ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យព័ត៌មានគឺជាកាតាលីករយ៉ាងសំខាន់នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មាន អំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ។
ការមានប្រសាសន៍នេះ ត្រូវបានធ្វើឡើងក្នុងពេលធ្វើជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាននៅថ្ងៃអង្គារទី២៣ ខែមករានេះ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងការអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗចំនួន៥ ក្នុងនោះរួមមាន៖១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើមូលដ្ឋាននីតិរដ្ឋ ២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ៣.ផ្តល់ព័ត៌មាន បែបអប់រំ និងចំណេះដឹង ៤. ជាឆ្មាំត្រួតពិនិត្យ តុល្យភាពសង្គមដ៏ស្មោះត្រង់ និង៥ ចូលរួមចំណែកក្នុងការកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូលក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«អំណាចសារព័ត៌មានគឺជាអំណាចទី៤។ អំណាចនេះប្រើប្រាស់ត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព សម្រាប់ផ្តល់ថាមពលឱ្យប្រជាពលរដ្ឋយើងអាចធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការណ៍ប្រសិទ្ធភាព»៕