កំពតៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី បានជំរុញឱ្យមានការលើកកម្ពស់គុណភាព និងស្តង់ដា សម្រាប់ផលិតកម្មអំបិល នៅខេត្តកំពត និងកែប ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក ហែម វណ្ណឌី បានជំរុញបែបនេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្មុងពេលលោកបានចុះពិនិត្យស្ថានភាពស្រែអំបិលក្នុងខេត្តកំពត និងបានជួបសំណេះសំណាលជាមួយអ្នកផលិតអំបិលមកពីខេត្តកំពត និងខេត្តកែប ដើម្បីពិភាក្សាពីការលើកកម្ពស់គុណភាព និងស្តង់ដាសម្រាប់ផលិតកម្មអំបិល។
លោកបានលើកឡើងផងដែរពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល ដោយបានរំលេចពីអាទិភាពនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ នេះបើតាមគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
លោក ហែម វណ្ណឌី បានឱ្យដឹងដែរថា៖ «អាទិភាពមួយរបស់រាជរដ្ឋាភិបាលគឺការចលនា ដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក ដោយផ្តោតលើគុណភាព ផលិតភាព និងភាពប្រកួតប្រជែងលើទីផ្សារ»។
នាឱកាសនោះ លោកក៏បានលើកទឹកចិត្តដល់អ្នកផលិតអំបិល និងអាជីវកម្មដែលមានសក្តានុពលក្នុងខេត្តទាំង២ រួមនឹងអាជីវកម្មផលិតទឹកត្រី និងម្រេច ឱ្យសហការជាមួយក្រសួង សម្រាប់ការគាំទ្រទាក់ទងនឹងគុណភាព និងស្តង់ដាផលិតផល។
លោកបញ្ជាក់ថា ៖ «អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ ដូចនេះតាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២-២០២៦ សូមឱ្យអ្នកផលិតអំបិលស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រដើម្បីប្រព្រឹត្តិកម្មទឹកស្អាតជាដើម»។
ឆ្លើយតបនឹងសំណើសុំការគាំទ្រលើសេវាសាធារណៈ និងការលើកទឹកចិត្តនានារបស់អ្នកផលិតអំបិលលោក ហែម វណ្ណឌី ក៏បានលើកឡើងដែរថា ក្រសួងកំពុងអនុវត្តកំណែទម្រង់មួយចំនួន រួមទាំងការកែសម្រួលថ្លៃ រយៈពេល និងសុពលភាពនៃសេវាសាធារណៈរបស់ខ្លួន និងកំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្នុងគោលបំណងផ្តល់សេវាប្រកបដោយវិជ្ជាជីវៈជូនដល់វិស័យឯកជន។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមករាថា កសិករផលិតអំបិលនៅខេត្តកំពតនាពេលបច្ចុប្បន្ននេះ កំពុងតែប្រមូលផលបានប្រមាណ ៧០ %ហើយ។ ចំពោះការណែនាំរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងប្រកួតប្រជែងទីផ្សារអំបិលនៅតំបន់ និងពិភពលោក។
លោក ប៊ុន ណារិន បានថ្លែងថា៖ «រដ្ឋមន្ត្រីបានណែនាំឱ្យយើងផលិតអំបិលមានស្តង់ដា និងគុណភាព ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង ដោយសារយើងមិនអាចបិទគេបានទេ ព្រោះជាទីផ្សារសេរី ទីផ្សារអាស៊ាន យើងមិនអាចឃាត់គេបានទេ»។
តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត មានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣ ៤៨៩ ហិកតា មានឃ្លាំងស្តុកអំបិលចំនួន ៥៦០ កន្លែង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១ ៤៧៤ នាក់ ហើយកសិដ្ឋានផលិតអំបិលក្នុងខេត្តដំណើរការបានរយៈពេល៤ ទៅ ៦ខែក្នុង១ឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០០ ០០០ តោនក្នុង១ឆ្នាំ៕