ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ នា​ថ្ងៃទី​ ២២ ខែមករា​នេះ​ បានចេញ​លិខិត​ជូនពរ និង​កោតសរសើរ​ទាហាន មេបញ្ជាការ មេបញ្ជាការរង និង​ពលទាហាន​ទាំង​អស់នៃ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន កងទ័ពជើងគោក ថ្ងៃ​ ២៤ មករា ១៩៩៩-២៤ មករា ២០២៤​។​

​លោក​ហ៊ុន ម៉ា​ណែ​ត​បាន​កោតសរសើរ និង​ការលើកទឹកចិត្ត ចំពោះ​យោធិន ដែលជា​និច្ចកាល​តែងតែបាន​ខិតខំ​ព្យាយាម​ជម្នះ​ឧបសគ្គ​តូចធំ ប្រកៀក​ស្មា​គ្នា​យ៉ាងរឹងមាំ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​សហការ​បានល្អ ជាមួយ​បណ្តា​គ្រប់​កងឯកភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​។ លើសពីនោះ​ក៏បាន​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយនឹង អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​ជាតិ​ក្នុងពេល​កន្លងមក​។ ទាំងនេះ​ជា​ពលិកម្ម​ដ៏​ធំធេង ដើម្បី​ជាតិ​មាតុភូមិ និង​ភាពសុខសាន្ត​របស់​ប្រជាជន ក្នុងខណៈ​ពេលដែល​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក កំពុង​ប្រឈម និង​រងគ្រោះ ដោយសារ​សង្គ្រាម អំពើ​ភេរវកម្ម នឹង​ព្រឹត្តិការណ៍​អសន្តិសុខ​ផ្សេងៗ​ទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ក្នុង​លិខិត​ថា​៖«​គ្រប់​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ដែល​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ សម្រេចបាន នាពេល​កន្លងមកនេះ គឺ​ពិតជា​មិនអាច​ធ្វើបាន​នោះទេ ប្រសិនជា​មិនមាន​ការចូលរួមចំណែក​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ យោធិន គ្រប់រូប ក្នុងការ​បំពេញភារកិច្ច ប្រកបដោយ​ភាព​អង់អាច​ក្លាហាន មោះមុត វិន័យ​ម៉ឺងម៉ាត់ និង​ការប្តេជ្ញា​ទទួលខុសត្រូវ​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព​»៕​