មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានទទួលថវិកាចំនួន ៥០ ០០០ ដុល្លារអាមេរិក ជាព្រះរាជអំណោយ របស់ព្រះមាតាជាតិខ្មែរ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងាររំដោះមីន ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាផ្ដល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់ការបង្កបង្កើនផល។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន ៥០ ០០០ ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុការងាររបស់អង្គភាពលោក។
លោកបានឱ្យដឹងថា៖ «ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតនាពេលនេះ ក៏ដូចជានាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិ ភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍសហគមន៍មូលដ្ឋាន»។
លោក ហេង រតនា បានបន្ថែមថា ព្រះរាជអំណោយនេះ បានបង្ហាញពីព្រះរាជហឫទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់របស់អង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
ដោយឡែកនៅថ្ងៃទី២២ ខែមករា ដែរ លោក ហេង រតនា ក៏បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន ៤ ប្រទេស ដែលដឹកនាំដោយលោកស្រី Eric Komukai ទីប្រឹក្សាជាន់ខ្ពស់តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ រួមមាន ប្រទេសស៊ូដង់ខាងត្បូង ប្រទេសសូម៉ាលី ប្រទេសអេត្យូពី និងប្រទេសនីហ្សេរីយ៉ា។
យោងតាមហ្វេសប៊ុករបស់អង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំនៃអង្គភាពស៊ីម៉ាក់ បានបង្ហាញគណៈប្រតិភូពីសកម្មភាពការងារស្នូលរបស់ខ្លួនក្នុងភាពជាដៃគូវិស័យសកម្មភាពមីន ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ជាពិសេសគឺការបណ្តុះបណ្តាលលើវិស័យសកម្មភាពមីនជូនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះក៏មានប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។
តាមរយៈអង្គភាពស៊ីម៉ាក់ គណៈប្រតិភូអាជ្ញាធរជាតិនៃតំណាងប្រទេសនីមួយៗបានទទួលស្គាល់ ព្រមទាំងចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាព ភាពខ្លាំង និងជោគជ័យរបស់អង្គភាពស៊ីម៉ាក់កន្លងមក។
សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ សហការជាមួយ JICA នឹងរៀបចំសិក្ខាសាលាស្តីពី «ភាពជាម្ចាស់ដ៏រឹងមាំ នៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន» ជូនដល់ថ្នាក់ដឹកនាំមកពីតំបន់អាហ្វ្រិកដែលមានចំនួន ៤ ប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤៕