ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ បានស្នើដល់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បង្ហាញពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UNESCAP) ទៅថ្ងៃអនាគត ខណៈលោក ហ៊ុន សែន បានបញ្ជាក់ពីចំណុចអាទិភាពរបស់កម្ពុជា គឺរក្សាសុខសន្តិភាព និងការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីជីវភាពរស់នៅរបស់ប្រជាជន។
លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UNESCAP) បានលើកឡើងដូចនេះ ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នាវិមាន ៧ មករា។
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកស្រីអគ្គលេខាធិការរង អង្គការសហប្រជាជាតិនៅកម្ពុជាបន្ទាប់ពីលោកបានជួបលោកស្រីម្តងម្កាលពីឆ្នាំ ២០១៩ កន្លងទៅ។
លោក ហ៊ុន សែន បានថ្លែងឡើងដែរថា ដំណើរបេសកកម្មរបស់លោកស្រី Armida នៅពេលនេះ នឹងពិនិត្យឃើញអំពីការវិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
យោងតាមខ្លឹមសារនៃជំនួបនេះដែលផ្សព្វផ្សាយតាមរយៈហ្វេសប៊ុករបស់លោក ហ៊ុន សែន, លោកស្រី Armida បានលើកឡើងថា នេះជាលើកទី ៣ ហើយ ចាប់តាំងពីឆ្នាំ ២០១៩ ដែលលោកស្រីបានមកបំពេញទស្សនកិច្ច នៅកម្ពុជា។
ប្រភពដដែលបានឱ្យដឹងទៀតថា៖ «លោកជំទាវបានស្នើសុំសម្ដេចតេជោ បង្ហាញអំពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់ និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ ESCAP ទៅថ្ងៃអនាគត»។
ក្នុងឱកាសនោះដែរ លោកស្រីក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ចសង្គមចាប់ពីឆ្នាំ ២០១៩ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាង ESCAP ជាមួយនឹងកម្ពុជា ក្នុងតំបន់ និងជាមួយនឹងពិភពលោក កាន់តែមានការរីកចម្រើនបន្តថែមទៀត។ លោកស្រីក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម បន្តទៅទៀតផងដែរ។
ចំណែកលោក ហ៊ុន សែន បានថ្លែងឡើងដែរថា វិបត្តិកូវីដ ១៩ បានធ្វើឱ្យប្រទេសកម្ពុជាជួបការលំបាក ក៏ដូចជាតំបន់មានការលំបាក ប៉ុន្តែក្រោយកូវីដ ១៩ កម្ពុជាបានស្ដារប្រទេសឡើងវិញជាបណ្ដើរៗ។
ចំពោះកម្ពុជាគោលដៅអនាគត លោកបានបញ្ជាក់ថា៖ «គោលដៅរបស់កម្ពុជាទៅថ្ងៃអនាគតមានចំណុចអាទិភាពចំនួន ២ សំខាន់ គឺ១. កម្ពុជាបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទី២. កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយធ្វើយ៉ាងណា ដើម្បីឱ្យមានការអភិវឌ្ឍដោយចីរភាព និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន»។
ដោយឡែក នៅថ្ងៃដដែលនោះដែរ លោកស្រី Armida ក៏បានជួបពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ ដោយភាគីទាំង ២ បាននិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
យោងតាមខ្លឹមសារនៃជំនួបនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អង្គការ UNESCAP បានចូលរួមការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក ហើយលោកក៏បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការ របស់អង្គការ UNESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្នុងជំនួបនេះ លោកស្រី Armida បានលើកឡើងដោយសង្ខេបពីវិស័យអាទិភាពចំនួន ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការនេះ ក្នុងនោះរួមមាន៖ ទី១) ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។
លោកស្រីបានបន្តថា ទី២) ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UNESCAP, ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និងទី៤) ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់នាឱកាសនោះដែរថា អ្វីដែលលោកស្រី Armida បានលើកឡើងនេះ គឺមានភាពប្រទាក់ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោកថា៖ «ជាពិសេស ការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាពសំដៅឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់»៕