ភ្នំពេញៈ លោក​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តាំផ្ញើ​ដល់​សមាជិក​សមាជិកា​ប​ក្ស​ដែល​កំពុង​បម្រើ​ការងារ​ជូន​រដ្ឋាភិបាល​ទាំង​នៅតាម​ក្រសួង ស្ថាប័ន និង​អាជ្ញា​​ធរ​មូលដ្ឋាន​ត្រូវខិតខំ​បំពេញការងារ​រៀងៗ​ខ្លួន​បម្រើ​ប្រជា​ពលរដ្ឋ​ឱ្យបាន​ល្អ និង​រួមគ្នា​រក្សា​ឱ្យបាន​សន្តិភាព ស្ថិរភាព​សង្គម ទោះ​ត្រូវ​បង់ខាត​ក្នុងតម្លៃ​ណាក៏ដោយ​។​

​ការ​ផ្តាំផ្ញើ​នេះ​ធ្វើឡើង​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​សមា​ជិ​ក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ប្រមាណ​ជិត​ ​៣ ០០០ ​នាក់ កាលពី​ថ្ងៃទី ​២០ ខែមករា ឆ្នាំ ២០២៤ នៅ​វិមាន ៧ ​មករា​។ នេះ​បើ​យោងតាម  ​ខ្លឹមសារ​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​​ប៊ុ​ក​របស់លោក​ហ៊ុន សែន​។​

​ក្នុង​ពិធី​នេះដែរ លោក​ ហ៊ុន សែន បាន​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់​សមាជិក​គណ​បក្ស​ប្រជាជន និង​បាន​លើក​ឡើង​ពី​សមិទ្ធផល​នានា​នៅ​គ្រប់​អាណត្តិ ជាពិសេស​ក្នុង​អា​ណ​ត្តិ​ទី​៦ ​និង​ទី៧ ​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយបាន​រក្សា​សន្តិ​ភាព សណ្តាប់ធ្នាប់ ស្ថិរភាព​សង្គម ហើយ​អាច​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​ ១៩ បានល្អ ព្រម​ទាំង​បាន​ធានាបាន​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ​និង​វិបត្តិ​សេដ្ឋកិច្ច​សកល រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​​កម្ពុជា​បាន​បង្កើត​នូវ​គោល​នយោបាយ​ជួយ​ដល់​ប្រជា​​ពលរដ្ឋ​តាមរយៈ​ការផ្ដល់​សាច់​​ប្រាក់ ក៏ដូចជា​ជំនួយ​ផ្សេងៗ​ជាច្រើន​ទៀត​»​។​

​ជាមួយគ្នា​នោះដែរ លោក ​ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​សមា​ជិ​កប​ក្ស​ដែល​កំពុង​បំពេញ​ការ​ងារ​នៅ​ស្ថាប័នរដ្ឋ​និង​នៅតាម​ស្ថាប័ន​នានា​ត្រូវ​រួមគ្នា​រក្សា​សន្តិ​ភាព ស្ថិរភាព​សង្គម ទោះ​លះបង់​ក្នុងតម្លៃ​ណា​ក្តី ដើម្បី​ធានា​កំណើន​ម៉ាក្រូសេដ្ឋកិច្ច ហើយ​ត្រូវអនុវត្ត​ឱ្យ​បានល្អ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ក្នុង​អាណត្តិ​ទី៧​ នេះ​។​

​ទន្ទឹមនឹងនេះ លោក​ក៏​ផ្តាំផ្ញើ​ដល់​សមាជិក​ដែល​កំពុងធ្វើការ​ងារ​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​យកចិត្តទុកដាក់ រក្សា​សណ្តាប់​ធ្នាប់ ដោយ​អនុវត្ត​នូវ​គោល​​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា​ចោរឆក់ ចោរប្លន់ និង​ការជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​ត្រូវ​យកចិត្តទុកដាក់​ជួយ​ទៅលើ​ជីវភាព​ប្រជាពលរដ្ឋ និង​ផ្តល់នូវ​សេវាសាធារណៈ រួម​​មាន​សេវា​តម្រូវ​ការចាំបាច់​ទាំង​ឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវខិតខំ​បំបាត់​ឱ្យអស់​នូវ​ភាព​​អសកម្ម​នានា​»​។​

​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២១ មករា​ថា ការជួបជុំ​សំណេះសំណាល​រវាង​ប្រមុខ​គណបក្ស​ជាមួយ​សមាជិក​សមាជិកា ជាពិសេស​ក្រុមប្រឹក្សាឃុំ សង្កាត់​នេះ​ គឺ​ដើម្បី​ជំរុញ​ស្មារតី​សមាជិក​ខ្លួន​ឱ្យ​ត្រៀមលក្ខណៈ​ល្អប្រសើរ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខាងមុខ និង​ដើម្បី​លើកឡើង​ពីស​មិទ្ធ​ផល​ដែល​ខ្លួន​បាន​សាង​ឡើង​កន្លងទៅ​ផង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សមិទ្ធ​ផល​របស់​សម្តេច​តេ​ជោ​លើកឡើង​ក្នុង​អង្គពិធី ​គឺជា​ការពិត​ជាក់ស្តែង​នៃ​ស្នាដៃ​របស់​គណបក្ស​ប្រជាជន កម្ពុជា​នៅក្នុង​ការដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការរីកចម្រើន បម្រើ​ផលប្រយោជន៍​កម្ពុជា​យើង​ទូទាំងប្រទេស​។ ដូច្នេះហើយ ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​លើសលប់ លើសពី​ ៧០ ​ភាគរយ​ ៨០​ ភាគរយ​ទៅហើយ​»​។​

​លោក​ សុខ ឥសាន បាន​បន្ថែមថា ជំនួប​នេះ​ក៏​ជាការ​បង្ហាញ​ពី​មោទនភាព​នៃ​ភាពជា​អ្នកដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ទៅដល់​បណ្តា​សមា​ជិ​ក សមាជិកា​របស់ខ្លួន​៕​