ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានក្រើនរំឭកឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើការថែរក្សាសុខភាព តាមរយៈការបរិភោគអាហារសុខភាព និងការធ្វើលំហាត់ប្រាណ ខណៈរៀងរាល់ថ្ងៃមានប្រជាពលរដ្ឋឈឺដោយសារការបរិភោគអាហារមិនមានសុវត្ថិភាព។
លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកស្រីកាលពីថ្ងៃទី២០ ខែមករាថា មានតែខ្លួនឯងប៉ុណ្ណោះដែលជាគ្រូពេទ្យដ៏ចំណានសម្រាប់ការថែទាំសុខភាពត្រឹមត្រូវរបស់ខ្លួន ហើយមិនមានគ្រូពេទ្យណាដែលពូកែជាងខ្លួនឯងនោះឡើយ។
លោកស្រីបានបន្តថា ហេតុនេះលើកលែងតែពេលខ្លួនឯងមានជំងឺស្រាប់ទៅហើយទើបទៅរកគ្រូពេទ្យដើម្បីព្យាបាល និងគ្រាន់តែជាអ្នកអាចជួយបន្ធូរបន្ថយទុក្ខសុខភាពប៉ុណ្ណោះ ឬជួនកាលក៏ជួយមិនបានផងដែរ ខណៈដែលមនុស្សម្នាក់ៗ សុទ្ធតែមិនចង់ឈឺ ប៉ុន្តែបែរជាពិបាកនិងកម្រឃើញមានការចេះថែទាំសុខភាពខ្លួនឱ្យបានត្រឹមត្រូវដោយច្រើនតែមានទំនោរពឹងពាក់ទៅលើវាសនាទៅវិញ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «ឈឺដោយសារតែការហូបចុករបស់យើងជារៀងរាល់ថ្ងៃ មិនមានផាសុកភាពប្រមាណជា៨០ភាគរយទៅហើយ ដូច្នេះបើយើងចេះកែប្រែទម្លាប់ហូបចុករបស់យើងបានល្អ មានន័យថា យើងអាចការពារបានហានិភ័យសុខភាពបានរហូតទៅដល់៨០ភាគរយបាត់ទៅហើយ»។
ចំពោះការចេះកែប្រែទម្លាប់ការបរិភោគអាហាររបស់ខ្លួនឱ្យបានល្អនិងមានផាសុកភាពគឺត្រូវអនុវត្តបរិភោគអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់/ប្រេងឆាតិច។ ក្រៅពីនេះក៏រួមបញ្ចូលនឹងការធ្វើលំហាត់ប្រាណដែលជាវិធានការកាត់បន្ថយហានិភ័យសុខភាពបានច្រើន និងងាយៗធ្វើសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួន។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែម។
លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២១ ខែមករាថា រាល់ថ្ងៃនេះ ទោះបីប្រជាពលរដ្ឋផលិតស្បៀងអាហារបានគ្រប់គ្រាន់មែន ប៉ុន្តែក៏មិនមែនមានន័យថាទទួលបានអាហារូបត្ថម្ភបានគ្រប់គ្រាន់ដែរ ព្រោះបញ្ហាដែលចោទនោះ គឺប្រជាពលរដ្ឋមិនទាន់អាចចេះប្រើប្រាស់ស្បៀងអាហារឱ្យសមស្របដើម្បីបង្កើនអាហារូបត្ថម្ភសម្រាប់សុខភាពរបស់ខ្លួន។
លោកបានបន្ថែមថា ដោយឡែកចំពោះកុមារវិញ បញ្ហាភាពស្គាំងស្គម និងការលើសទម្ងន់ ក៏វាបណ្ដាលមកពីភាពកង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារផងដែរ។
លោកបានថ្លែងថា៖ «អ៊ីចឹង!អ្វីដែលយើងមានការព្រួយបារម្ភចំពោះការប្រើប្រាស់ចំណីអាហារសព្វថ្ងៃនេះដែលធ្វើឱ្យប៉ះពាល់សុខភាពកុមារ និងប្រជាពលរដ្ឋទូទៅ ជាពិសេសស្ដ្រីវ័យបន្តពូជនិងមានផ្ទៃពោះ គឺមិនទាន់ចេះប្រើប្រាស់ចំណីអាហារឱ្យបានត្រឹមត្រូវដែលមានជីវជាតិវីតាមីន ដោយចៀសវាងអាហារដែលលើសជាតិស្ករច្រើន អំបិលលើសចំនួន ព្រោះវាសុទ្ធតែប៉ះពាល់ដល់សុខភាពរបស់ពួកគាត់»។
លោក យី គឹមថាន បានបន្តថា បច្ចុប្បន្នតែងតែឃើញមានការលក់ចំណីអាហារដែលសម្បូរជាតិស្ករច្រើន អំបិលច្រើន និងការលក់ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្លាំងគឺមានការលក់និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមសាលារៀននិងនៅតាមតំបន់ជនបទដែលវាសុទ្ធតែជាផលប៉ះពាល់ដល់សុខភាពនាំឱ្យកើតជំងឺមិនឆ្លងផ្សេងៗមានដូចជា ជំងឺលើសឈាម ជំងឺទឹកផ្អែម និងជំងឺលើសទម្ងន់ជាដើម។
លោកបានបន្ថែមថា៖«ក្រសួងពាក់ព័ន្ធគួរតែបង្កើនការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីរបបអាហារដែលមានផាសុកភាព សុវត្ថិភាព ទាំងចំនួនស្ករ និងចំនួនអំបិលក្នុងចំណីអាហារគឺជាការរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាកាត់បន្ថយការកើនឡើងជំងឺមិនឆ្លងផងដែរ»៕