​សៀមរាប​: ការប្រកួតប្រជែង​សរសេរ​តាម​អាន «​សំណេរ​​អង្គរ​» បាន​រកឃើញ​ម្ចាស់​ពាន​ជា​លើកដំបូង ដែល​រៀបចំឡើង​នៅលើ​ស្ពាន​ហាល​ដ៏​ពិសិដ្ឋ​នៅខាងមុខ​ប្រាសាទ​អង្គរវត្ដ ក្រោម​ប្រធានបទ «​អង្គរ អាណាចក្រ​អរិយធម៌​ខ្មែរ​» ដោយមាន​បេ​ក្ខ​​ជន​ចូលរួម​ជាង ៧០០ នាក់​។​

​បេក្ខជន​ម្ចាស់​ជយលាភី​លេខ ១​ ​ចេង រតនា អាយុ​ ២៨ ​ឆ្នាំ បានទទួល​រង្វាន់​សំបុត្រ​យន្ដហោះ​ភ្នំពេញ​-​បាងកក​ ១ ​សន្លឹក ការ​ស្នាក់នៅ​សណ្ឋាគារ ២​ យប់​សម្រាប់​មនុស្ស ២​ នាក់ ថវិកា ១ ​លាន ២​ សែន​រៀល និង​ពាន​ថ្ម​លាប​ពណ៌​មាស ឆ្លាក់​ដោយ​សិប្បករ​អង្គរ​។​

​យោងតាម​លោក លី ប៊ុន​ហុក ជា​អ្នករៀបចំ​កម្មវិធី បានឱ្យដឹងថា បេក្ខជន​ជយលាភី​សរសេរ​ខុស​តែ​ ២​ ពាក្យ​ប៉ុណ្ណោះ​។ បេក្ខជន​ម្ចាស់​ជយលាភី​លេខ ២ វ៉ន វី​ដា បានទទួល​រង្វាន់ ​ការ​ស្នាក់នៅ​សណ្ឋាគារ ២​ យប់​សម្រាប់​មនុស្ស ២ ​នាក់ ថវិកា ៨០ ម៉ឺន​រៀល និង​ពាន​ថ្ម​ឆ្លា​ក់ដោយ​សិប្បករ​អង្គរ​។​

​រីឯ​ការ​ស្នាក់នៅ​សណ្ឋាគារ ៣ យប់​សម្រាប់​មនុស្ស ២ នាក់ និង​ថវិកា ៤០ ម៉ឺន​រៀល ជាមួយ​ពាន​ថ្ម​ឆ្លា​ក់ដោយ​សិប្បករ​អង្គរ បេ​ក្ខ​នារី​ម្ចាស់​ជយលាភី​លេខ ៣ យ៉ោ​ប សុ​ឃា​ក់ អាយុ ៣៦​ឆ្នាំ ជា​អ្នក​នៅ​សៀមរាប​។​ ​បេក្ខជន​ជាង ៧០០ ​នាក់​ដែល​បង្ហាញ​វត្ដ​មាន​នៅលើ​ស្ពាន​ហាលមុខ​ប្រាសាទ​អង្គរ មាន​ចាប់ពី​កុមារ​អាយុ ៨​ ឆ្នាំ រហូតដល់​វ័យ​ចំណាស់​អាយុ​ជាង ៦៧ ​ឆ្នាំ​។

​លោកស្រី ភឿង ស​កុ​ណា រដ្ឋ​​មន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ ​២០២៤ ថា ការ​ប្រារព្ធ​នៅមុខ​ទីលាន​អង្គរ ដែល​ដូនតា​ខ្មែរ​បាន​កសាង​សម្រាប់​កូនចៅ​ខ្មែរ​ទាំងអស់គ្នា​។​

​លោកស្រី បានឱ្យដឹងថា​៖ «​អក្សរ​មានការ​ប្រែប្រួល តែ​ជានិច្ច​កាល ប្រជាជន​ខ្មែរ​របស់​យើង​បាន​ប្រឹងប្រែង​ថែរក្សា​អក្សរ​​សាស្ដ្រ​ជាតិ​តាំងពីដើម​រៀងមក រហូតដល់​សម័យ​អាណានិគម​បារាំង ដែលមាន​និន្នាការ​កែប្រែ​អក្សរ​ខ្មែរ​ទៅជា​អក្សរ​ឡាតាំង​។ ប្រជាជន​របស់​យើង ព្រះសង្ឃ​របស់​យើង​ខិតខំ​ថែរក្សា​អក្សរ​សាស្ដ្រ​ជាតិ​រហូតមក​ដល់ពេលនេះ​។ ដូច្នេះ អក្សរ​គឺជា​អត្ដ​សញ្ញាណ​ជាតិ​។ ជនជាតិ​មួយ នៅពេល​អក្សរសាស្ដ្រ​ត្រូវបាន​លើកកម្ពស់ ព្រលឹង និង​អក្សរ​របស់​ជនជាតិ​នោះ នៅតែ​ស្ថិត​ស្ថេ​រ​ជានិច្ចកាល​»​។​

