កោះកុងៈ អភិបាលខេត្តកោះកុងបានសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីជួយសម្រួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរដែលឆ្លងកាត់ព្រំដែន។
សេចក្ដីសម្រេចដែលចុះហត្ថលេខាដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចនេះ មានលោកស្រីផ្ទាល់ធ្វើជាប្រធាន អមដោយអនុប្រធានចំនួន ២ រូប និងសមាជិកជាច្រើនរូបទៀតផងដែរ។
លោកស្រី មិថុនា ភូថង បានឱ្យដឹងតាមរយៈសេចក្តីសម្រេចនេះថា អនុគណៈកម្មការចំពោះកិច្ចនេះមានតួនាទីក្នុងការជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនឱ្យជួយសម្រួលដំណើរការចេញ-ចូលរបស់ពលករខ្មែរឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ អនុគណៈកម្មការក៏មានភារកិច្ចចុះពិនិត្យសិក្សា និងវាយតម្លៃពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ-ចូលនៅច្រកទ្វារព្រំដែនក៏ដូចជាដាក់ចេញវិធានការចុះប្រតិបត្តិការឬចេញសេចក្ដីណែនាំដើម្បីលុបបំបាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ-ចូលនៅច្រកទ្វារព្រំដែនផងដែរ សំដៅជួយសម្រួលដល់ពលករដែលនៅតាមព្រំដែន។
លោកស្រីបញ្ជាក់ថា៖ «អនុគណៈកម្មការចំពោះកិច្ចនេះ ក៏មានភារកិច្ចទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន ជាពិសេសធ្វើការត្រួតពិនិត្យដើម្បីសម្រួលឱ្យពលករអាចទាក់ទងនិងរាយការណ៍ភាពមិនប្រក្រតី ការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ធក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ»។
លោកស្រី មិថុនា ភូថង បានឱ្យដឹងទៀតថា ក្រៅពីនេះ អនុគណៈកម្មការ មានតួនាទី និងភារកិច្ចសិក្សាស្រាវជ្រាវលើប្រភពបញ្ញានិងរៀបចំឱ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់ភាពមិនប្រក្រតីនានាដែលបង្កការរំខានដល់ដំណើរចេញ-ចូលឬប៉ះពាល់ផលប្រយោជន៍របស់ពលករខ្មែរនៅតាមព្រំដែន។
ដោយឡែក លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងនៅថ្ងៃទី ២១ ខែមករាថា គោលបំណងសាធារណៈនិងភារកិច្ចនៃអនុគណៈកម្មការនេះមិនមែនជារឿងអាក្រក់ទេ ប៉ុន្តែវាជាចេតនាល្អ ពីព្រោះនឹងត្រូវដោះស្រាយរាល់បញ្ហារបស់ពលករដែលធ្វើដំណើរចេញ-ចូលនៅតាមច្រកព្រំដែនអន្តរជាតិ។
លោកបន្តថា ទោះបីជាក្នុងគោលបំណងល្អក៏ពិតមែន តែការអនុវត្តជាក់ស្ដែងនៅពេលមានអនុគណៈកម្មការ ១ ឬក៏ ២ គឺចាប់ផ្ដើមកើនបន្ទុកដល់ពលករថែមទៀត ក្នុងន័យថា តម្រូវឱ្យពលករត្រូវចំណាយច្រើនទៅលើសេវាខាងផ្នែកនេះផង ខាងផ្នែកនោះផងជាដើម។
លោកបានថ្លែងថា៖ «នៅពេលឆ្លងដែនម្ដងៗតែងតែឮពីពលករថាមានការចំណាយច្រើនទៅលើសេវានេះ សេវានោះ។ ដូច្នេះប្រសិនបើការបង្កើតអនុគណៈកម្មការនេះ បានអនុវត្តជាក់ស្ដែងទៅតាមភារកិច្ចទាំងនោះ គឺមិនមានបញ្ហានោះទេ ប៉ុន្តែសុំកុំយកឱកាសហ្នឹងទៅប្រព្រឹត្តអំពើពុករលួយ ដាក់សម្ពាធទារលុយកាក់ពីពលករ អាហ្នឹងកាន់តែបង្កើនបន្ទុកដល់ពលរដ្ឋហើយ»។
លោក មឿន តុលា បានបន្ថែមថា ប្រសិនបើខេត្តព្រំដែនផ្សេងទៀត ត្រូវតែបង្កើតអនុគណៈកម្មការបែបនេះដែរ គឺលោកមិនទាន់យល់ស្របទាំងស្រុងឡើយ ពីព្រោះត្រូវរង់ចាំមើលពីការអនុវត្តរបស់ខេត្តកោះកុងសិន ថាតើវាចំណេញឬក៏ខាត ហើយបានជួយដល់ពលករពិតប្រាកដមែនដែរទេ?
សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជាដែលការបង្កើតគណៈកម្មការថ្នាក់ជាតិនេះ មានលោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើជាប្រធាន អមដោយអនុប្រធានប្រចាំការ ១ រូប អនុប្រធាន ២ រូប និងសមាជិកជាច្រើនរូបផ្សេងទៀត៕