ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឱ្យសមាគមកសិកម្ម ត្រូវពិនិត្យលទ្ធភាពចូលរួម និងធ្វើការជាមួយគម្រោង និងដៃគូអភិវឌ្ឍនានា ដែលមានគោលដៅច្បាស់លាស់ ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើការ និងដោះស្រាយបញ្ហាជាមួយគ្នាក្នុងខ្សែច្រវាក់តម្លៃ តាំងពីការផលិតរហូតទីផ្សារ។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងការពិភាក្សាអំពីគម្រោង និងផែនការសកម្មភាពរបស់សមាគមកសិកម្មដើម្បីអភិវឌ្ឍជីវភាព នាថ្ងៃទី ២៣ ខែមករា នៅទីស្តីការក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយព័ត៌មានកសិកម្ម និងទីផ្សារឱ្យបានដល់កសិករ។ នេះបើយោងតាមក្រសួងកសិកម្ម។
ក្រៅពីនោះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្ម គឺការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្សនិងថវិកាគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ប្រការចាំបាច់មួយទៀត គឺការធ្វើការរួមគ្នា និងទទួលខុសត្រូវរួមគ្នា ដើម្បីប្រជាពលរដ្ឋ ព្រោះយើងមានគោលដៅរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញលើកកម្ពស់វិស័យកសិកម្ម បង្កើនចំណូលនិងផលចំណេញដល់កសិករ ក៏ដូចជាធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចលើគ្រប់អនុវិស័យទាំងអស់»។ នេះបើយោងតាមក្រសួងកសិកម្មដដែលនេះ៕