ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រមសីលធម៌ វិជ្ជាជីវៈរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានគឺសំខាន់ណាស់ ដើម្បីរក្សានូវតម្លៃនៃវិជ្ជាជីវៈ ទៅលើការងារណាមួយ ហើយអ្នកសារព័ត៌មានគឺជាប្រតិ បត្តិករដ៏សំខាន់នៅក្នុងវិស័យព័ត៌មាន។
លោកបានថ្លែងដូចនេះកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន។ លោកបានមានប្រសាសន៍ថា៖«យើងរៀបចំក្រមសីលធម៌វិជ្ជាជីវៈដើម្បីអី? ដើម្បីបង្កើត និងរក្សាតម្លៃនៃវិជ្ជាជីវៈ មិនថា ជាពេទ្យ មិនថា ជាអ្នកកាសែត មិនថា ជាវិស្វករ សុទ្ធតែមានក្រមសីលធម៌ទាំងអស់ ហើយមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេ គឺក្រមប្រតិបត្តិគឺមានទាំងអស់ ព្រោះជំនាញខុសគ្នា ការទទួលខុសត្រូវខុសគ្នា សិទ្ធិសេរីភាពខុសៗគ្នាដែលទាមទារឱ្យមានបទដ្ឋានមួយ មានព្រំដែនមួយ ដើម្បីយើងអាចដឹងលម្ហនៃសិទ្ធិសេរីភាពរបស់យើងធ្វើដល់ណា និងទទួលខុសត្រូវអ្វីខ្លះ ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ ឬសន្តិសុខសង្គម»។
លោកហ៊ុន ម៉ាណែត បន្តថា៖ «ការរៀបចំក្រមសីលធម៌ព័ត៌មាននេះគឺដូចគ្នា អ្នកសារព័ត៌មានគឺជាប្រតិបត្តិករដ៏សំខាន់ណាស់នៅក្នុងវិស័យព័ត៌មាន ដែលកិច្ចការទាំងអស់នេះត្រូវចាំបាច់ថែរក្សាដោយអង្គភាពព័ត៌មាន និងស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានផ្ទាល់តែម្តង»។
លោកក៏បានលើកឡើងដែរថា វិស័យព័ត៌មាន ជាកាតាលីករយ៉ាងសំខាន់ នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែក ចាយអំពីសង្គមជាតិ និងការបង្ហាញពីតថភាពសង្គម និងការអភិវឌ្ឍជាក់ស្តែងក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមក។ វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗដូចជា៖ចូលរួមពង្រឹងលទ្ធិប្រជាធិប តេយ្យផ្អែកតាមមូលដ្ឋាននីតិរដ្ឋ,បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល, ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង, ជាឆ្មាំត្រួតពិនិត្យសង្គមដ៏ស្មោះត្រង់ និងចូលរួមចំណែកកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកប ដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល នៅក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ៖«សារព័ត៌មាន គឺជាអំណាចទី ៤ ដែលអំណាចនេះប្រើប្រាស់ត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្តល់ថាមពលឱ្យប្រជាជនយើងធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព»។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យមន្ទីរព័ត៌មានតាមបណ្តារាជធានីខេត្តពង្រឹងការផ្សព្វផ្សាយពីខេត្តខ្លួន និងធ្វើការជិតស្និទ្ធជាមួយមន្ទីរស្ថាប័ន ដែលមានទម្ងន់ក្នុងការបញ្ជាពន្លត់បញ្ហាដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំសូមឱ្យអភិបាលរាជធានី ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ ត្រូវប្រើវិធានការហ្នឹងឱ្យបានច្រើន ជាពិសេសអ្វីដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការឱ្យលឿន»។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងក្នុងពិធីបិទសន្និបាតក្រសួងព័ត៌មានដែរថា ក្រសួងព័ត៌មានបានខិតខំ និងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវដោយបានផ្តោតលើការពង្រឹង និងវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយតាមរយៈយន្តការប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាតិ និងឯកជនដើម្បីប្រជាពលរដ្ឋនៅគ្រប់ទិសទីទទួលបានព័ត៌មានពិតតាមតម្រូវការ និងទាន់ហេតុការណ៍ ក្រោមទម្រង់ «ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន»។
លោកបានថ្លែងថា៖ «ក្រសួងព័ត៌មានដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន ៥ ដែលរួមមាន៖ ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប,ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ,ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ,ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលម្ហព័ត៌មាន និងសន្តិសុខព័ត៌មាន និងការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព»។
បើតាមលោកនេត្រ ភក្ត្រា អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមានការកើនឡើងជារៀងរាល់ឆ្នាំដែលនេះបានបង្ហាញពីលម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកធំធាត់ប្រកបដោយសុខភាពល្អ។
បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ដែលបានចុះបញ្ជិកានៅក្រសួងព័ត៌មានមានចំនួនជាង ២ ពាន់អង្គភាព រួមមាន៖ គេហទំព័រ និងទូរទស្សន៍អនឡាញ ចំនួន ៩៣៣ អង្គភាព កាសែតចំនួន ៤៤៧ អង្គភាព សមាគមសារព័ត៌មានចំនួន ៥២ អង្គភាពទស្សនាវដ្តី ១៩៤ អង្គភាព ព្រឹត្តិបត្រ ២១ អង្គភាព រោងពុម្ព១១៣ អង្គភាព។
សៀវភៅ ២២ អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង ២៧ អង្គភាព ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជ កម្ម ២ អង្គភាព ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញ និងខេត្ត ២៨៣ អង្គភាព និងវិទ្យុ AM ភ្នំពេញ ១ អង្គភាពទូរទស្សន៍ផ្សាយផ្ទាល់ ១៩ ស្ថានីយ និងផ្សាយបន្ត ១៦៥ ស្ថានីយ ស្ថានីយទូរទស្សន៍ឌីជីថល ១២ ស្ថានីយ និងទូរទស្សន៍អនឡាយ ១០ ស្ថានីយ ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងខេត្តចំនួន ១៤ ស្ថានីយ។
ចំណែកអ្នកសារព័ត៌មាន មានចំនួនប្រមាណ ១ ម៉ឺននាក់ដែលក្នុងនោះ អ្នកដែលបានស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណមានចំនួនជិត ៤ ពាន់នាក់៕