រកាសរបស់មន្ទីរសុខាភិបាលដដែលបានឱ្យដឹងទៀតថា ការពិនិត្យ និងព្យាបាលនេះ ក៏នឹងធ្វើឡើងនៅមណ្ឌលសុខភាពម្លូព្រៃ ភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា។រីឯការពិនិត្យ និងព្យាបាលនៅសាលាបឋមសិក្សាយាង ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ឆាយ សៅរ៍មុនី បានបញ្ជាក់ដែរថា ៖ «សូមបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ក្រោយពីបានធ្វើការពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញរួចតម្រូវឱ្យធ្វើការវះកាត់ចាំបាច់ត្រូវត្រៀមខ្លួនជាមុនដូចជា មនុស្សចាស់ត្រូវអត់អាហារយ៉ាងតិច ៦ ម៉ោងមុនវះកាត់។ ចំពោះកុមារវិញត្រូវអត់អាហារឱ្យបានយ៉ាងតិច ៤ ម៉ោង មុនធ្វើការវះកាត់»។
ជាមួយគ្នានេះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពមកទទួលសេវាពិនិត្យ ព្យាបាល ពិគ្រោះ និងវះកាត់ដោយឥតគិតថ្លៃនេះកុំឱ្យអាក់ខានឡើយ៕