ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ ណែនាំឱ្យសមាគមកសិកម្ម ចូលរួមធ្វើការជាមួយគម្រោង និងដៃគូអភិវឌ្ឍន៍ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈក្រសួងនេះ និងក្រសួងពាណិជ្ជកម្ម នឹងរៀបចំឱ្យមានក្រុមការងារពិសេសមួយធ្វើការពិនិត្យនិងពិគ្រោះយោបល់ សំដៅរកវិធីសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រភេទពូជស្រូវក្នុងស្រុក។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងការពិភាក្សាអំពីគម្រោង និងផែនការសកម្មភាពរបស់សមាគមកសិកម្មដើម្បីអភិវឌ្ឍជីវភាព នាថ្ងៃទី ២៣ ខែមករានៅទីស្តីការក្រសួងកសិកម្ម។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដែលនឹងដើរតួនាទីយ៉ាងសំខាន់លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយព័ត៌មានកសិកម្ម និងទីផ្សារឱ្យបានដល់កសិករផងដែរ។ នេះបើយោងតាមក្រសួងកសិកម្ម។
ក្រៅពីនោះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម គឺការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្សនិងថវិកាគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។
លោក ឌិត ទីណា បញ្ជាក់ថា៖«ប្រការចាំបាច់មួយទៀត គឺការធ្វើការរួមគ្នា និងទទួលខុសត្រូវរួមគ្នាដើម្បីប្រជាពលរដ្ឋ ព្រោះយើងមានគោលដៅរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញលើកកម្ពស់វិស័យកសិកម្ម បង្កើនចំណូល និងផលចំណេញដល់កសិករ ក៏ដូចជាធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចលើគ្រប់អនុវិស័យទាំងអស់»។ នេះបើយោងតាមក្រសួងកសិកម្មដដែល។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ២២ ខែមករា តំណាងក្រសួងទាំង ២ បានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ក្នុងនោះក៏មានការពិភាក្សាពីការបង្កើតក្រុមការងារ ដើម្បីពិនិត្យលើការលើកកម្ពស់ការប្រើប្រាស់ពូជស្រូវក្នុងស្រុកផងដែរ ដើម្បីចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី ៥ របស់រដ្ឋាភិបាល។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៣ ខែមករាថា ក្រសួងទាំង ២ បានឯកភាពគ្នាលើការបែងចែកភារកិច្ច និងការទទួលខុសត្រូវ ក្នុងខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងថ្លៃកសិផល រួមទាំងរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះដោយត្រូវអញ្ជីញអភិបាលរងខេត្តទទួលបន្ទុកកិច្ចការនេះ និងមន្ទីរពាក់ព័ន្ធទាំង ២ មកចូលរួម ដើម្បីរៀបចំក្រុមការងារចម្រុះនៅតាមខេត្តជាដើម។
មូលហេតុដែលក្រសួងទាំង ២ រួមគ្នា រៀបចំក្រុមការងារពិសេសមួយឡើង គឺដើម្បីពិនិត្យ និងពិគ្រោះយោបល់ លើការលើកកម្ពស់ការប្រើប្រាស់ប្រភេទពូជស្រូវក្នុងស្រុក ខណៈដែលកន្លងទៅ នៅលើទីផ្សារមានលក់អង្ករដែលដាក់ឈ្មោះប្រភេទពូជស្រូវក្នុងស្រុក ប៉ុន្តែតាមពិតជាអង្ករ ដែលផលិតចេញពីពូជស្រូវបរទេស។ លោកបានបញ្ជាក់ទៀតថា៖«នៅលើទីផ្សារ យើងឃើញមានអង្ករលក់ដាក់ថា ផ្ការំដួល ផ្កាម្លិះ នាងមិញ នាងខុនជាដើម ដែលជាពូជក្នុងស្រុក ប៉ុន្តែយើងសង្កេតឃើញថា ជាក់ស្តែងមានដាក់លាយអង្ករផ្សេងៗ ដែលមានតម្លៃទាប ដើម្បីក្លែងបន្លំ និងដាក់លក់បានតម្លៃថ្លៃ។ ដូច្នេះក្រសួងទាំង ២ នឹងសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះ»។
