បន្ទាយមានជ័យៈ លោក គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចេញបណ្ណក្រីក្រ បណ្ណហានិភ័យ និងចេញបណ្ណកម្មសិទ្ធិជូនដល់អតីតយុទ្ធជនគ្រួសារយុទ្ធជនពលី ពិការ គ្រួសារក្រីក្រពិតប្រាកដ។
លោកបានលើកឡើងដូចនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមគេហទំព័រគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកបានថ្លែងថា៖ «អង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពជាមួយក្រុមគ្រួសារយុទ្ធជនពលី ក៏ដូចជា អតីតយុទ្ធជន និងគ្រួសារប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ មេភូមិ មេឃុំ ត្រូវតែជួយដោះស្រាយជាបន្ទាន់ទៅតាមលទ្ធភាពដែលមាន ព្រមទាំងត្រូវរាយការណ៍ទៅសាខាកាកបាទក្រហមខេត្ត ស្រុកថ្នាក់ដឹកនាំខេត្ត ដើម្បីជួយដោះស្រាយនិងអន្តរាគមន៍»។
ទន្ទឹមនឹងនោះ លោក គន់ គីម ក៏បានក្រើនរំឭកផងដែរថា ក្រុមប្រឹក្សាឃុំត្រូវប្រជុំគ្នាដើម្បីទុកថវិកាឃុំ-សង្កាត់ខ្លះ ដោះស្រាយនៅពេលជួបគ្រោះមហន្តរាយបើខ្វះខាតត្រូវសុំសប្បុរសជនបន្ថែមទៀត។ ក្រៅពីនេះមន្ទីរអង្គភាពនានានៅជុំវិញខេត្តត្រូវជ្រើសរើសរកពូជដំណាំគ្រប់ប្រភេទដើម្បីឱ្យពលរដ្ឋដាំដុះទៅតាមលទ្ធភាពក្នុងការថែទាំភូមិមួយផលិតផលមួយ ទោះបីពួកគាត់ចេញទៅរកស៊ីនៅខាងក្រៅក៏ដោយ ក៏ដំណាំទាំងនោះបានផ្ដល់ផលឱ្យពួកគាត់យកទៅលក់ដើម្បីដោះស្រាយជីវភាពគ្រួសារផងដែរ។
លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងតាមរយៈសារលិខិតនាឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ ២០២៣ កន្លងទៅថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់»។
សូមបញ្ជាក់ផងដែរថា អតីតយុទ្ធជនចំនួន ១០៦ ៩០៥ នាក់ និងអ្នករស់នៅក្នុងបន្ទុកចំនួន ១៥៣ ៦១០ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមករា ឆ្នាំមុន រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការទាបជាង ឬស្មើ ៦៩ ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ ម៉ឺនរៀលក្នុង ១ ខែ។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជានិងជាអ្នកជំនាញផ្នែកទស្សនវិជ្ជានិងកិច្ចការសង្គមមួយរូបផងនោះបានឱ្យដឹងនៅថ្ងៃទី ២២ ខែមករា ថា ការណ៍ដែលរាជរដ្ឋាភិបាលបន្តជួយដល់អតីតយុទ្ធជនគ្រួសារយុទ្ធជនពលីពិការគឺបង្ហាញពីការបំពេញភារកិច្ច និងកាតព្វកិច្ចដល់ពួកគាត់ជាប់ជានិច្ច មិនមែនទាល់តែប្រទេសមានសង្គ្រាមនោះទេ។
លោកបានបន្តថា អ្វីដែលជាគោលនយោបាយ គោលការណ៍របស់រាជរដ្ឋាភិបាលតាមរយៈសេនាធិការរបស់ក្រសួងគឺត្រូវតែធ្វើជាប្រក្រតីដែលនេះបង្ហាញពីការគោរពតាមច្បាប់ គោរពតាមផែនការយុទ្ធសាស្ត្រឬគោលការណ៍នយោបាយ។
លោក ឈត ប៊ុនថង បានបញ្ជាក់ថា៖ «សកម្មភាពនេះ ក៏បង្ហាញពីការសងគុណ និងកតញ្ញុតាធម៌ដល់អ្នកដែលបម្រើសេវាជួយសង្គម។ នៅក្នុងសង្គមនេះ គឺមានការជួយគ្នាទៅវិញទៅមក ហើយអ្វីដែលរដ្ឋាភិបាលធ្វើនេះគឺធ្វើទៅដោយនិរន្តរភាពតាមគោលការណ៍គោលនយោបាយដែលរដ្ឋាភិបាលបានកំណត់ ហើយការជួយនេះគឺធ្វើរហូតដល់ពួកគាត់ចាស់ និងលាចាកលោក»។
លោកបានបន្តថា ការជួយនេះមិនមែនទាល់តែប្រទេសកំពុងមានសង្គ្រាមទើបរដ្ឋាភិបាលជួយពួកគាត់នោះទេ។មួយវិញទៀតបើទោះបីជាប្រទេសមានសង្គ្រាមក៏ដោយ មិនមានសង្គ្រាមក៏ដោយគឺប្រទេសនោះត្រូវតែមានកងកម្លាំងដែលពួកគាត់បានលះបង់គ្រួសារ លះបង់ពេលវេលា លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជួយជាតិ។ អ៊ីចឹងពេលពួកគាត់មានបញ្ហាពិការឬស្លាប់ រដ្ឋាភិបាលនៅជួយពួកគាត់ និងគ្រួសារផងដែរ៕