ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានស្នើឱ្យមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (UN) ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាចូលរួមជារដ្ឋភាគី ខណៈដែលកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះនៅចុងឆ្នាំនេះ។
ការស្នើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។
លោក លី ធុជ បានឱ្យដឹងនៅថ្ងៃទី ២៣ ខែមករា ថា តាងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានអាជ្ញាធរមីនផងដែរនោះ លោកបានស្នើសុំឱ្យ UNESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឱ្យចូលរួមជារដ្ឋភាគី។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងកិច្ចការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមរយៈពេលជាង ៣០ ឆ្នាំ ហើយបានក្លាយជាប្រទេសមួយដែលបានរំដោះផ្ទៃដីមានមីននិងគ្រាប់ច្រើនជាងគេលើពិភពលោកក្នុងចំណោមប្រទេស ៣០ ដែលកំពុងបោសសម្អាតមីនដូចកម្ពុជា»។
លោកបានបន្តទៀតថា៖ «ឆ្នាំ ២០២៥ គឺជាគោលដៅរួមរបស់រដ្ឋាភិបាល ហើយដែលប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជានិងដើម្បីប្រែក្លាយកម្ពុជាជាប្រទេសគ្មានមីន»។
ឆ្លៀតឱកាសនោះដែរ លោក លី ធុជ ក៏បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាក្នុងការទទួលបានការគាំទ្រពីរដ្ឋភាគីអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញា) ធ្វើជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំការគាំទ្រពី UN-ESCAP ក្នុងកិច្ចការសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយគាំទ្រដល់កម្ពុជាកៀរគរប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា»។
បើតាមសេចក្តីប្រកាសព័ត៌មាននៃជំនួបរវាងលោក លី ធុជ និងគណៈប្រតិភូ UN-ESCAP ចេញផ្សាយនៅថ្ងៃទី ២៣ ខែមករា លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានអបអរសាទរចំពោះកម្ពុជាដែលទទួលបានគាំទ្រធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានបន្តថា លោកស្រីក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជានិងគាំទ្រកម្ពុជាផងដែរ។ប្រភពដដែលបានលើកឡើងដែរថា អាជ្ញាធរមីនសហការជាមួយកម្មវិធីនិងគំនិតផ្តួចផ្តើម ESCAP ដោយសហការជាមួយកម្មវិធី ESCAP ដែលមានស្រាប់ឬគំនិតផ្តួចផ្តើមទាក់ទងនឹងការរំសាយអាវុធ សន្តិសុខ និងកិច្ចការមនុស្សធម៌ និងធ្វើការរួមគ្នាដើម្បីរួមបញ្ចូលការពិភាក្សានិងសកម្មភាពដែលទាក់ទងនឹងអនុសញ្ញាអូតាវ៉ាក្នុងក្របខ័ណ្ឌទាំងនេះ។
អាជ្ញាធរមីន នឹងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងក្រុមសង្គមស៊ីវិលពាក់ព័ន្ធនឹងការរំសាយអាវុធ និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដោយប្រើប្រាស់ឥទ្ធិពល និងធនធានរបស់ពួកគេដើម្បីគាំទ្រដល់សកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា។
ទាក់ទងនឹងកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ានេះដែរ លោក លី ធុជ បានចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃអនុសញ្ញាអូតាវ៉ានៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤។ ក្នុងនោះ លោក លី ធុជ ក៏នឹងចូលរួមដឹកនាំកិច្ចប្រជុំនេះ ហើយនឹងជួបពិភាក្សាការងារជាមួយនឹងក្រុមការងារនៃអង្គភាពគាំទ្រការអនុវត្តអនុញ្ញា (ISU) និងជួបពិភាក្សាការងារជាមួយអគ្គរាជទូត អគ្គរដ្ឋទូតនានា ដើម្បីស្វែងរកការគាំទ្របន្ថែមដល់អនុសញ្ញាអូតាវ៉ានេះ៕