ភ្នំពេញៈ លោក ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំទៅដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួន ស្របតាមគោលនយោបាយអាណត្តិទី៧ និងរួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋាភិបាលថ្មី។
លោក ទៀ បាញ់ បានថ្លែងតាមទូរស័ព្ទ កាលពីថ្ងៃទី ២២ ខែមករាថា ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជាបានបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អជាបន្តបន្ទាប់ ហើយលោកក៏បានជួបប្រជុំជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ខេត្តសៀមរាបផងដែរកាលពីថ្ងៃទី ២១ ខែមករា។
លោកបានឱ្យដឹងថា លោកបានចុះជួបពួកគាត់ ដើម្បីបង្ហាញខ្លួនផង និងដាស់តឿនស្មារតីដល់អង្គបោះឆ្នោតអសកលប្រចាំភូមិសាស្ត្រខេត្តសៀមរាបរបស់គណបក្សប្រជាជន ឱ្យត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅចុងខែកុម្ភៈ ខាងមុខផងដែរ។
លោកមានប្រសាសន៍ថា៖ «ការជួបជុំនេះមានសារៈសំខាន់ណាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខ ដោយសារក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោត ជាអ្នកសម្រេច ហើយយើងជួបជុំដើម្បីឱ្យសមាជិកយើងក្តាប់ព័ត៌មានបាន និងបំពេញតួនាទីខ្លួនឱ្យបានល្អ ហើយពួកគេក៏ប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីនេះដែរ»។
លោក ទៀ បាញ់ បានបង្ហាញនូវការជឿជាក់ខ្ពស់លើភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដោយលោកលើកឡើងថា អង្គបោះឆ្នោតមួយភាគធំគឺជាសមាជិកនៃគណបក្សប្រជាជនកម្ពុជាផ្ទាល់ដែលតួលេខនេះបង្ហាញពីជ័យជម្នះរួចស្រេចទៅហើយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងពេលខាងមុខ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ លោក ទៀ បាញ់ បានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ពីគណបក្សប្រជាជនកម្ពុជា នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងពិធីនោះលោកបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងាររបស់ខ្លួនដោយទំនួលខុសត្រូវ ទាំងការងារបក្សការងាររដ្ឋបាល ដោយបានសម្រេចនូវសមិទ្ធផលនានាជាច្រើនកន្លងទៅ។
លោកថ្លែងថា៖ «មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់រដ្ឋ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅថ្ងៃទី ២២ មករាថា ការចុះទៅជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមបណ្តារាជធានីខេត្ត របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំង៨ភូមិភាគ ជារឿងធម្មតា។
លោកបានបន្តថា ៖ «ការចុះជួបនេះគឺជារឿងធម្មតា ដើម្បីពង្រឹងគោលជំហររបស់សមាជិកគណបក្ស ជាពិសេសពង្រឹងគោលជំហររបស់អង្គបោះឆ្នោត ត្រៀមខ្លួនយ៉ាងស្វាហាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលសល់ពេលជាង ១ ខែទៀត»។
សម្រាប់លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា គណបក្សប្រជាជនកម្ពុជាប្រាកដជាមានភាគរយឈ្នះសម្រាប់ការបោះឆ្នោតខាងមុខ ដោយសារអង្គបោះឆ្នោតភាគច្រើនលើសលប់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងនេះនឹងបោះឆ្នោតជូនគណបក្សខ្លួនមិនខាន។
លោកបន្ថែមថា៖ «ពួកគាត់នឹងបន្តបោះឆ្នោតដល់គណបក្សប្រជាជនកម្ពុជា ល្គឹកណាគណបក្សនេះនៅតែជាគណបក្សនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍជូនប្រជាជាតិ និងមិនមានអ្វីខុសឆ្គងអ្វីទេ ហើយគាត់នឹងជ្រើសរើសគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំស្ថាប័នព្រឹទ្ធសភា»៕