​ភ្នំពេញៈ គណបក្ស​ន​យោ​បាយ​ដែល​កំពុង​កាន់អំណាចរ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​រុស្ស៊ី បានបង្ហាញ​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​វេទិកា​ទ្វេភាគី វេទិកា​ពហុភាគី និង​វេទិកា​តំបន់​ដើម្បី​រួបរួមគ្នា​ការពារ​ផលប្រយោជន៍​នៃ​តំបន់​រៀងៗ​ខ្លួន ជាពិសេស​ពង្រឹង​ពហុភាគី​និយម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ខ្លឹមសារ​នៃ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​ប្រមាណ​​ ២០​ នាទី​រវាង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ ឌី​មី​ទ្រី មេ​ដ​វេ​​ដេ​វ (Dimitri Medvedev) ប្រធាន​គណបក្ស​រុស្ស៊ី​រួបរួម កាលពី​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ ​២០២៤ នៅ​ភូមិគ្រឹះ​តាខ្មៅ ខេត្តកណ្ដាល​។​

​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ដែល​បានចេញ​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន បានឱ្យដឹងថា​៖ «​កិច្ចសហប្រតិបត្តិការ​ពហុ​​ភាគី​និយម នឹង​បង្កើត​បរិ​យា​កាស​ឱ្យ​យើង​អាច​យោគយល់​គ្នា និង​ជួយ​គ្នា​ទៅវិញទៅមក ទៅតាម​ភាពចាំបាច់ ស្របតាម​ច្បាប់ ដែល​យើង​បាន​គោរព​នៅក្នុង​អង្គការសហប្រជាជាតិ​»​។​

​ប្រភព​នេះ​បានឱ្យដឹង​ទៀតថា លោក​ ហ៊ុន សែន និង​លោក​ ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ បាន​ព្រមព្រៀងគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​រុស្ស៊ី​រួបរួម ដែលមាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ២៥​ ឆ្នាំ​កន្លងមកនេះ តាមរយៈ​ការផ្លាស់​ប្តូរ​ការអបអរ​គ្នា និង​ការបង្កើត​ព្រឹត្តិការណ៍​នានា​ក៏ដូចជា​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ចរ​វាង​គ្នា ទៅតាម​ពេលវេលា​សមស្រប​។​

​ប្រភព​នេះ​បានឱ្យដឹងថា មេ​ដឹក​នាំ​នៃ​គណបក្ស​ទាំង ​២ ក៏បាន​មើលឃើញ​ផងដែរ​ពី​ភាពចាំបាច់ នៃ​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បដិវត្តន៍​ពណ៌ ដែល​នេះ​គឺជា​ចំណុច​មួយ ត្រូវ​រួមគ្នា​គិតថា ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង គឺជា​ចំណុច​មួយ​នៃ​ការ​គំរាម​​កំហែង​ដល់​សន្តិសុខ​ជាតិ​រៀងៗ​ខ្លួន​។

​ប្រភព​នេះ​បញ្ជាក់ថា​៖ «​យើង​នឹង​រួបរួមគ្នា ដើម្បី​ធ្វើយ៉ាងណា​ក៏ដោយ កុំឱ្យ​មានការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នីមួយៗ ហើយ​ជួយ​មើលគ្នា និង​ចែករំលែក​បទពិសោធន៍​តាម​ភាពចាំបាច់​»​។​

​ទន្ទឹមគ្នានេះ ភាគី​រុស្ស៊ី​បាន​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់លោក ​ហ៊ុន ម៉ា​ណែ​ត ហើយ​សាទរ​ចំពោះ​ការជ្រើសរើស​លោក ​ហ៊ុន ម៉ា​ណែ​ត ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ការរៀបចំ​អ្នក​បន្តវេន ដែល​ត្រង់នេះ ភាគី​រុស្ស៊ី​បាន​កោតសរសើរ​ចំពោះ​លោក​ហ៊ុន សែន ចំពោះ​ការជ្រើសរើស​យុវជន​បន្តវេន​។​

​ប្រមុខ​បក្ស​ទាំង​ ២ ក៏បាន​ឯក​​ភាព​គ្នា​លើ​ការ​កិច្ច​សហប្រតិបត្តិ​​ការ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​ភាគី​រុស្ស៊ី​យល់ថា បើសិន​លោក​ ហ៊ុន សែន ត្រូវ​បោះឆ្នោត​ជា​ប្រធានព្រឹទ្ធសភា​នាពេលខាងមុខ នឹង​អាចជា​ចំណែក​ជំរុញ​ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា​បន្ថែមទៀត​។​

