ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបមានការរីកចម្រើនខ្លាំង និងបានដើរតួនាទីជំនួសប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងការផ្តល់ព័ត៌មាន តាមរយៈបណ្តាញសង្គមនានាដើម្បីជាប្រភពព័ត៌មានរបស់ខ្លួនក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែដើរតួនាទីសំខាន់ មិនអាចចោលបាន នៅក្នុងបរិបទឌីជីលដែលមានព័ត៌មានពិត និងព័ត៌មានក្លែងក្លាយនៅលាយឡំគ្នា។
ការថ្លែងរបស់រដ្ឋមន្ត្រីព័ត៌មានដូចនេះ បានធ្វើឡើងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
លោកបានថ្លែងថា៖ «ខ្ញុំជឿថា អ្វីដែលក្រសួងបានធ្វើ គឺទទួលបានការអបអរសាទរ និងស្វាគមន៍ពីសាធារណជន ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនៃការដាក់វិធានការចំពោះការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យព័ត៌មាន គឺសំដៅលើការផ្សព្វផ្សាយតាមអនឡាញ ដោយបងប្អូនអ្នកកាសែតអនឡាញមួយចំនួនបានបង្កើតនូវបញ្ហា។ ប៉ុន្តែយើងបានដាក់ចេញវិធានការបានទាន់ពេលវេលា»។
ជាមួយគ្នានោះដែរ លោក នេត្រ ភក្ត្រា ក៏បានប្រកាសចេញផ្សាយឡើងវិញនូវកាសែតកម្ពុជា «Kampuchea» ដោយគិតមកដល់ពេលនេះ មានអាយុកាល ៤៥ ឆ្នាំ និងត្រូវបានខកខានចេញ ផ្សាយមួយរយៈមកហើយនោះ នឹងប្រែខ្លួនស្របតាមបរិបទឌីជីថល ដោយត្រូវផ្សាយដោយការបោះពុម្ពផង និងអេឡិចត្រូនិកផងដែរ។
លោកបានអះអាងថា៖ «នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃកំណើតនៃកាសែតកម្ពុជា។ ឥឡូវនេះ យើងបានចាប់ផ្តើមឱ្យដំណើរការឡើងវិញនៅក្នុងនាមជាសារព័ត៌មានរបស់ជាតិ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបុរាណមួយចំនួនត្រូវបានបិទទ្វារ»។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ផ្ទុយទៅវិញ ក្រសួងព័ត៌មានដែលយើងមានស្ថាប័នកាសែតកម្ពុជាយើង គឺជាសំឡេងរបស់ជាតិ យើងត្រូវតែបន្តទៅមុខ ដើម្បីជាមោទនភាពរបស់កម្ពុជាយើងផង ដោយយើងមានកាសែតជាតិមួយ ហើយក៏ជាការធ្វើឱ្យសំឡេង និងជាអ្នកនាំសាររបស់រាជរដ្ឋាភិបាលរបស់យើងទៅកាន់សាធារណជនផងដែរ»។
បើតាម លោក នេត ភក្ត្រា ចាប់ពីពេលនេះ ក្រុមការងារក្រសួងនឹងពិនិត្យមើលដើម្បីឈានទៅរកការបោះពុម្ព ខណៈដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមផ្សព្វផ្សាយតាមរយៈប្រព័ន្ធអេឡិចត្រូនិកជាមុនសិន ដែលគ្រោងនឹងសរសេរជាភាសាខ្មែរ អង់គ្លេស និងបារាំង។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាថ្លែងថា ការវិវឌ្ឍដ៏ឆាប់រហ័សនៃសារព័ត៌មានឌីជីថល បានបណ្តាលឱ្យប្រទេសមួយចំនួនរួមទាំងកម្ពុជាផងដែរ កាត់បន្ថយជាអតិបរមានូវការតាមដានព័ត៌មានបែបប្រពៃណី (កាសែត ទស្សនាវដ្តី...)។
លោកថ្លែងថា៖ «នៅក្នុងបរិបទកម្ពុជា ទោះបីជាឃើញនៅមានសារព័ត៌មានមួយចំនួនតូចដែរ ដែលនៅមានការបោះពុម្ពផ្សាយជាកាសែត។ មិនទាន់ ទាស់អ្វីនោះទេ ដែលយើងអាចរក្សានូវសារព័ត៌មានបែបប្រពៃណីនេះ ព្រោះអាចថាជាអត្តសញ្ញាណមួយដែរ គ្រាន់តែថា ចំនួនអ្នកអាន យើងមិនរំពឹងថាមានអ្នកអានច្រើនទេ ប៉ុន្តែផ្ទុយទៅវិញអ្នកដែលចាស់ៗ ដែលគាត់ពិបាកក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមដានព័ត៌មាន គឺគាត់នៅអានកាសែតនៅឡើយទេគ្រាន់តែថា ចំនួនតិចតួច ដូច្នេះបើជានិមិត្តរូបគ្មានបញ្ហាអ្វីទេ ប៉ុន្តែវាបើដាក់ក្នុងទីផ្សារតែម្តង គឺពិបាក»។
សូមជម្រាបថា អង្គសន្និបាតរបស់ក្រសួងព័ត៌មាននេះ មានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន ដែលរួមមាន៖អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍,អគ្គនាយកដ្ឋានវិទ្យុជាតិ, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក។
ក្នុងនោះក៏មានការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារ សម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែប្រសើរ ឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
អង្គសន្និបាតនេះធ្វើឡើងរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ហើយតាមគម្រោងនៅក្នុងពិធីបិទសន្និបាត ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខា នឹងធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