ភ្នំពេញៈ រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងថា ការផ្តល់ឯករាជភាពផ្នែកសេដ្ឋកិច្ចជូនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការផ្ទេរអំណាចឱ្យទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗ ខណៈមានបទល្មើសធនធានធម្មជាតិកើតឡើងគឺវាជាភាពជោគជ័យនិងនិរន្តរភាពរបស់គម្រោងអភិវឌ្ឍន៍នានាហើយក៏ជាការរំពឹងទុករបស់អ្នកអនុវត្តគម្រោងនិងម្ចាស់ជំនួយផងដែរ។
លោក អ៊ាង សុផល្លែត បានថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នាទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា៖ «យើងពិតជាអរគុណចំពោះកិច្ចសហប្រតិបត្តិការនិងជំរុញឱ្យមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF បន្តគម្រោងអភិវឌ្ឍន៍ដើម្បីផ្តល់ឯករាជភាពលើផ្នែកសេដ្ឋកិច្ចដល់ប្រជាសហគមន៍ដែលនេះ គឺជាទិសដៅអាទិភាពនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនិងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ»។
លោកបានបន្ថែមថា ចំពោះការផ្ទេរអំណាចទៅឱ្យអាជ្ញាធរមូលដ្ឋានសហការ និងទប់ស្កាត់លើបទល្មើសធនធានធម្មជាតិមិនមែនមានន័យថា ក្រសួងបរិស្ថានមិនយកចិត្តទុកដាក់ចំពោះបទល្មើសព្រៃឈើនោះទេគឺក្រសួងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ៤ចំណុចរួមមានទី១-ការជំរុញការអនុវត្តច្បាប់១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ទី២-ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តនោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទីភារកិច្ចគ្រប់គ្រងធនធានធម្មជាតិឱ្យបានស្អិតល្មួត។
លោកបានបន្តថា ទី៣-ការសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក និងទី៤-ការជំរុញការដាំ និងស្តារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០។
ជាមួយគ្នានោះដែរ លោក ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ADFបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមកក្នុងភាពជាដៃគូរវាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ADF។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
លោកក៏បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើកិច្ចសហប្រតិបត្តិការបន្តដើម្បីរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិតាមរយៈការពង្រឹងនិងពង្រីកការដាំដើមឈើឡើងវិញដែលជាប្រយោជន៍ជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងប្រជាសហគមន៍។
លោក ហ៊ុន សៅ ប្រធានគណៈកម្មាធិការសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក្នុងខេត្តកំពង់ស្ពឺបានប្រាប់នៅថ្ងៃទី២៣ ខែមករាថា កាលពីមុនធ្លាប់តែជាអ្នកកាប់ឈើ ប៉ុន្តែបច្ចុប្បន្ននេះ ហ៊ុន សៅ ដើរល្បាតព្រៃដើម្បីតាមដាន និងបង្ក្រាបសកម្មភាពកាប់ឈើខុសច្បាប់។
លោកបានបន្ថែមថា ការផ្តល់ឯករាជភាពផ្នែកសេដ្ឋកិច្ចជូនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិក៏ដូចសហគមន៍តំបន់ការពារធម្មជាតិ រលាក់កងជើងនេះជាដើមគឺដើម្បីការពារព្រៃឈើនៅក្នុងសហគមន៍របស់គាត់។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើពុំមានព្រៃឈើនោះទេ សហគមន៍នេះនឹងពុំបានទទួលផលពីអនុផលព្រៃឈើឡើយ។ យើងក៏ពុំមានទឹកប្រើប្រាស់ផងដែរ។ ដោយសារតែភូមិនេះស្ថិតនៅក្នុងតំបន់ភ្នំ ព្រៃឈើអាចសម្រាលទុក្ខលំបាករបស់អ្នកភូមិពីជំនន់ទឹកភ្លៀងនៅរដូវវស្សា និងគ្រោះរាំងស្ងួតនៅរដូវប្រាំងផងដែរ»។
លោកបានបន្តថាដោយមានការគាំទ្រពីគម្រោង“ការគ្រប់គ្រងរួមគ្នាដើម្បីការពារនិងស្តារសេវាទីជម្រាលនិងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវាញ(ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត)”លោកបានដឹកនាំគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋចំនួន ៩៦គ្រួសារនៅក្នុងភូមិរបស់គាត់ រួមទាំងការល្បាតដើម្បីការពារការកាប់បំផ្លាញព្រៃឈើ និងបង្កើនជម្រើសរកចំណូល៕