​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ព្រះវិហារ Church of Jesus Christ បាន​ប្ដេជ្ញាចិត្ត​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល នៅ​កម្ពុជា ដោយ​គ្រោង​កសាង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​បេះដូង​១​កន្លែង នៅក្នុង​ខេត្តសៀមរាប​។​

លោក Elder Dale G.Renlund ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ Church of Jesus Christ បានលើកឡើង​ដូចនេះ​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៤ នា​វិមាន​សន្តិភាព​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នេះ លោក Elder Dale G.Renlund​ បាន​ថ្លែងប្រាប់​លោក ហ៊ុន ម៉ា​ណែ​ត ដោយ​សង្ខេប​នូវ​សកម្មភាព​ការងារ​របស់ Church of Jesus Christ ដែល​ផ្ដោតជាសំខាន់​កិច្ចការ​មនុស្សធម៌ ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​វិស័យ​សាសនា អប់រំ សុខាភិបាល និង​អនាម័យ​ទឹកស្អាត​តាម​មូលដ្ឋាន​។ 

តាមរយៈ​ខ្លឹមសារ​ដដែល​នេះ លោក​ Elder Dale G. Renlund​ បាន​បញ្ជាក់ថា​៖ «Church of Jesus Christ មាន​គម្រោង​កសាង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​បេះដូង​ ១​ កន្លែង នៅក្នុង​ខេត្តសៀមរាប សំដៅ​ជួយ​ដល់​ការព្យាបាល និង​លើកកម្ពស់​សុខភាព​ប្រជា​ជនក​ម្ព​ជា ព្រមទាំង​បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ Church of Jesus Christ ក្នុង​ការបន្ត​ចូលរួមចំណែក​លើកកម្ពស់​និង​គាំទ្រ​វិស័យ​សុខាភិបាល និង​លើ​ការបណ្ដុះបណ្ដាល​កសាង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍ នៅតាម​មូលដ្ឋាន​ផងដែរ​»​។ 

ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​លទ្ធផល​ ដែល​សម្រេចបាន​របស់ Church  of Jesus Christ ក្នុងការ​គាំទ្រ​លើ​គម្រោង​ជាច្រើន ដែល​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ និង​គម្រោង​ថ្មីៗ​របស់ Church of Jesus Christ ដែល​បានរួម​ចំណែក​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ 

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​លើ​ការធានា​ឱ្យមាន​សេរីភាព​ខាង​ជំនឿ​សាសនា និង​ការធានា​នូវ​សុខដុម​នីយកម្ម​ខាង​សាសនា​នៅក្នុង​សង្គម​កម្ពុជា​ផងដែរ​។ 

លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ៖ «​កម្ពុជា​ជា​ប្រទេស​ ដែល​ធ្លាប់បាន​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​នៅពេលនោះ របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម បាន​លុបបំបាត់ចោល​ទាំងស្រុង​រាល់​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ​»​។ 

តាមរយៈ​បទពិសោធន៍​ដ៏​ជូរចត់​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​មុនៗ ក៏ដូចជា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ បាន​ផ្ដោត​យកចិត្តទុកដាក់​លើ​ការរក្សា​នូវ​សុខដុម​នីយកម្ម​ផ្នែក​សាសនា ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការទទួលបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​ពេញលេញ​នៅ​កម្ពុជា​៕