​ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​កំពូល​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ដែល​ធ្វើឡើង​នៅ​សាធារណរដ្ឋ​អ៊ូ​ហ្គ​ង់​ដា តំណាង​ប្រទេស​កម្ពុជា​ បាន​ប្តេជ្ញា​​ចិត្ត​ប្រកាន់ខ្ជាប់​នូវ​ពហុភាគី​និយម និង​បន្ត​អនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ ដោយ​ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដោយ​ប្រឆាំងនឹង​ការគំរាមកំហែង​ដោយ​ការប្រើប្រាស់​កម្លាំង​ខណៈ​កម្ពុជា​ក៏បាន​អំពាវនាវ​ឱ្យ​ត្រឡប់មកវិញ​នូវ​យន្តការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។​

​លោក ហង់​ជួន ណា​រ៉ុ​ន ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​កំពូល​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​លើក​ទី​​ ១៩ នៅ​ទីក្រុង​កាំ​ប៉ា​ឡា សាធារណរដ្ឋ​អ៊ូ​ហ្គ​ង់​ដា​ថ្ងៃទី ​១៩-២០ ខែមករា ឆ្នាំ​ ២០២៤​។

លោក ហង់​ជួន ណា​រ៉ុ​ន បានលើកឡើង​តាមរយៈ​សុន្ទរកថា​របស់លោក​ថា កិច្ច​ប្រជុំ​នេះ​គឺជា​ការ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ ដែល​ផ្ដល់ឱកាស​ឱ្យ​យើងទាំងអស់គ្នា​ធ្វើការ​ឆ្លុះបញ្ចាំង​ពី​អតីតកាល និង​រៀបចំ​ផែនការ​សម្រាប់​ទិសដៅ​អនាគត​នៃ​ចលនា​មិន​ចូលបក្ស​ សម្ព័ន្ធ ទាំងអស់គ្នា​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​យើង​កំពុង​រស់នៅក្នុង​យុគសម័យ​នៃ​ការប្រកួតប្រជែង​មហាអំណាច​ម្ដងទៀត ហើយ​ក្នុងនាម​ជា​សមាជិក​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ តាំងពី​ឆ្នាំ​ ១៩៦១ កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទីក្រុង Bandung និង​គោលការណ៍​អនុម័ត​ដទៃទៀត​នៅក្នុង​កិច្ចប្រជុំ​កំពូល Havana ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​តួនាទី និង​ឋានៈ​ជា​វេទិកា​នយោបាយ​ដ៏​សំខាន់ ដែល​តំណាងឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​»​។ 

​លោក​បញ្ជាក់ទៀតថា​៖ «​កម្ពុជា​ប្តេជ្ញាចិត្ត​ប្រកាន់ខ្ជាប់​នូវ​ពហុភាគី​និយម​និង​បន្ត​អនុវត្ត​គោលនយោបាយ​ការ​បរ​ទេសឯក​រាជ្យ​ដូច្នេះ​យើង​ប្រឆាំងនឹង​ការប្រើប្រាស់​កម្លាំង ឬ​ការ​​គំរាមកំហែង​ដោយ​ការប្រើប្រាស់​កម្លាំង​ប៉ុន្តែ​កម្ពុជា​សូម​អំពាវនាវ​ឱ​ត្រឡប់មកវិញ​នូវ​យន្តការ​ដោះ​​ស្រាយ​វិវាទ​ដោយ​សន្តិវិធី​»​។​

​បើតាម​លោក ​ហង់​ជួន ណា​រ៉ុ​ន ជាង ​២ ​ទសវត្សរ៍​កន្លងផុត​ទៅ​កម្ពុជា​បានប្រែក្លាយ​ជ្រុង​មួយ​នៃ​ប្រវត្តិសាស្ត្រ ដោយបាន​ដោះស្រាយ​បញ្ចប់​ជម្លោះផ្ទៃក្នុង​ជា​ស្ថាពរ ហើយ​បាន​ពើបប្រទះ​នូវ​អនាគត​ដ៏​ភ្លឺស្វាង​របស់ខ្លួន​។ ជាមួយនឹង​ឆន្ទៈ​នយោបាយ​ដ៏​រឹង​មាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុ​វត្ត​កម្មវិធី​កំណែទម្រង់សេដ្ឋកិច្ច និង​សម្រេចបាន​កំណើន​សេដ្ឋ​​កិច្ច​ប្រចាំឆ្នាំ ៧% ក្នុង​រយៈពេល ​២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ដោយបាន​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​។​

​លោក ​ហង់​ជួន ណា​រ៉ុ​ន ថា​៖ «​យើង​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ត្បូង​ទល់​ត្បូង (South-South cooperation)​។ យើង​ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយគ្នា ដើម្បី​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ធានាបាន​នូវ​យុត្តិធម៌​សង្គម​។ យើង​ចាំបាច់​ត្រូវ​ចែករំលែក​ចំណេះដឹង បច្ចេកវិទ្យា និង​ធនធាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា និង​សម្រេចបាន​នូវ​គោលដៅ​រួម​»​។

​លោក​ យង់ ពៅ អគ្គលេខា​ធិ​​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាន​ថ្លែងថា ការតាំង​ចិត្ត​របស់​ក​ម្ពុ​ជានា​ពេលនេះ គឺ​ស័ក្តិសម​ទៅតាម​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថាន​ការណ៍​ពិភពលោក​។

លោក​ថា​៖ «​ប្រសិនបើ​កម្ពុជា​មិន​ប្រកាន់​គោលការណ៍​ពហុភាគី​និយម​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ឯករាជ្យ​នោះទេ កម្ពុជា​នឹង​ទទួលរង​គ្រោះ​ក្នុង​រយៈពេល​កន្លងមក​»​។ 

​លោក​បានលើកឡើង​ទៀតថា រឿង​មួយ​ដែល​ពិភព​​លោក​មិនគួរ​បណ្តែតបណ្តោយ​ឱ្យ​ប្រទេស​ដែលមាន​អំណាចរំលោភបំពាន​ប្រទេស ឬ​រដ្ឋ​ដែលមាន​អំណាច​ខ្សោយ​ជាង ដូច្នេះ​ការប្រកាន់​ខ្ជាប់​នូវ​ពហុភាគី​និយម​មាន​សារៈសំខាន់​។​

​ពាក់ព័ន្ធ​តួនាទី​កម្ពុជា​លើ​ឆាក​អន្តរជាតិ​វិញ​លោក​ យង់ ពៅ មើលឃើញថា មួយរយៈ​កន្លងមកនេះ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ ដើម្បី​រក្សា​ថែរក្សា​សន្តិ​ភាព​ពិភពលោក និង​សណ្តាប់​ធ្នាប់​តំបន់​ដូចគ្នា​។

លោក​ថា​៖ «​តួនាទី​កម្ពុជា​កាន់តែ​មាន​សារៈ​សំខាន់​ដូច្នេះ​ការអំពាវនាវ​របស់​ក​ម្ពុ​ជានា​ពេលនេះ ពិតជា​មានតម្លៃ​នៅក្នុង​សារ​នយោបាយ​អន្តរជាតិ​»៕