ភ្នំពេញៈ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីគាំទ្រដល់ដំណើរការចងក្រងក្រុមឪពុកម្តាយ ក្នុងការគាំពារកុមារតូចៗ ក៏ដូចជាលើកកម្ពស់អនាម័យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមវត្តមានរបស់លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ជាមួយលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា កន្លងមកក្រោមកិច្ចសហការ និងគាំទ្រពីអង្គការភ្លែន អគ្គនាយកដ្ឋានរដ្ឋបាល ទទួលបាននូវសមិទ្ធផលជាច្រើនរួមមាន៖ ការបង្កើតសៀវភៅណែនាំស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយ និងអាណាព្យាបាល ក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ-សង្កាត់, ការរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាដើម។
ក្រសួងបញ្ជាក់ថា៖ «ដូច្នេះការចុះអនុស្សរណៈយោគយល់គ្នា ជាការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ក៏ដូចជាលើកកម្ពស់អនាម័យនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ»។
លោក យី គឹមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់គឺបានរួមគ្នាធ្វើការទៅលើការពង្រឹងគោលការណ៍ក្នុងសៀវភៅណែនាំស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ-សង្កាត់។
លោកថា ការរួមគ្នាពង្រឹងទៅលើគោលការណ៍ក្នុងសៀវភៅនេះ គឺដោយសារកន្លងមកអង្គការរបស់លោក បានជួយគាំទ្រដល់ក្រសួងមហាផ្ទៃក្នុងការរៀបចំសៀវភៅនេះ ដូច្នេះហើយគឺទាមទារឱ្យមានការរៀបចំវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ដើម្បីឱ្យពួកគាត់ទៅធ្វើការបណ្ដុះបណ្ដាលបន្តទៅដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យយល់ពីសៀវភៅណែនាំនេះ។
លោកបានឱ្យដឹងទៀតថា ជាមួយគ្នានេះ កន្លងមកក៏មានខេត្តមួយចំនួន បានទទួលការបណ្ដុះបណ្ដាលឱ្យយល់ពីសៀវភៅណែនាំនេះ ហើយក៏នៅមានខេត្តមួយចំនួនទៀត មិនទាន់ទទួលបានការបណ្ដុះបណ្ដាល ហេតុនេះអង្គការភ្លែន នឹងគាំទ្រឱ្យនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើការចុះពិនិត្យ ក៏ដូចជាជួយគាំទ្រធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សាឃុំទាំងអស់នោះ ទទួលបានការបណ្ដុះបណ្ដាលស្ដីពីរបៀបនៃការចងក្រងក្រុមឪពុកម្តាយនៅតាមឃុំ-សង្កាត់ ដើម្បីចូលរួមចំណែកគាំពារ និងអភិវឌ្ឍន៍កុមារតូច។
លោក យី គឹមថាន បានថ្លែងថា៖ «អ៊ីចឹង! អនុស្សរណៈយោគយល់ក្នុងឆ្នាំ២០២៤នេះ គឺយើងផ្ដោតសំខាន់ទៅលើការបន្តពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ បូករួមទាំងការចុះពិនិត្យ តាមដានទៅលើការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ ហើយយើងនឹងធ្វើសិក្ខាសាលាថ្នាក់ជាតិឆ្លុះបញ្ចាំងអំពីបទពិសោធន៍ និងបញ្ហាប្រឈមផ្សេងៗ ក្នុងការអនុវត្តទៅលើគោលការណ៍ចងក្រងក្រុមឪពុកម្តាយ»។
បើតាមលោកយី គឹមថាន ក្រៅពីនេះ ក៏ផ្ដោតទៅលើស្តង់ដាបង្គន់អនាម័យនៅតាមសាលាឃុំ-សង្កាត់ ឱ្យមានលក្ខណៈបរិយាបន្ន ខណៈដែលកន្លងមកនៅតាមឃុំ-សង្កាត់ មិនមានបន្គន់អនាម័យនោះទេ ដូច្នេះហើយនៅពេលប្រជាពលរដ្ឋទៅយកសេវានៅសាលាឃុំ ឬក៏ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាស្ដ្រី នៅពេលចង់ប្រើបង្គន់អនាម័យម្ដងៗ គឺមិនមាននោះឡើយ។
ហេតុនេះដើម្បីដោះស្រាយបញ្ហានេះ លោកថា អង្គការភ្លែន សហការជាមួយនាយកដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យមានបង្គន់អនាម័យប្រកបដោយបរិយាបន្ននៅតាមឃុំ-សង្កាត់នីមួយៗ ក្នុងនោះនឹងគ្រោងសាកល្បងសាងសង់បង្គន់នេះចំនួន៣ ក្នុងខេត្តសៀមរាប ដើម្បីជាគំរូសិក្សារៀនសូត្រ។
លោកបញ្ជាក់ថា៖«បន្ទាប់មកយើងនឹងធ្វើការផ្សព្វផ្សាយរចនាប័ទ្មរបស់បង្គន់អនាម័យប្រកបដោយបរិយាបន្ននៅតាមឃុំ-សង្កាត់ហ្នឹង ដើម្បីអាចឱ្យប្រើទូទាំងប្រទេស ដូច្នេះយើងធ្វើម៉េចឱ្យសាលាឃុំនីមួយៗ មានបង្គន់អនាម័យដែលមានលក្ខណៈបរិយាបន្ន»។
ចំណែកការសាងសង់បង្គន់អនាម័យនេះដែរ វាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលចង់ធ្វើឱ្យប្រទេសកម្ពុជា អាចគ្របដណ្ដប់អត្រាអនាម័យនៅតាមជនបទរួមមាន៖ សហគមន៍ សាលារៀន ស្ថាប័នសាធារណៈ ក៏ដូចជាកន្លែងធ្វើការផ្សេងៗឱ្យបាន ១០០ភាគរយ ក្នុងឆ្នាំ២០២៥។ នេះជាការបន្ថែមរបស់លោក យី គឹមថាន៕