ភ្នំពេញៈ កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ចំនួន ៣ ជាមួយក្រុមហ៊ុនធំៗរបស់បារាំង ៤ ទាក់ទងនឹងវិស័យថាមពល ខណៈក្រសួងអះអាងថា MoU អនុស្សរណៈនេះនឹងជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការងារប្រសិទ្ធភាពថាមពល ដែលប្រទេសទាំង ២ បាននិងកំពុងធ្វើរួមគ្នា។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ស្តីអំពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅសហព័ន្ធស្វ៊ីស របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក តាន់ ហ្សង់ ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកការបរទេស បានឱ្យដឹងថា កម្ពុជា-បារាំង មានជំហររួមគ្នានៅចំពោះមុខភាពចាំបាច់នៃការជំរុញការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យបានកាន់តែច្រើន និងកាន់តែឆាប់រហ័ស។
លោកបន្ថែមថា នាឱកាសនៃដំណើរទស្សនកិច្ចនោះ ភាគីកម្ពុជា និងក្រុមហ៊ុនបារាំងមួយចំនួនបានចុះអនុស្សរណៈយោគយល់គ្នា ចំនួន ៣ ក្នុងនោះរួមមាន ទី១.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogene de France SA ស្ដីពីការសិក្សាសមិទ្ធិលទ្ធភាព និងអភិវឌ្ឍន៍គម្រោងអីដ្រូសែនទំហំ ១០ មេហ្គាវ៉ាត់សម្រាប់វិស័យអគ្គិសនីនៅកម្ពុជា, ទី២. អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Electricite de France SA ស្តីពីការកំណត់អត្តសញ្ញាណកម្ម និងអភិវឌ្ឍន៍គម្រោងថាមពលបូមទឹកស្តុកទុកនៅកម្ពុជា និងទី៣. អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន VINCI Construction Grands Projets និងក្រុមហ៊ុន Sage Engineering ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងបំប្លែងសំរាមរបស់លំនៅឋានទៅជាអគ្គិសនី សម្រាប់បញ្ចូលទៅក្នុងខ្សែច្រវាក់នៃការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «ចាប់ពីពេលនេះ ប្រទេសទាំង ២ មានជំហររួមគ្នាចំពោះមុខការប្រយុទ្ធទប់ទល់នឹងការកើនកម្តៅនៃភពផែនដី និងប្រយុទ្ធទប់ទល់នឹងភាពក្រីក្រក្នុងពិភពលោក។ កម្ពុជា និងបារាំងនឹងបន្តជំរុញការអភិវឌ្ឍការងារប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានជាអតិបរមា»។
លោកបន្តថា ជំហររួមទាំងនោះមានន័យថា ប្រទេសទាំង ២ មានប្រយោជន៍រួមគ្នាកាន់តែច្រើន ដូច្នេះកម្ពុជា-បារាំងអាចអង្គុយពិភាក្សាគ្នាកាន់តែត្រូវគ្នាលើការឯកភាពការបង្កើនល្បឿនអន្តរកាលថាមពល គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងចំណោមសំខាន់ៗចំនួន៤ នៃដំណើរទស្សនកិច្ចនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល ស្ដីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-បារាំង កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ក៏បានបញ្ជាក់ថា តាមរយៈការពង្រីកបន្ថែមនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពលរវាងកម្ពុជានិងបារាំងនេះនឹងបន្តជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការងារប្រសិទ្ធភាពថាមពល ដែលប្រទេសទាំង ២ បាននិងកំពុងរួមគ្នាអនុវត្ត ហើយក៏ជាការតម្រង់ទិសឆ្ពោះទៅរកការបង្កើនល្បឿនអន្តរកាលថាមពល ទាំងនៅកម្ពុជា និងក្នុងតំបន់។
សេចក្តីប្រកាសបានបន្តថា ការចូលរួមជាមួយសកលលោក ក្នុងគោលដៅដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍអន្តរកាលថាមពលមានភាពធន់ មានស្ថិរភាព តម្លៃសមរម្យ ជឿទុកចិត្តបាន និងធានាបាននូវសន្តិសុខថាមពលសម្រាប់ប្រទេស ព្រមទាំងមានចីរភាពសម្រាប់បរិស្ថានផងដែរ។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កាលពីចុងឆ្នាំ ២០២២ កម្ពុជាបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ដោយគោលនយោបាយជាតិនេះមានគោលដៅប្រើប្រាស់បច្ចេកវិទ្យាថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានក្នុងកម្រិត ២០ ភាគរយ នៅឆ្នាំ ២០៣៥។
លោកបញ្ជាក់ថា៖«យើងដឹងហើយថា បារាំងជាប្រទេសមានភាពរីកចម្រើនខ្លាំងគួរសមលើវិស័យថាមពល។ វាជាឱកាសល្អ ដែលយើងមានដៃគូសហការខ្លាំងលើវិស័យថាមពលនេះ ហើយវាក៏ជាពេលវេលាមួយដ៏សមស្របក្នុងការគិតគូរពីថាមពលបៃតង ព្រោះឥឡូវនេះរាល់ការអភិវឌ្ឍសេដ្ឋកិច្ច តែងមានការផ្សារភ្ជាប់នឹងបរិស្ថាន។ ខ្ញុំយល់ថា MoU ដែលកម្ពុជាចុះជាមួយក្រុមហ៊ុនបារាំងគឺពិតជាមានសារៈសំខាន់ខ្លាំង»៕