អាជ្ញាធរខេត្តក្នុងតំបន់សមុទ្រ និងខេត្តក្នុងតំបន់ព្រៃឈើបានណែនាំឱ្យប្រជាពលរដ្ឋ រោងចក្រ សហគ្រាស ក៏ដូចជាម្ចាស់អាជីវកម្មគ្រប់ប្រភេទ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ និងភ្លើងឆេះព្រៃ ក្នុងរដូវប្រាំងនេះ ដែលកើតឡើងដោយសារការដុតព្រៃ ដុតសំរាម និងការតបណ្ដាញអគ្គិសនីជាដើម។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ដោយសារបច្ចុប្បន្ននេះ ពិនិត្យឃើញអាកាសធាតុមានសភាពក្ដៅហួតហែង ដែលជាកត្តាមួយបង្កឱ្យមានគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយអគ្គិភ័យ ក៏ដូចជាភ្លើងឆេះព្រៃជាដើម។ ដូច្នេះដើម្បីរក្សាទ្រព្យសម្បត្តិ សុវត្ថិភាព និងអាយុជីវិត មនុស្ស សត្វ រុក្ខជាតិ ក៏ដូចជារក្សាព្រៃឈើឱ្យនៅស្រស់បំព្រង សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ គ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ រួមនឹងប្រជាពលរដ្ឋ និងម្ចាស់មូលដ្ឋានអាជីវកម្មគ្រប់ប្រភេទ ត្រូវចូលរួមបង្ការ និងទប់ស្កាត់គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយអគ្គិភ័យ។
លោកក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលក្រុង-ស្រុក ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹកក្នុងអាង ទំនប់ សម្រាប់ស្រោចស្រពដំណាំកសិកម្មដោយសន្សំសំចៃផងដែរ។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា៖ «មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីការបង្ការ ទប់ស្កាត់អគ្គិភ័យឆាបឆេះព្រៃដល់សហគមន៍ព្រៃឈើទូទាំងខេត្ត ជាពិសេសម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវបង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវលើករណីអគ្គិភ័យដែលកើតនៅក្នុងទីតាំងរបស់ខ្លួន»។
លោកក៏បានណែនាំដល់ស្នងការនគរបាលខេត្ត ក៏ដូចជាកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមមធ្យោបាយសង្គ្រោះបន្ទាន់ នៅពេលមានអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងអំឡុងរដូវប្រាំងនេះ។
ដោយឡែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានឱ្យដឹងដែរថា ក្នុងនាមជាអាជ្ញាធរខេត្ត កន្លងមកលោកតែងតែចុះណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចពីគ្រោះអគ្គិភ័យ ដែលកើតពីបណ្តាញអគ្គិសនី ភ្លើងធូប ទៀន និងចង្ក្រានជាដើម។
លោកបានថ្លែងថា៖ «យើងតែងតែផ្សព្វផ្សាយរហូតពីបញ្ហានេះ ខណៈដែលយើងចុះនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ យើងតែងតែនិយាយណែនាំឱ្យប្រយ័ត្នជានិច្ចចំពោះភ្លើង ទៀន ធូប ក៏ដូចជាបណ្ដាញខ្សែភ្លើង ជាពិសេសគឺគួរចៀសវាងការដុតសំរាម និងចំបើងដែលអាចធ្វើឱ្យឆេះ»។
លោកបានបន្ថែមថា ក្រៅពីការណែនាំទាំងអស់នេះហើយលោកក៏បានដាក់ចេញវិធានការការពារ និងត្រៀមបង្ការជួយសង្គ្រោះមួយចំនួនផងដែរ ក្នុងនោះមានអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលមានឡានទឹក ត្រូវមានវត្តមានជាប្រចាំ ហើយស្ថិតនៅក្បែរប្រជាពលរដ្ឋជានិច្ច។
ចំណែកលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រាប់ឱ្យដឹងដែរថា នៅឆ្នាំនេះ ថ្នាក់ដឹកនាំខេត្ត បានណែនាំឱ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋាន ត្រូវត្រៀមវិធានការជួយសង្គ្រោះជាបន្ទាន់ក្នុងករណីមានអគ្គិភ័យដែលកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ អង្គការដែលធ្វើការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ក៏មានត្រៀមឡានទឹកសម្រាប់ជួយបង្ការពីករណីភ្លើងឆេះព្រៃផងដែរ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះហើយយើងបានឱ្យអាជ្ញាធរចុះទៅផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ អង្គការសមាគម ក៏ដូចជាក្នុងសហគមន៍ ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះពីគ្រោះអគ្គិភ័យដែលកើតឡើងពីការផ្ទុះបណ្ដាញអគ្គិសនី ភ្លើងទៀន ធូប ដុតព្រៃធ្វើចម្ការ ក៏ដូចជាការបោះចោលកន្ទុយបារីជាដើមដែរ»។
ក្រៅពីនេះ សមត្ថកិច្ចនៅតាមមូលដ្ឋាន ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ដោយណែនាំឱ្យប្រជាពលរដ្ឋបានយល់ដឹងពីផលលំបាកនៃគ្រោះមហន្តរាយដោយអគ្គិភ័យ ជាពិសេសសមត្ថកិច្ច ត្រូវហាមឃាត់ដាច់ខាតចំពោះការដុតស្មៅជុំវិញបរិវេណក្នុងលំនៅឋាន ការដុតសំរាម ដុតព្រៃ ហើយនិងត្រូវត្រួតពិនិត្យឱ្យច្បាស់លាស់នៅក្នុងមូលដ្ឋានរបស់ខ្លួន អំពីការតបណ្ដាញអគ្គិសនី។ នេះបើតាមការបន្ថែមរបស់លោក សុខ សុទ្ធី។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ទាំងក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ និងក្រើនរំឭកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ៕