​ភ្នំពេញៈ ក្រសួងបរិស្ថាន​ គ្រោង​នឹង​បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ​ខ្នាត​អន្តរជាតិ ចំនួន​ ៤​ កន្លែង ដែលមាន​លក្ខណៈ​ស្តង់​​ដា​អន្តរជាតិ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​បន្ថែម​ពី​ថ្នាល​បណ្តុះ​កូនឈើ​ដែល​មន្ទីរ​បរិស្ថាន​បាននិងកំពុង​រៀបចំ​តាម​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​យកទៅ​ដាំ​តាម​គេហដ្ឋាន និង​តាម​សហគមន៍​។​

​លោក​អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង​ក្នុង​ពិធី​សំណេះ​សំ​ណា​ល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី ២២ ខែមករា ឆ្នាំ ​២០២៤ ថា ស្ថានីយ​បណ្តុះ​កូនឈើ​ដែលមាន​ទំហំ​ធំ​ទាំង​ ៤​ កន្លែង​នឹងធ្វើ​ឡើង​ក្នុង​ខេត្តកំពង់ស្ពឺ កោះកុង សៀម​​រាប និង​ត្បូងឃ្មុំ ដែល​អាចមាន​សមត្ថ​ភាព​បណ្តុះ​កូនឈើ​ចែកជូន​ប្រជាពលរដ្ឋ​យកទៅ​ដាំ​តាម​ប្រភេទ​នីមួយៗ​បាន​។​នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ២៣ មករា​។​

​ប្រភព​បានឱ្យដឹងថា នៅក្នុង​ឱកាស​នោះ លោក អ៊ាង សុផល្លែត បាន​ថ្លែងថា​៖ «​បណ្តុះ​កូនឈើ​តូចៗ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​តិចជាង​ ១​ លាន​ដើម​ដើម្បី​យកទៅ​ដាំ​តាម​មូលដ្ឋាន និង​តាម​សហគមន៍​តំបន់ការពារធម្មជាតិ​បណ្តុះ និង​ថែទាំ​កូន​ឈើ​ឱ្យ​ធំ​ល្មម​ដើម្បី​ផ្តល់ឱ្យ​ពលរដ្ឋ​យកទៅ​ដាំ​តាម​គេហដ្ឋាន និង​ថែទាំ​កូនឈើ​ឱ្យ​ធំ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការដាំ​នៅតាម​ទីក្រុង​ដើម្បី​ធ្វើឱ្យ​ទីក្រុង​យើង​ស្អាត មាន​ភាព​បៃតង​»​។​

​ជាមួយគ្នា​នោះ​លោក​បាន​បន្ថែមថា ស្ថានីយ​បណ្តុះ​កូនឈើ​ខ្នាត​អន្តរជាតិ នឹង​ទាក់ទាញ​បានការ​សិក្សា​ស្រាវជ្រាវ​ពី​ពូជឈើ ជីវចម្រុះ ជាពិសេស​ការបង្កើតបាន​ទេសចរណ៍​គោលដៅ​កម្សាន្ត​បៃតង​។ ក្រៅពី​ថ្នាល​បណ្តុះ​កូនឈើ​ក្រសួងបរិស្ថាន​គ្រោង​នឹង​រៀបចំ​ទីតាំង​កម្សាន្ត​បែប​ខ្មែរ​កន្លែង​បោះតង់ និង​បំភ្លឺ​ដោយ​អំពូល​សូ​ឡា​ទុក​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យ​រកចំណូលបាន​តាមរ​យៈ​ការយកថ្លៃ​សេវាកម្ម​ទេសចរណ៍​ដោយ​អនុវត្តតាម​គោលការណ៍​ស្អាត តម្លៃ​សមរម្យ​ចំពោះ​ភ្ញៀវទេសចរ​។​

​ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម លោក​ជុំ ហួត បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៤ ថា ការបង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ​ខ្នាត​អន្តរជាតិ​ចំនួន​៤​ ខេត្ត​នេះ វា​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​យល់​ដឹង​កាន់តែច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ព្រៃឈើ កាត់បន្ថយ​ផល​​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ជុំវិញ ព្រោះ​ដើមឈើ​មាន​តួនាទី​ជួយ​ព្យាបាល​តាំងពី​ជំងឺផ្លូវចិត្ត ហើយ​វា​បាន​ជួយផ្តល់​អុក​ស៊ី​ហ្ស៊ែ​ន​ច្រើន​ផងដែរ និង​ល្អ​សម្រាប់​ឱ្យ​យុវជន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

​លោក​បាន​ថ្លែងថា​៖«​គម្រោង​នេះ​គឺ​ល្អ​ណាស់​ដែល​ធ្វើឱ្យ​យើង​មានការ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ពីព្រោះ​កាលណា​យើង​ចូលរួម​ថែរក្សា​ការពារ វា​ធ្វើឱ្យ​ធនធាន​ធម្មជាតិ​អត់​បាត់បង់​ទៅណា​ទេ ហើយ​ធ្វើឱ្យ​យើង​រួច​ផុតពី​មហន្ត​រាយ​ឬ​គ្រោះធម្មជាតិ ព្រមទាំង​ធ្វើឱ្យ​ប្រទេស​យើង​មើលទៅ​មាន​ពណ៌​បៃតង​ដោយសារ​មាន​ធម្មជាតិ​ជួយ​ជ្រោមជ្រែង​»​។​

​បើតាម​ក្រសួងបរិស្ថាន គម្រោង​រៀបចំ​ស្ថានីយ​បណ្តុះ​កូនឈើ​នៅក្នុង​ភូមិសាស្ត្រ​ទាំង ​៤​​ នេះ​នឹង​ធ្វើឱ្យ​ជំរុញ​ភាព​បៃតង​ដែលជា​មុម​ដ៏​សំខាន់​មួយ​ក្នុងចំណោម​មុម​ ៣ នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​ ២០២៣-២០២៨ រួមមាន ស្អាត បៃតង និង​ចី​រ​​ភាព ដែល​បាននិងកំពុង​ផ្សព្វ​ផ្សាយ ព្រមទាំង​អនុវត្ត​យ៉ាងសកម្ម​ដើម្បី​ជំ​រុញឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​ ២០៥០​។​

​ក្រសួង​បាន​បន្ថែមថា កន្លងមក ក្រសួងបរិស្ថាន​បាន​បង្កើត​យុទ្ធនាការ​ ១០ ​តុលា ចែកជូន​កូនឈើ​ដល់​ប្រជាពលរដ្ឋ​យកទៅ​ដាំ​ចំនួន​ ១ ​លាន​ដើម​ក្នុង​ ១ ​ឆ្នាំ ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ​២០២៤​ នេះ​តទៅ ដែល​ក្នុងនោះ​យុទ្ធនាការ​រៀបចំឡើង​ដើម្បី​ដាំ​ដើមឈើ​ឱ្យ​ច្រើនជាង​ការកាប់​រួមទាំង​វិធានការ​ ៤​ ចំណុច​របស់​ក្រសួង​លើ​ការពង្រឹង​ការទប់ស្កាត់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ដើម្បី​បង្កើន​គម្រប​ព្រៃ​ឈើ​កម្ពុជា​ឱ្យបាន​ចំនួន ​៦០% ​នៅក្នុង​ឆ្នាំ​ ២០៥០៕