​ភាគី​ទាំង​ ២ ក៏បាន​បង្ហាញ​ការ​គាំទ្រ​ដល់​គ្នា​លើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ និង​វេទិកា​ធំៗ របស់​រុស្ស៊ី និង​ប្រទេស​នានា​ទៀតផង​ដែរ តួយ៉ាង​នៅ​អង្គការ​សហគមន៍ BRICS សហគមន៍​អឺ​រ៉ាស៊ី សហ​គម​ន៍​រុស្ស៊ី​-​មេគង្គ ដែល​ភាគី​ជឿជាក់ថា រដ្ឋាភិបាល​នៃ​ប្រ​​ទេស​រៀងៗ​ខ្លួន​នឹងធ្វើ​កិច្ច​សហ​ការ​គ្នា ពិនិត្យ​លទ្ធភាព​សហ​​ប្រតិបត្តិ​ការជាក់ស្តែង​។​

​ជា​ចុងក្រោយ​នៃ​កិច្ចសន្ទនា​នេះដែរ លោក​ ហ៊ុន សែន និង​លោក​ ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ បាន​ឯកភាពគ្នា​ពិនិត្យមើល​ការងារ​ប្រតិបត្តិការ​លើ​កិច្ចព្រមព្រៀង​ចាស់ និង​បង្កើន​កិច្ចព្រមព្រៀង​ថ្មី​ទៅតាម​លទ្ធភាព និង​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត​ទៅតាម​លទ្ធ​ភាពជា​ក់​ស្តែង​។​

​ជុំវិញ​ជំនួប​នេះដែរ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​​ឡើង​ថា ជំនួប​ក្របខ័ណ្ឌ​បក្ស​លើក​នេះ ជា​ជំនួប​ប្រពៃណី​ហើយ​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ទំនាក់ទំនង​រដ្ឋ និង​រដ្ឋ ខណៈ​កន្លងមក កម្ពុជា​ជា​សហ​ស្ថាបនិក និង​គាំទ្រ​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជា​ជាតិ​លើ​បញ្ហា​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ផង  ដែល​ទាមទារ​ឱ្យមាន​ការអះអាង​ពី​ជំហរ​រៀងខ្លួន​ជាថ្មី​លើ​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃ​ណី និង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​រុស្ស៊ី​។​

​លោក គិ​ន ភា បាន​ថ្លែង​ទៀតថា​៖ «​ទំនាក់ទំនង​រវាង​គ​ណ​បក្ស​កាន់អំណាច​នៃ​ប្រទេស​ ២ មាន​សារៈសំខាន់​ដោយសារ​រដ្ឋា​ភិ​បាល​ប្រទេសមួយៗ​កើតចេញពី​គោលនយោបាយ​គណបក្ស បើ​បក្ស​មាន​ទិសដៅ​បែបណា រដ្ឋា​ភិ​បាល​នឹងមាន​ទិសដៅ​បែប​នោះ ជាក់ស្តែង​ទំនាក់ទំនង​ល្អ​រវាង​បក្ស​កាន់អំណាច​កម្ពុជា និង​រុស្ស៊ី វា​ចូលរួមចំណែក​ជំរុញ​ទំនាក់​ទំនង​រដ្ឋាភិបាល​ទាំង​ ២ ដែល​តាម​ការប្រមើលមើល គណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​រុស្ស៊ី​រួបរួម​នោះ​នឹង​បន្ត​កាន់​អំ​ណា​ច​យូរអង្វែង​តទៅទៀត​»​។​

​លោក គិ​ន ភា បានឱ្យដឹងថា ទំនាក់ទំនង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រុស្ស៊ី​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច មិនមែនជា​ដុំកំភួន​អ្វី​ឡើយ​នៅពេល​បច្ចុប្បន្ន ប៉ុន្តែ​រុស្ស៊ី​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ផ្នែក​យុទ្ធសាស្ត្រ ខណៈ​រុស្ស៊ី​ជា​មហាអំណាច​ក្នុង​ពិភពលោក និង​ជា​ប្រទេស​មាន​ឥទ្ធិពល​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ផងដែរ ហើយ​លោក​ថា បើ​អាចធ្វើ​យ៉ាងណា​កម្ពុជា​គួរ​ជំរុញ​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថា​ម​ពល​ជាមួយ​រុស្ស៊ី​៕​