​លោកស្រី ស​កុ​ណា ដែល​ដើរ​​តួ​ជា​អ្នកអាន​អត្ថបទ​សម្រាប់​បេក្ខជន​សរសេរ​តាម បាន​បន្ដថា កូន​ខ្មែរ​ត្រូវ​បន្ដ​ថែរក្សា​អក្សរ​សាស្ដ្រ​ជាតិ កុំឱ្យ​បាត់បង់​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​។ លោកស្រី បាន​កោតសរសើរ​បេក្ខជន​ទាំងអស់ ដែល​បាន​ចូលរួម «​សំណេរ​អង្គរ​» ក្នុងថ្ងៃនេះ​។​

​លោក​ លី ប៊ុន​ហុក ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​កម្មវិធី​ប្រកួតប្រជែង​នេះ​ម្នាក់ បាន​ថ្លែង​មុនពេល​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​ថា ក្រសួង មន្ទីរ និង​ក្រុមហ៊ុន​ឯកជន ដែល​ឧបត្ថម្ភ​ព្រឹ​ត្ដិ​ការណ៍​នេះ​មានបំណង​ចង់​បង្កើតជា​ចលនា​ថ្នាក់ជាតិ​មួយ​។​

​លោក​ថា​៖ «​វា​ជា​ព្រឹ​ត្ដិ​ការណ៍​សតិសម្បជញ្ញៈ របស់​សិស្ស​-​និស្សិត និង​មហាជន​ទូទៅ​ឱ្យ​ប្រុងប្រយ័ត្ន យក​ចិ​ត្ដ​ទុកដាក់​លើ​ការសរសេរ​អក្ខរាវិរុទ្ធ​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ​ពី​ព្រោះ​ភាសា​គឺជា​អត្ដ​សញ្ញាណ​ជាតិ ដែល​មិនអាច​មើលរំលង​បាន​»​។​

​ក្រៅពី​អ្នកឈ្នះ​ទាំង ៣ កម្ម​​វិធី​ក៏មាន​រង្វាន់​ជាច្រើន​ទៀត រួមមាន បេក្ខជន​វ័យក្មេង​បំផុត​អាយុ ៨ ឆ្នាំ បេ​ក្ខ​នារី​ចាស់​បំផុត​អាយុ ៦៧ ​ឆ្នាំ បេក្ខជន​សរសេរ​អក្សរ​ស្អាត​ជាងគេ​ចំនួន ៣ នាក់ និង​រង្វាន់​លួង​ចិ​ត្ដ ២២ រង្វាន់​។

​កុមារី ស៊​ត់ ចន្ថា រៀន​ថ្នាក់​ទី ៧ នៅ​សាលា​អនុវិទ្យាល័យ​ម៉ូត វ៉ា​នី ជា​បេក្ខជន​ក្មេង​បំផុត​ម្នាក់ បាន​និយាយ​ពី​ចំណាប់អារម្មណ៍​ថា កុមារី​មានបំណង​ចង់​សាក​ល្បង​ការសរសេរ​តាម​អាន​របស់ខ្លួន​និង​ទទួលបាន​បទពិសោធន៍​ពី​ការចូលរួម​ប្រកួតប្រជែង​សរសេរ​តាម​អាន​នេះ​។​ ​កុមារី ចន្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ចង់​ប្រកួត​នេះ ដោយ​ចង់បាន​បទពិសោធន៍ និង​បាន​បង​ជួយ​ដាក់​ការចូលរួម​នេះ​ឱ្យ​»​។​

