ភ្នំពេញៈ កម្ពុជា-បារាំង បានបង្ហាញការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំង ២ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ភាសា និងអន្តរកាលថាមពល ព្រមទាំងបានឯកភាពលើកកម្ពស់ទំនាក់ទំនងក្នុងគោលដៅធ្វើឱ្យសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រដើម្បីឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពស៊ីជម្រៅ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ២០ ខែមករា ស្តីពី «ជោគជ័យដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង និងការចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកនៅ ទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស»កាលពីថ្ងៃទី ១៦-១៩ ខែមករា ឆ្នាំ ២០២៤។
ជំនួបមេដឹកនាំកំពូលនៃប្រទេសបារាំង កម្ពុជា បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ដោយលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង ក៏បានរំឭកពីប្រវត្តិនៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-បារាំង។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ប្រធានាធិបតីបារាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កម្ពុជានៅក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ការប្រកាសគោលជំហរប្រឆាំងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនការបណ្តុះបណ្តាលជំនាញបោសសម្អាតមីនដល់ ប្រទេសអ៊ុយក្រែន ការពង្រឹង ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក។ ជាការកត់សម្គាល់ភាគីបារាំងបានសន្យាបន្តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ២១៥ លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីគាំទ្រដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងផលិតកម្មទឹកស្អាត។
ប្រភពដដែលឱ្យដឹងថា៖«នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំងដែលតែងតែផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជាដើម្បីស្តារ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ»។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងលោក ម៉ាក្រុង និងលោក ហ៊ុន ម៉ាណែត នាថ្ងៃទី ១៨ ខែមករា ឱ្យដឹងថា បារាំង និងកម្ពុជា បានស្វាគមន៍ចំពោះសម្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ តាមរយៈដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែនកាលពីខែធ្នូឆ្នាំ ២០២២ និងព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។
ជាមួយគ្នានោះដែរ ឥស្សរជនទាំង ២ បានអំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំងនិងកម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំង ២ ក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ និងបានប្ដេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីជំរុញការវិនិយោគ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ភាគីទាំង ២ បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី និងក្របខ័ណ្ឌ ពហុភាគី។ តួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាសកលក៏ត្រូវបានទទួលស្គាល់ផងដែរ។
សេចក្ដីថ្លែងការណ៍រួម បានសង្កត់ធ្ងន់ថា៖«បារាំងនិងកម្ពុជាបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំង ២»។
នៅក្នុងជំនួបពិភាក្សាការងារផ្លូវការជាមួយលោក ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី ១៨ ខែមករា (ម៉ោងនៅកម្ពុជា) លោកអេម៉ានុយអែល ម៉ាក្រុង បានថ្លែងស្វាគមន៍លោក ហ៊ុន ម៉ាណែត មកកាន់ប្រទេសបារាំងដើម្បីបន្តសរសេរប្រវត្តិសាស្ត្ររបស់ប្រទេសទាំង ២ ជាបន្តទៅទៀតដែលជាប្រវត្តិសាស្ត្រផ្អែកលើមិត្តភាពមិនចេះប្រេះស្រាំរវាងប្រជាជននិងប្រជាជន។
លោកបញ្ជាក់ថា៖ «ការបំពេញទស្សនកិច្ចរបស់សម្តេចនៅពេលនេះគឺជាឱកាសមួយដើម្បីបង្កើតគម្រោងថ្មីៗទៀតជាមួយនឹងក្រុមហ៊ុនយើងខ្ញុំហើយដែលសម្តេចបានមានឱកាសជជែកផ្លាស់ប្តូរយោបល់ជាមួយនឹងក្រុមហ៊ុនជាច្រើនជាពិសេសក្នុងវិស័យថាមពល ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ»។ ទន្ទឹមនឹងនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងនាឱកាសនោះដោយលោកបានបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរបស់កម្ពុជា និងប្រទេសបារាំង។
