ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មេបញ្ជាការ មេ​បញ្ជា​ការរង និង​យោធិន​ទាំង​អស់នៃ​កងយោធពល​ខេមរភូមិន្ទ​ឱ្យ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​និង​ត្រៀម​វិធាន​ការទប់ស្កាត់​ «​មហិច្ឆតា​របស់​ជន​ក្បត់ជាតិ និង​អ្នកនយោបាយ ​១ ​ក្តាប់​តូច ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​កម្ពុជា​»​ ស្រប​ពេលដែល​​ស្ថានការណ៍​ពិភពលោក​កំពុងមានការ​ប្រែប្រួល​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​បែបនេះ​តាមរយៈ​សារ​​លិខិត​ផ្ញើជូន​ថ្នាក់ដឹកនាំ មេ​​បញ្ជាការ មេបញ្ជាការរង និង​យោធិន​ទាំងអស់ ទូទាំង​កងទ័ពជើងគោក​នៃ​កងយោធពល​ខេ​មរ​ភូមិន្ទ នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ថ្ងៃ​បង្កើត​បញ្ជា​​ការដ្ឋាន​កងទ័ពជើងគោក (២៤ មករា​១៩៩៩-២៤ មករា ២០-២៤) នា​ថ្ងៃទី ​២២ ខែមករា ឆ្នាំ​ ២០២៤​។

តាមរយៈ​សារលិខិត​នេះ​លោក​បញ្ជាក់ថា​៖ «​ទោះបីជា​យើង​មាន​មោទនភាព​ចំពោះ​ស្នាដៃ​និង​សមិទ្ធផល​ជាច្រើន​ដែល​សម្រេចបាន​មកហើយ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​យើងទាំងអស់គ្នា​ក៏​សុទ្ធតែ​បាន​ជ្រួត​ជ្រាបថា ឆ្នាំ​ ២០២៤ នេះ បើទោះបីជា​កម្ពុជា​ទទួល​រង​ឥទ្ធិពល​តិចតួច ឬ​ដោយ​ប្រ​​យោល​ពី​ស្ថានការណ៍​អសន្តិសុខ​របស់​ពិភពលោក​ក៏ដោយ បញ្ហា​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​នៅតែ​ជា​កម្មវត្ថុ​ដ៏​សំខាន់​ប្រកបដោយ​គ្រោះថ្នាក់​»​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​៖ «​គួបផ្សំ​នឹង​ភាព​ផុយស្រួយ​ដែល​បង្កឡើង​ដោយ​ការវិវឌ្ឍ ប្រែប្រួល​នៃ​សភាព​ការ​​ណ៍​អន្តរជាតិ ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​របស់​មហាអំណាច ការ​​ប៉ុនប៉ង​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​បញ្ហា​បដិវត្តន៍​ពណ៌ ព្រម​​ទាំង​ការគំរាមកំហែង​លើ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ព្រមទាំង​មហិច្ឆតា​របស់​ជន​ក្បត់​ជាតិ និង​អ្នកនយោបាយ​មួយ​ក្តាប់​តូច ដែល​ចាំបាច់​ទាមទារ​ឱ្យ​យើង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រៀម​វិធានការ​ទប់ស្កាត់​ប្រកបដោយ​ភាពបត់បែន និង​ម្ចាស់ការ​»​។​

​បើតាម លោក ហ៊ុន ម៉ា​ណែ​ត គោលដៅ​ដ៏​សំខាន់​ ២ នៃ​គោល​​នយោបាយ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល គឺ​ការធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ស្ថិតស្ថេរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​ចីរភាព​។ សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ភាព​រីក​​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ដែល​​កម្ពុជា​កំពុងមាន​ក្នុងពេល​បច្ចុប្បន្ននេះ ជាពិសេស​គឺ​គោ​លន​យោ​បាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​រាជ​រដ្ឋា​ភិ​បាល អាណត្តិ​ទី​៧ បានដាក់​ចេញ​នេះ ក៏​កំពុងតែ​ផ្តល់ឱកាស​មួយ​សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព​កង​យោធ​​ពល​ខេមរភូមិន្ទ​ផងដែរ​។

​ក្នុងន័យនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​កងទ័ព​ជើង​គោក នៃ​កងយោធពល​ខេ​មរ​ភូមិន្ទ​ក៏ដូចជា​គ្រប់​បណ្តា​កង​ឯក​ភាព​ទូទាំង​កងយោធពល​ខេ​ម​រ​ភូមិន្ទ ត្រូវតែ​បន្ត​ជំរុញ​យកចិត្ត​ទុកដាក់​លើ​ការងារ​កែទម្រង់​របស់ខ្លួន ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធ​ភាព និង​ធ្វើយ៉ាងណា កសាង​ពង្រឹង​អង្គភាព​ឱ្យបាន​រឹងមាំ​លើ​គ្រប់​វិស័យ​ដែលជា​មូលដ្ឋាន​ដ៏​ចាំបាច់​ធានា​ឱ្យ​ការដឹកនាំ​បញ្ជា ការកសាង​កម្លាំង និង​ការ​​ពង្រឹង​ប្រៀប​ការពារជាតិ​រឹងមាំ​។​

