អាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្ដើមដំណើរការគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលក្នុងនោះមានការសាងសង់កន្លែងសមាធិ និងសាងសង់ចំណតឡាន សម្រាប់ភ្ញៀវទេសចរក៏ដូចជាផ្លាស់ប្ដូរជណ្ដើរឡើងប្រាសាទពីឈើទៅដែកផងដែរ។
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមករាថា គម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ គឺកំពុងចាប់ផ្ដើមធ្វើការជួសជុលប្រាសាទប្រាង្គ ជណ្ដើរឡើងប្រាសាទ ក៏ដូចជារៀបចំសាងសង់ចំណតរថយន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
នៅក្នុងគម្រោងការងារនេះ លោកថា គឺមានការអភិរក្សទៅលើប្រាសាទបាក់ ដោយក្នុងនោះកំពុងដំណើរការជួសជុសជញ្ជាំងប្រាសាទ និងមានការអភិរក្សនៅប្រាសាទបន្ទាយ ២ ជាន់ ដោយបានប្រមូលនូវរូបចម្លាក់នៅក្នុងប្រាសាទយកមកទុកក្នុងការិយាល័យ ដើម្បីធ្វើការចុះបញ្ជីសម្រាប់ធ្វើការអភិរក្សបន្ត។
លោកបានបន្តថា ដោយឡែកផែនការអភិវឌ្ឍន៍វិញ ក៏កំពុងចាប់ផ្ដើមជួសជុលជណ្ដើរឡើងប្រាសាទពីឈើ ផ្លាស់ប្ដូរមកពីដែក ដើម្បីផ្ដល់ភាពរឹងមាំ សុវត្ថិភាពជូនភ្ញៀវទេសចរដែលឡើងប្រាសាទ។ ជាមួយគ្នានេះ ក៏មានការសាងសង់ការដ្ឋានចំណតសម្រាប់ភ្ញៀវទេសចរ ដែលចំណតថ្មីនេះ នៅឆ្ងាយពីប្រាសាទធំប្រមាណ ៣០០ ម៉ែត្រ ខណៈដែលបច្ចុប្បន្ននេះ ចំណតសម្រាប់ភ្ញៀវទេសចរ គឺស្ថិតនៅខាងមុខប្រាសាទ។ ដូច្នេះការបន្តទុកចំណតបែបនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ក៏ដូចជាខូចសោភណភាពរបស់ប្រាសាទ។
លោក គង់ ពុទ្ធិការ បញ្ជាក់ថា៖ «ទាំងការងារផែនការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរហ្នឹង គឺបានរួមចំណែកដើម្បីផ្ដល់ភាពរឹងមាំដល់ប្រាសាទផង និងផ្ដល់សុវត្ថិភាពជូនភ្ញៀវទេសចរផង ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើមអភិវឌ្ឍហើយ។ នៅក្នុងការងារទាំងនោះ ក៏មិនទាន់មានផែនការណាមួយបានបញ្ចប់ឡើយ ខណៈដែលឥឡូវនេះ ទាមទារឱ្យយើងមានការត្រួតពិនិត្យជាប្រចាំ»។
បើតាមលោក គង់ ពុទ្ធិការ ជាមួយនឹងដំណើរការគម្រោងផែនការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរនេះ អាជ្ញាធរជាតិព្រះវិហារ ក៏មានគម្រោងចង់សាងសង់កន្លែងធ្វើសមាធិ និងយូហ្គា (Yoga) សម្រាប់ភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋាននេះផងដែរ។
លោកបានបន្ថែមថា ដូច្នេះមកដល់ពេលនេះ គម្រោងសាងសង់កន្លែងធ្វើសមាធិ កំពុងពិចារណាទៅលើទីតាំងមួយចំនួនរួមមាន៖ នៅទីតាំងបរិវេណត្រពាំងអង្គខ្នារ ដែលជាកន្លែងមួយស្ងប់ស្ងាត់ ហើយផ្សារភ្ជាប់ជាមួយតម្លៃនៃព្រះពុទ្ធសាសនា ហើយនិងកំពុងសិក្សា និងពិចារណា នៅទីតាំងក្នុងបរិវេណប្រាសាទធំជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ លោក គង់ ពុទ្ធិការ ជាមួយនឹងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានចុះពិនិត្យ តាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ៕