លោកមានប្រសាសន៍ថា ៖ «កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំងនៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជាដែលនាំទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ ១៩៩១ ដែលជាការរួមចំណែកយ៉ាងខ្លាំងរបស់បារាំងនៅក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិចាប់ពីពេលនោះមក»។
សារៈសំខាន់រវាងកម្ពុជា និងបារាំងក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក តាន់ ហ្សង់ ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេសបានថ្លែងនាសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី ២០ ខែមករា ថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត នាប្រទេសបារាំងកន្លងទៅនេះពិតជាព្រឹត្តិការណ៍មួយសំខាន់មែន ទែន សម្រាប់ទំនាក់ទំនងកម្ពុជា-បារាំងចាប់ពីពេលនេះតទៅ ក្នុងសម័យកាលថ្មី សករាជថ្មី។
លោកថ្លែងថា៖ «បារាំងជាមិត្តជិតស្និទ្ធជាងគេបង្អស់មួយរបស់កម្ពុជានៅអឺរ៉ុប បានផ្តល់កិត្តិយសដ៏ធំធេងហួសពីការស្មានដល់សម្តេចធិបតីនិងដល់ប្រទេសកម្ពុជាយើងក្នុងនោះថ្នាក់ដឹកនាំកំពូលបំផុតទាំងអស់របស់បារាំងសុទ្ធតែបានទទួលជួបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលក្នុងនោះមាន ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីថ្មីរបស់បារាំងផងដែរ»។
លោក បន្តថា នេះជាសារៈសំខាន់ ១ ទៀតដែលកម្ពុជា និងបារាំងបានរកឃើញនូវជំហររួមច្រើនមិនដែលមានឡើយក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ រាប់ចាប់ពីឆ្នាំ ១៩៩៣ មក ដែលជំហររួមគ្នាទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងទាំងក្នុងក្របខ័ណ្ឌអន្តររដ្ឋកម្ពុជា-បារាំង។
កម្ពុជា និងបារាំង មានផលប្រយោជន៍រួមគ្នាកាន់តែច្រើនដូចមានចែងជាក់ស្តែង និងជាលាយលក្ខណ៍អក្សរនៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោយជំនួបរវាងលោកហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង។ ជំហររួមរវាងកម្ពុជានិងបារាំង រួមមាន៖សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន, ចក្ខុវិស័យនៃការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំង ២ និងការពង្រឹងទំនាក់ទំនង រវាងបារាំងនិងអាស៊ាន, ការពង្រឹងពហុភាគីនិយមនិងសហប្រតិបត្តិការដើម្បីរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងពិភពលោក និងអាស៊ី រួមនឹងជំហររួមគ្នានៅចំពោះមុខ្រហ្វង់កូហ្វូនី និងតម្លៃន្រៃហ្វង់កូហ្វូនីជាដើម។
លោក តាន់ ហ្សង់ ហ្រ្វង់ស័រ បញ្ជាក់ថា៖«ជំហររួមទាំងនេះ បានបង្ហាញឱ្យឃើញភ្លាមៗនូវលទ្ធផលធំៗ ចំនួន ៤ ក្នុងនោះមាន៖ កិច្ចការនយោបាយ វប្បធម៌និងភាសា វិស័យថាមពល និងក្នុងកិច្ចការសេដ្ឋកិច្ច ដែលកម្ពុជានិងបារាំង បន្ដពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្ដោតលើវិនិយោគនិងពាណិជ្ជកម្ម»។
មួយវិញទៀត ទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលជួបក្រុមហ៊ុនមិនត្រឹមតែបារាំងទេ ថែមទាំងបានជួបក្រុមហ៊ុនមកពីចិន សិង្ហបុរី អាមេរិក ហើយទស្សនកិច្ចនេះ ក៏មានភាពជោគជ័យនៃការសំណេះសំណាលរវាងលោក ហ៊ុន ម៉ាណែត និងសហគមន៍ខ្មែរនៅអឺរ៉ុបប្រកបដោយភាពសប្បាយរីករាយដែរ។
ការទាក់ទាញអ្នកវិនិយោគលោកហ៊ុន ម៉ាណែតបានលើកឡើងនៅចំពោះមុខលោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី ១៨ ខែមករា ដោយមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជននៅក្នុងផ្នែកវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំង ២ បានកើនឡើងជាលំដាប់នៅលើគ្រប់វិស័យ។ លោកសង្កត់ធ្ងន់ថា៖«ក្នុងន័យនេះ ខ្ញុំចង់ឃើញ
ទំនាក់ទំនងផ្នែកវិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសយើងទាំង ២ កាន់តែមានការកើនឡើង នៅក្នុងទំហំនៃទំនាក់ទំនងរបស់យើងមានការកើនឡើងទ្វេដងថែមទៀត»។
លោកបន្ថែមថា ៖ «ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយនឹងប្រធានាធិបតីនឹងអាចឱ្យយើងជជែកគ្នានៅក្នុងកិច្ចការងារដែលត្រូវបន្តទៅទៀត នៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានលើកឡើងដែរថា លោក ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន ១១០ ក្នុងនោះ ៨០ ក្រុមហ៊ុនមកពីប្រទេសបារាំង និង ៣០ ក្រុមហ៊ុនមកពីប្រទេសកម្ពុជា។ វេទិកានេះមានគោលដៅស្វែងយល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបារាំងជាពិសេសការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច វិនិយោគនិងពាណិជ្ជកម្ម។
