ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សាទរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី ចាប់តាំងពីសម័យស្វែងរកសន្តិភាព រហូតមកទល់បច្ចុប្បន្ន ខណៈដែលអូស្ត្រាលីតែងជួយគាំទ្រកម្ពុជា។
ការលើកឡើងពីបញ្ហាទំនាក់ទំនងរវាងប្រទេសទាំង ២ នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) នាវិមានសន្តិភាព នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានសាទរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ដោយលោកបានលើកឡើងថា អូស្ត្រាលីតែងជួយ និងគាំទ្រកម្ពុជាចាប់តាំងពីដំណើរការស្វែងរកសន្តិភាពមកដល់បច្ចុប្បន្នទៅលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ នេះបើយោងតាមខ្លឹមសារនៃជំនួប ដែលបានផ្សព្វផ្សាយតាមតេឡេក្រាមរបស់លោកហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ប្រាប់សមភាគីអូស្ត្រាលីផងដែរពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ជុំវិញការទាក់ទាញនៃច្បាប់វិនិយោគ និងគោលនយោបាយលើកទឹកចិត្តវិនិយោគិន និងធុរជន របស់កម្ពុជាដែលធានាភាពប្រាកដនិយមនៃបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ។
តាមរយៈខ្លឹមសារដដែលនេះដែរលោក ចាស្ទីន ខេវិន វ៉ាយអេត ក៏បានលើកឡើងផងដែរពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យបន្ថែមទៀត តួយ៉ាងសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងពង្រឹងសមត្ថភាពវិស័យការពារជាតិ។ ក្រៅពីនេះ ភាគីទាំង ២ បានពិភាក្សាការងារគ្នាទៅលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីជាផលប្រយោជន៍រួម ដែលអាចនឹងបង្កើន និងពង្រឹងតួនាទីរៀងៗខ្លួន សម្រាប់វេទិកាតំបន់ និងសកល។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ខណៈអូស្ត្រាលីជាប្រទេសដែលជួយជ្រោមជ្រែងកម្ពុជាពីដំណើរការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហម ហើយមិនដែលមានភាពល្អក់កករផ្នែកការទូតរវាងគ្នា និងគ្នាឡើយ។
លោកបន្តថា ប្រទេសទាំង ២ មានភូមិសាស្ត្រមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ដែលកម្ពុជាត្រូវការជំនួយ និងការជ្រោមជ្រែងពីអូស្ត្រាលី ខណៈប្រទេសនេះ ជាប្រទេសអភិវឌ្ឍន៍មានសក្តានុពល និងជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
លោក ស៊ឺន សម ប្រាប់ថា៖ «កម្ពុជាត្រូវការជំនួយរបស់អូស្ត្រាលីមិនថា ការអប់រំ មនុស្សធម៌ ផ្នែកកងទ័ពជាដើមជាពិសេសទីផ្សារ។ អូស្ត្រាលីក៏ត្រូវការកម្ពុជាដែរ ខណៈកម្ពុជាជាប្រទេសនៅតាមដងទន្លេមេគង្គជាតំបន់យុទ្ធសាស្ត្រសំខាន់នៅអាស៊ី ហើយកម្ពុជាជាសមាជិកអាស៊ានដែលប្រើគោលការណ៍កុងសង់ស៊ីស ហើយមានសក្តានុពលក្នុងភូមិសាស្ត្រយុទ្ធសាស្ត្រសម្រាប់មហាអំណាចទោះបីកម្ពុជាតូចក្តី»។
លោកថា ដើម្បីឱ្យភាគីទាំង ២ អាចជំរុញទំនាក់ទំនងទ្វេភាគី, កម្ពុជា និងអូស្ត្រាលីគួរបង្កើនការស្វែងយល់ពីគ្នា ស្វែងយល់ពីភាពខ្វះខាតរវាងគ្នា និងគ្នាដើម្បីបំពេញភាពខ្វះខាតនោះ ហើយត្រូវបង្កើនការជួបគ្នាដើម្បីលើកឡើងពីការខ្វែងគំនិតគ្នា ដែលមិនគួរធ្វើសេចក្តីថ្លែងការណ៍ដាក់គ្នាមុនការជួបជជែកគ្នាដោយផ្ទាល់ឡើយ ហើយកម្ពុជាគួរចៀសវាងការកាត់បន្ថយការប្រតិកម្មតបទៅនឹងការរិះគន់របស់អូស្ត្រាលី ឬប្រទេសនានា តួយ៉ាងទៅលើបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស ទេសចរណ៍ ជាដើម។
សម្រាប់លោក រ៉ូ វណ្ណៈ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ ក៏បានថ្លែងដែរថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីចំពោះទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ជាផ្នែកនៃពិពិធកម្មការទូតរបស់ខ្លួន ស្របពេលទំនាក់ទំនងកាន់តែវិវឌ្ឍទៅប្រសើរឡើងហើយសារនយោបាយការទូតរបស់អូស្ត្រាលីមកលើកម្ពុជាក៏មានភាពទន់ភ្លន់ បើទោះបីកម្ពុជារងការរិះគន់ពីលោកខាងលិចក្តីជុំវិញបញ្ហាប្រជាធិបតេយ្យក៏ដោយ។
លោកបញ្ជាក់ថា៖ «ការពង្រីក និងពង្រឹងពាណិជ្ជកម្មនៃប្រទេសទាំង ២ បន្ថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់កម្ពុជា បន្ថែមពីលើការផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា។
កម្ពុជា និងអូស្ត្រាលីគួរផ្តោតសំខាន់លើការលាងលុយកខ្វក់ និងលើកពីសុចរិតភាពពាណិជ្ជកម្ម និងការកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីអូស្ត្រាលី។
ទាក់ទងនឹងមតិរិះគន់របស់អ្នកនយោបាយអូស្ត្រាលីមកលើរដ្ឋាភិបាលកម្ពុជាវិញ លោក រ៉ូ វណ្ណៈ ថ្លែងថា មិនសូវជាមានឥទ្ធិពលឡើយលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាសម្រាប់រដ្ឋាភិបាលកម្ពុជា ខណៈតំណាងរាស្ត្រអូស្ត្រាលីដែលលើកឡើងពីបញ្ហាកម្ពុជា មានចំនួនតិចតួច ហើយរដ្ឋាភិបាលអូស្ត្រាលីទាំងមូលនៅតែប្រកាន់គោលការណ៍ការទូតទន់ភ្លន់ចំពោះកម្ពុជា និងផ្តោតលើប្រយោជន៍សេដ្ឋកិច្ចជាសំខាន់៕