ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ថា មន្ត្រីកសិកម្មឃុំ នឹងនៅតែទទួលការបណ្តុះបណ្តាលបន្ថែម និងការចែករំលែកបទពិសោធន៍ការងារគ្នាទៅវិញទៅមករៀងរាល់ ១ ខែម្តង បើទោះបីជាពួកគាត់បានចុះបំពេញការងារនៅតាមឃុំនានាហើយក៏ដោយ។
លោកបានឱ្យដឹងទៀតថា ទោះបីក្រសួងបានបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ ២៥០ នាក់ដំបូងចប់នៅចុងខែមករានេះក៏ដោយក៏ក្រសួងនឹងបន្តប្រឡងជ្រើសរើស មន្ត្រីកសិកម្មឃុំនៅវគ្គទី ២ បន្តទៀតចំនួន ៨០០ នាក់នៅខែមីនា ឆ្នាំ ២០២៤ ខាងមុខ រីឯវគ្គទី ៣ ដែលត្រូវជ្រើសរើសនៅឆ្នាំ ២០២៥ មាន ៥៥០ នាក់ដើម្បីដាក់ពង្រាយនៅតាមឃុំនានានៅទូទាំងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «យើងបានបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីកសិកម្មឃុំរបស់យើងដំបូងនៅទីស្តីការក្រសួងអស់រយៈពេល ២ សប្តាហ៍។ ក្រោយមកយើងបានបណ្តុះបណ្ដាលស៊ីជម្រៅលើបច្ចេកទេសទៅលើផលិតកម្មស្រូវ ដោយយើងក៏នឹងរៀបចំបណ្តុះបណ្តាលពួកគាត់នៅតាមខេត្តដែលគាត់ត្រូវបំពេញការងារ ប៉ុន្តែយើងអាចផ្គួបចូលគ្នា ២ ទៅ ៣ ខែសិនមុនបញ្ជូនពួកគាត់ទៅតាមទីតាំងឃុំដោយឡែក»។
«ពេលគាត់ចុះទៅបំពេញការងារនៅតាមឃុំនោះហើយក៏ដោយ ការបណ្តុះបណ្តាលបន្ថែមនៅតែមានជាប្រចាំ ដោយយើងនឹងធ្វើ ១ ខែម្តង ដើម្បីរំឭកឡើងវិញ ការឆ្លុះបញ្ចាំងនានា និងការចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីយកជាមេរៀន ជំរុញដល់ការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។ លោក យ៉ង សាំងកុមារ បញ្ជាក់បន្ថែម។
លោកបានបន្ថែមថា កាលពីថ្ងៃទី ១៩ ខែមករា កន្លងទៅថ្មីៗនេះ លោកបានជួបជាលើកដំបូងជាមួយមន្ត្រីកសិកម្មឃុំ នៅខេត្តតាកែវ ដែលទើបប្រឡងជាប់ ដោយលោកបន្តជំរុញ និងលើកទឹកចិត្តឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើកសិករដោយការទទួលខុសត្រូវខ្ពស់។
បើតាមលោក យ៉ង សាំងកុមារ មន្ត្រីកសិកម្មទាំងនេះនឹងឆ្លងកាត់វគ្គកម្មសិក្សា ១ ឆ្នាំមុននឹងក្លាយទៅជាមន្ត្រីរាជការពេញសិទ្ធិ ។ ជាមួយគ្នានោះដែរ ការបណ្តុះបណ្តាលត្រូវតែធ្វើឡើងរៀងរាល់ ១ ខែម្តង សម្រាប់មន្ត្រីកសិកម្មឃុំទាំងអស់ បើទោះជា បានចុះទៅបំពេញការងារនៅតាមឃុំទាំងនោះហើយក៏ដោយ។ មន្ត្រីទាំងអស់នឹងត្រូវស្នាក់នៅជាអចិន្រៃ្ដយ៍នៅមូលដ្ឋានតែម្តងដើម្បីផ្សារភ្ជាប់ជីវភាពជាមួយនឹងប្រជាកសិករ និងស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរ ហើយដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យទាន់ពេល។
ដោយសារតែមន្ត្រីកសិកម្មឃុំ ២៥០ នាក់ដំបូង ត្រូវផ្តោតលើផលិតកម្មស្រូវ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានបង្ហាញពីក្តីរីករាយ ចំពោះវត្តមានមន្ត្រីកសិកម្មឃុំ ដែលនឹងត្រូវចុះធ្វើការផ្ទាល់ជាមួយកសិករនៅខែក្រោយ ដោយលោករំពឹងថា ការធ្វើស្រូវរបស់កសិករនឹងមានការយល់ដឹងច្រើនជាងមុន នៅពេលមានអ្នកជំនាញនៅក្បែរ។
លោក ចាន់ សុឃាំង បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ គឺជាគោលនយោបាយមួយដែលបានដាក់ចេញចំណុចចង់បានរបស់វិស័យឯកជនក្នុងផ្នែកស្រូវអង្ករ ខណៈដែលប្រជាកសិករក៏មានតម្រូវការផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ «វត្តមានរបស់មន្ត្រីកសិកម្មឃុំនេះ គឺសំខាន់ណាស់។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា មន្ត្រីដែលបានចុះទៅជួយដល់កសិករផ្នែកផលិតកម្មស្រូវនេះ នឹងជួយកសិករបានច្រើនទាំងផ្នែកបច្ចេកទេស ទីផ្សារ និងផ្នែកសំខាន់មួយចំនួនទៀតនៅក្នុងវិស័យស្រូវ-អង្ករ ដើម្បីធ្វើឱ្យប្រទេសយើងក្លាយជាប្រទេសផលិត និងនាំចេញកសិផល ជាពិសេសអង្ករទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែច្រើនថែមទៀត»។
សូមបញ្ជាក់ថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងប្រភេទក្របខ័ណ្ឌក, ខ, គ ផ្អែកលើកម្រិតបណ្តុះបណ្តាលរបស់សាមីខ្លួនហើយនឹងត្រូវទទួលបានប្រាក់បៀវត្សរ៍ទាបបំផុតចាប់ពី ១ លាន ៤ សែនរៀលនៅតាមប្រភេទក្របខ័ណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦ ម៉ឺនរៀល ក្នុង១ ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ត្រីរាជការស៊ីវិល។
ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ នៅទូទាំងប្រទេស ជាកម្មវិធីនយោបាយអាទិភាពទី៦ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។
ចំណែកយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានដែលជាកម្មវិធីនយោបាយអាទិភាពទី៥ គឺសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀត
តាមការចាំបាច់៕