លោក ហ៊ុន ម៉ាណែត ក៏បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងលំដាប់អន្តរជាតិចំនួន ១១ ក្រុមហ៊ុនផងដែរ។ លោកនាយករដ្ឋមន្ត្រី ក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យ ឯកជនចំនួន ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាគាំទ្រដល់ធុរកិច្ច ប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជំនួបពាណិជ្ជកម្មសន្និសីទ សិក្ខាសាលានិងព្រឹត្តិការណ៍ធុរកិច្ច។
លោកតាន់ ហ្សង់ ហ្រ្វង់ស័របានថ្លែងឱ្យដឹងថា អ្នកវិនិយោគបរទេសបានមើលឃើញថា កម្ពុជានឹងក្លាយជាដៃគូពាណិជ្ជកម្មអន្តរជាតិ ពេញមុខពេញមាត់ដូចគេឯងដែរ ខណៈកម្ពុជាជាប្រទេសដែលនៅត្រូវការជំនួយបរទេសនៅឡើយ ក៏ប៉ុន្ដែកម្ពុជាកំពុងតែផ្លាស់ប្តូរ និងក្លាយទៅជាទីតាំងមួយនៃការវិនិយោគ។
លោកថ្លែងថា៖«បន្តិចម្តងៗកម្ពុជានឹងក្លាយទៅជាដៃគូពាណិជ្ជកម្មពេញមុខពេញមាត់ដូចគេឯងដែរ ឱ្យតែស្ថានភាពទូទៅក្នុងប្រទេសអំណោយផល។ ជនបរទេសខ្លះដែលចូលកម្ពុជា ដែលខ្លះមកកាលពី ១០ ឆ្នាំមុន និងមកដល់នាពេលបច្ចុប្បន្នមានការភ្ញាក់ផ្អើល ដោយឃើញកម្ពុជា ផ្តើមរីកលូតលាស់លឿនរហ័ស។ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺជាកំណើនសេដ្ឋកិច្ចដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន នៅក្នុងឆ្នាំ ២០២៣ កន្លងទៅ»។
លោកបន្តថា នៅក្នុងស្មារតីសាមគ្គីភាពជាតិ ទោះបីមានភាពមមាញឹកយ៉ាងណាក៏ដោយលោក ហ៊ុន ម៉ាណែត និងភរិយាក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង ២ ពាន់នាក់ ដែលជំនួបនេះ ក៏មិនខុសពីគន្លងរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែរ គឺដើម្បីស្វែងយល់ពីសុខទុក្ខ និង
តម្រូវការចាំបាច់នានារបស់ពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុប ព្រមទាំងផ្តល់ព័ត៌មានពីស្ថានភាពជាទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមាតុប្រទេស។
បារាំង-កម្ពុជាលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្របារាំងនិងកម្ពុជាបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវ ភាពជាដៃគូយុទ្ធសាស្ត្រ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំង ២។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ក៏បានលើកឡើងឱ្យដឹងដែរថា ទាំងនេះគឺជាសក្ខីភាពដ៏វិសេសវិសាលចំពោះសក្ដានុពលថ្មីនៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងក្នុងរយៈពេលជាង ១៨០ ឆ្នាំ។ ក្រសួងការបទេសបញ្ជាក់ថា៖«ដោយកត់សម្គាល់ឃើញនូវសម្ទុះរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ថ្នាក់ដឹកនាំទាំង ២ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធយូរអង្វែងរវាងប្រទេសទាំង ២»។
ប្រភពដដែលបន្តថា ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ភាគីកម្ពុជា និងបារាំងបានផ្ដោតសំខាន់ទៅលើការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ
រវាងប្រទេសទាំង ២ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេសទាំង ២ និងបានប្តេជ្ញាបន្តរឹតចំណងរវាងក្រុមមិត្តភាពនៃសភាទាំង ២ ថ្នាក់របស់ ប្រទេសទាំង ២។ ភាគីទាំង ២ ក៏បានបង្ហាញពីឆន្ទៈមោះមុតក្នុងការជំរុញកិច្ចការទូតសភាតាមរូបភាពនៃការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំសភា ដើម្បីចែករំលែកបទពិសោធន៍ការងារសភា និងធ្វើកិច្ចសហ ប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតសមាជិកតាមតំបន់ក៏ដូចជាកម្រិតអន្តរជាតិ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងមកដល់ពេលនេះកំពុងតែមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតនេះដែរ ភាគីទាំង ២ កាន់តែខិតជិតគ្នាឡើង និងបានឯកភាពគ្នា មានទស្សនៈរួមគ្នាលើបញ្ហាធំៗជាច្រើនរាប់ទាំងបញ្ហាដែលជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាដែលជាកង្វល់រួមនៅក្នុងកម្រិតតំបន់ និងសកលលោក។
លោក គិន ភា បញ្ជាក់ថា ៖ «ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ដែលនឹងដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យទៅជាភាពដៃគូជាយុទ្ធសាស្ត្រនេះ ខ្ញុំគិតថា ជាកាលានុវត្តភាពសម្រាប់កម្ពុជា ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
លោកក៏បង្ហាញក្តីសង្ឃឹមផងដែរថា តាមរយៈការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២ ក្នុងការដំឡើងទំនាក់ទំនងនៃប្រទេសទាំង ២ នេះ គឺនឹងធ្វើឱ្យកម្ពុជាកាន់តែមាន
ពិពិធភាពនៅក្នុងនយោបាយការទូតរបស់ខ្លួន ហើយបារាំងនឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ឬបស្ចិមលោកដំបូងគេដែល ដំឡើងកម្រិតទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា៕