​ជាមួយគ្នា​នោះដែរ លោក វង្ស​ ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​​យោធពលខេមរភូមិន្ទ ក៏បាន​ផ្ញើលិខិត​អបអរសាទរ​ពិធី​រំឭក​ខួប​លើក​ទី២៥​ ឆ្នាំ​នេះដែរ ដោយ​លោក​លើកឡើងថា កងទ័ព​ជើង​គោក​បាន​អនុវត្តបាន​យ៉ាងសកម្ម​រាល់​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​បទល្មើស និង​សកម្មភាព​ខុសច្បាប់​។​

​លោក ​វង្ស ពិ​សេន​ ថា​៖ «​កង​ទ័ពជើងគោក​ក៏បាន​អនុវត្ត​យ៉ាងសកម្ម​រាល់​បទបញ្ជារ​ប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ បង្ក្រាប​សកម្ម​ភាពខុស​ច្បាប់​នានា​ដូចជា បទល្មើស​ព្រៃឈើ ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន ទប់ស្កាត់​បដិវត្តន៍​ព​ណ៌ អំពើ​ភេរ​វក​ម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែលមាន​បំណង​បង្ក​អស្ថិរភាព​ន​យោ​បាយ​​សង្គម បំផ្លិចបំផ្លាញ​សន្តិ​ភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។​

​លោក​បន្តថា កងទ័ពជើងគោក​ក៏បាន​រួមចំណែក​ក្នុង​ការងារ​មនុស្សធម៌ ដោះមីន និង​គ្រាប់​មិនទាន់​ផ្ទុះ ជួយសង្គ្រោះ​ប្រជាជន​ពី​គ្រោះមហន្តរាយ​នានា​ក្នុងនោះ​កងទ័ពជើងគោក បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩ ​នៅ​កម្ពុជា​ផងដែរ​។

លោក វង្ស ពិ​សេន ​បន្ថែមថា កងទ័ពជើងគោក បាន​ពង្រឹង​ការងារ​ហ្វឹកហ្វឺន កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឧបទេស​សិក្សា​តាម ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដោយបាន​រៀបចំ​កសាង​សាលា​ជំនាញ និង​ទីលាន​បាញ់​គ្រាប់​ពិត​ដោយ​កំណត់​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ក្នុងប្រទេស ជា​យុទ្ធសាស្ត្រ​នៃ​ការ​កសាង​ធនធានមនុស្ស​។ លើសពីនេះ កងទ័ពជើងគោក​បាន​ខិត​ខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ជាមួយ​បណ្ដា​​ប្រទេស​នានា​ហើយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ចុង​ក្រោយនេះ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ជើងគោក ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ និង​សកល​លោក​តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់ និង​លក្ខខណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​។​

​លោក​ ជ័យ តិច អ្នកសិក្សា​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមបាន​ថ្លែងថា សន្តិភាព គឺជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ និង​សិទ្ធិ​រស់រាន​​មានជីវិត​របស់​ប្រជាពលរដ្ឋ មិន​ថា ប្រជាពលរដ្ឋ​កម្ពុជា ឬ​ប្រជា​ពលរដ្ឋ​នៅលើ​ពិភពលោក​នោះទេ​។ ដូច្នេះ​តួនាទី​របស់​កងទ័ព គឺ​ធ្វើយ៉ាងណា​រក្សា​សន្តិភាព​សុវត្ថិ​ភាព និង​បូរណភាព​ដែនដី ជូន​ប្រទេសជាតិ​។

លោក​បន្តថា ដោយ​ឡែក បើ​មាន​ក្រុម​ជ្រុលនិយម​ដែលមាន​បំណង​ធ្វើ​ភេរវកម្ម ឬ​ឱ្យមាន​អសន្តិសុខ​នៅក្នុង​សង្គម​ដែល​ផ្ទុយទៅនឹង​ច្បាប់ កងទ័ព​មាន​តួនាទី​យ៉ាងសំខាន់​អនុវត្ត​ចាត់វិធានការ​។ លោក ​ជ័យ តិច ថ្លែងថា​៖ «​កងទ័ព​មាន​តួនាទី​សំខាន់ ក្នុង​ការរក្សា​សន្តិភាព និង​បូ​រណ​ភាព​ទឹកដី​របស់​ប្រទេស​យើង​។​

​ដូចដែល​យើង​បាន​ជ្រាប​ហើយ បើ​គ្មាន​សន្តិភាព​ទេ គឺ​គ្មាន​ការអភិវឌ្ឍ និង​ការរស់រានមានជីវិត​ទេ​។ ឧទាហរណ៍​ដូច​បច្ចុប្បន្ន ប្រទេស​ដែលមាន​សង្គ្រាម នៅ​មជ្ឈិម​បូព៌ា នៅ​អ៊ុយ​ក្រែ​ន និង​រុស្សី និង​បណ្តា​ប្រទេស​មួយចំនួនទៀត ទុក្ខសោក​យ៉ាងណា យើង​ឃើញ​ទាំងអស់គ្នា​ហើយ​»​។

លោក​បន្តថា បើ​មានការ​បះបោរ​ឬ​មាន​ការបង្ក​អសន្តិសុខ និង​ការបាត់​បង់​បូរណភាព​ដែនដី​របស់​កម្ពុជា កងទ័ព​មាន​តួនាទី​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​៕