​គ្រង​អាវយឺត​ពណ៌​ពងមាន់ តែ​ខុសពី​បេ​ក្ខ​នារី​ទូទៅ​ដែល​ស្លៀក​​សំពត់ ឬ​ខោ​ខូវប៊យ យុវតី ថន កេស​សរ អាយុ ​១៩​ ឆ្នាំ មកពីខេត្តព្រៃវែង ​ជា​និស្សិត​ផ្នែក​ភាសា​វិទ្យា​ស្លៀក​ក្បិន​ យ៉ាង​ស្រស់​សោភា​ចូលរួម​​​ប្រកួត​​​សរសេរ​តាម​អាន «​សំណេរ​អង្គរ​»​ ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ទាំង​អក្សរ​សាស្ត្រ និង​ប្រពៃណី​ដ៏​ផូរផង់​នៃ​ជាតិខ្មែរ​។​

​យុវតី បាន​និយាយថា ៖   «​ចំពោះ​ការចូលរួម​ប្រកួត ដោយ​សារ​ខ្ញុំ​ស្រឡាញ់​អក្សរសាស្ដ្រ​ខ្មែរ ការសរសេរ​តាម​អាន និង​ចង់ដឹង​អំពី​សមត្ថភាព​របស់ខ្លួន​ឯង​បាន​កម្រិតណា​ដែរ​»​។

ដោយមាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​បុរាណ កញ្ញា កេស​សរ បង្ហាញ​ឈុត​ក្បិន​ប្រពៃណី ជា​មួយ​គម្រោង​ចង់បង្ហាញ​ដល់​យុវ​ជន​ត្រូវមាន​មោទនភាព និង​ហ៊ាន​គ្រង​ឈុត​បែប​ប្រពៃណី​ចូលរួម​ក្នុង​កម្មវិធី​បែប​ប្រពៃណី​នេះ ជាពិសេស​នៅ​តំបន់​ប្រាសាទ ដើម្បី​ជាការ​លើកស្ទួយ​វប្បធម៌​ខ្មែរ​។

​លោក លាង សេង​ហាក់ អនុ​​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បានឱ្យដឹងថា ការ​រៀបចំ​ប្រកួត​សរសេរ​តាម​អាន​មានការ​ចូលរួម​រៀបចំ​ពី​ក្រសួង​អប់រំ អគ្គលេខាធិការ​រដ្ឋសភា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​អប្សរា និងមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ដ​សៀមរាប​។

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយ​បញ្ចប់​ការប្រកួត​ថា​៖ «​ការរៀប​ចំនេះ គឺ​ដើម្បី​បំផុស​ឱ្យ​យុវជន និង​មហាជន​យើង យក​​ចិ​ត្ដ​ទុកដាក់​ចំពោះ​ការសរសេរ ជាពិសេស ផ្ដោតលើ​អក្ខរាវិរុទ្ធ​។ យើង​មាន​ទិវា​អំ​ណាន​ជាតិ​ហើយ នៅ​ថ្ងៃទី​ ១១ ខែមីនា តែ​យើង​អត់​ទាន់​មាន​ទិវា​សម្រាប់​សរសេរ​»​។ លោក​បាន​បន្ថែមថា កា​រៀប​ចំនេះ ផ្ដោត​ជាពិសេស​ផងដែរ ចំពោះ​យុវជន និង​មហា​ជន​នៅលើ​បណ្ដាញ​សង្គម ដែល​ប្រើប្រាស់​ភាសា​ខ្មែរ​មិនបាន​ត្រឹមត្រូវ​។​

​លោក សេង​ហាក់ បាន​ថ្លែងថា​៖ «​កំហុស​ជា​ទម្លាប់​បន្ដិច​បន្ដួច​អាច​ប្រែ​ក្លាយទៅជា​កំហុសឆ្គង​ធ្ងន់ធ្ងរ ដែល​កូន​ខ្មែរ​ជំនាន់​​ក្រោយៗ​អនុវត្ដ​តាម​ដោយ​មិនដឹង​ខ្លួន​»​។​

​លោក​ថ្លែង​ដោយ​ក្ដី​រំពឹងថា កម្មវិធី​ដ៏​ល្អ​នេះ​នឹង​អាច​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ឆ្នាំ​បន្ដបន្ទាប់​ដើម្បីឱ្យ​កូន​ខ្មែរ​កាន់តែ​មានការ​​ចូលរួម និង​យល់ច្បាស់​អំពី​អក្សរសាស្ដ្រ​ជាតិ​៕

បេក្ខជន​ជាង ៧០០ ​នាក់​ចូល​រួម​ប្រកួត​សរសេរតាមអាន «សំណេរអង្គរ» ធ្វើ​ឡើងនៅលើស្ពានហាល​មុខ​ប្រាសាទអង្គរវត្ដ​នៅថ្ងៃទី​ ២១ មករា។ហេង ជីវ័ន