លោក យ៉ង សាំងកុមារ បានបន្តទៀតថា ក្រៅពីនេះក្រសួងទាំង ២ បានពិភាក្សាលើស្ថានភាពផលិតកម្មដំណាំស្រូវ ការប្រមូលទិញស្រូវ ការរក្សាទុក ការកែច្នៃការនាំចេញអង្ករ សន្តិសុខស្បៀង ការបែងចែកការងារអនុវត្តបន្ត។ នៅក្នុងនោះក្រសួងមានគម្រោងនឹងចាប់ផ្តើមការងារជាមួយរោងម៉ាស៊ីនកិនស្រូវមុនគេ ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យខាងរោងម៉ាស៊ីនស្រូវមានការបញ្ជាក់ឱ្យបានច្បាស់លាស់ពីប្រភព និងភាពសុទ្ធនៃពូជស្រូវ មុននឹងឈាន ដល់ការកែច្នៃចេញជាអង្ករ។
លោកបញ្ជាក់ថា៖«យើងឃើញនៅលើទីផ្សារអង្ករ ដែលមានការពេញនិយមជាងគេគឺអង្ករនាងមិញ,នាងខុន,ផ្កាខ្ញី ,ផ្ការំដួល,និងផ្កាម្លិះ ជាដើម។ ដូច្នេះក្រុមការងារពិសេសនឹងសហការជាមួយឈ្មួញ ផ្តល់ការបញ្ជាក់ឬធានាមួយឱ្យច្បាស់លាស់ចំពោះប្រភេទអង្ករនីមួយៗ ចៀសវាងការក្លែងបន្លំពីជនខិលខូច»។
ដើម្បីលើកកម្ពស់ការប្រើប្រាស់ពូជសុទ្ធ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម (CARDI) បានប្រាប់ឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ខាងវិទ្យាស្ថានបានបញ្ចេញពូជសុទ្ធផ្ការំដួលក្នុងបរិមាណប្រមាណជាង ២០ តោន ដោយការបញ្ចេញពូជសុទ្ធនេះ គឺដើម្បីឱ្យសហគមន៍យកប្រើប្រាស់ដាំដុះ និងផលិតបន្តដើម្បីចែកជូនដល់កសិករ។
លោកបញ្ជាក់ថា៖«កន្លងមកយើងមានបញ្ហាមួយគឺក្រោយពីកសិករផលិតបានជាស្រូវមក តម្លៃធ្លាក់ចុះដោយខាងរោងម៉ាស៊ីនបញ្ជាក់ថា ការទម្លាក់តម្លៃស្រូវនេះ ដោយសារស្រូវគ្មានគុណភាព។ ដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីលោកបានចេញជាគោលនយោបាយមួយ ដែលជំរុញឱ្យកសិករប្រើប្រាស់ពូជសុទ្ធ ដើម្បីផលិតជាស្រូវចំណីសុទ្ធលក់ឱ្យរោងម៉ាស៊ីន តាមរយៈការចុះកិច្ចសន្យាជាមួយគ្នាក្នុងតម្លៃមួយសមរម្យ»។
លោកបានបន្ថែមថា ដើម្បីជំរុញការប្រើប្រាស់ពូជស្រូវក្នុងស្រុក ដែលពូជសុទ្ធ ឱ្យបានជាអតិបរមា វិទ្យាស្ថានបានខិតខំស្រាវជ្រាវរកពូជល្អៗ ខណៈដែលក្រសួងព្យាយាមជំរុញឱ្យកសិករ ងាកមកដាំដុះប្រភេទពូជស្រូវអង្ករប្រណីតវិញ ជាពិសេសពូជស្រូវចំប៉ី ៧០ ជាដើម ដែលជាពូជស្រូវស្រាលថ្មី ផលិតចេញពីពូជផ្ការំដួល សម្រាប់បំពេញតម្រូវការទីផ្សារ។
លោក យ៉ង ប៉ាក់ អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករ និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអ្រាហ្គីប៊ី Agribee (Cambod-ia) យល់ឃើញថា វាជាការល្អ បើសិនជាក្រសួងជំរុញឱ្យមានការប្រើប្រាស់ពូជសុទ្ធកាន់តែច្រើនជាពិសេសបន្ថែមការត្រួតពិនិត្យអង្ករដែលដាក់លក់លើទីផ្សារ ដែលមានការក្លែងបន្លំពូជស្រូវ។
លោកនិយាយថា៖«នៅពេលដែលកសិករប្រើប្រាស់ពូជសុទ្ធ អាចនឹងបន្ថែមការចំណាយថែមទៀត ដោយសារតែគាត់ត្រូវទិញពូជស្រូវពីសហគមន៍ ដោយសារការទុកពូជរបស់គាត់នាពេលកន្លងទៅ មិនមែនជាពូជសុទ្ធ»។
បើតាមលោក យ៉ង ប៉ាក់ មិនត្រឹមតែទីផ្សារក្នុងស្រុកទេ កន្លងទៅការនាំចេញអង្ករពូជផ្ការំដួល ក៏បានជួបប្រទះនឹងបញ្ហាពូជសុទ្ធឬមិនសុទ្ធនៅលើទីផ្សារអន្តរជាតិដែរ ហើយលោកស្នើឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបញ្ហានេះ៕