ព្រះវិហារៈ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានឱ្យដឹងថា សហគមន៍កសិកម្មចំនួន ១០ ក្នុងខេត្តព្រះវិហារ បាននិងកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនដៃគូ ដែលបានចុះកិច្ចសន្យា ដោយទទួលបានតម្លៃល្អ ខណៈដែលគុណភាពកម្រិតជាតិម្សៅខ្ពស់ល្អប្រសើរជាងឆ្នាំកន្លងទៅ។
លោក ពឹង ទ្រីដា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២២ ខែមករាថា ឆ្នាំនេះប្រជាសហគមន៍សប្បាយចិត្តដោយលក់ដំឡូងមីទទួលបានតម្លៃល្អ ដែលសហគមន៍កសិកម្មចំនួន ១០ ក្នុងខេត្តព្រះវិហារ កំពុងប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦ ម៉ឺនតោន ដែលមានក្រុមកសិករអ្នកផលិតចំនួន ១ ៤១២ គ្រួសារ បានចុះកិច្ចសន្យារួមគ្នា តាមរយៈសហគមន៍កសិកម្មពួកគេលក់ដំឡូងមីជូនក្រុមហ៊ុនទាំងនេះ។
លោកប្រាប់ថា៖ «គិតត្រឹមថ្ងៃនេះ (២២ មករា) តម្លៃទទួលបានដល់ដៃកសិករ ៣៨០ រៀល ក្នុង ១ គីឡូក្រាម ដោយក្រុមហ៊ុន CA-CC ថ្លឹងទម្ងន់ដោយជញ្ជីងត្រឹមត្រូវ (មិនស៊ីគីឡូ) និងមិនមានកាត់ភាគរយទម្ងន់ ខណៈដែលដំឡូងមីរបស់បងប្អូនប្រជាសហគមន៍យើង ក៏មានកម្រិតជាតិម្សៅខ្ពស់ល្អផងដែរ ដោយមានកម្រិតមានពី ២៧ ភាគរយ រហូតដល់ ៣០ ភាគរយ តាមបណ្តាសហគមន៍ផ្សេងៗគ្នា»។
លោកបន្តថា យោងតាមកិច្ចសន្យារវាងក្រុមហ៊ុន Thai Wha រួមជាមួយ CACC ដំឡូងមីប្រជាសហគមន៍ត្រូវមានកម្រិតជាតិម្សៅចាប់ពី ២៦ ភាគរយឡើងទៅ។ ឆ្នាំនេះលោកឃើញថា ដំឡូងមីមានតម្លៃល្អជាងឆ្នាំមុនៗ ទាំងដំឡូងមីស្រស់ និងដំឡូងមីក្រៀម។
ជាមួយគ្នានេះលោក កាន់ គន្ធី អគ្គនាយកក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) បានប្រាប់ឱ្យដឹងដែរថា ខាងក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយសហគមន៍ចំនួន ១១ តែអនុវត្តបានតែ ៩ សហគមន៍ទេ ដោយសារសហគមន៍ ២ ទៀត មានទំហំតូចពេក ទើបមិនបន្តកិច្ចសន្យាជាមួយគ្នា។ ខាងក្រុមហ៊ុនប្រមូលទិញតែដំឡូងមីសរីរាង្គប៉ុណ្ណោះ ដោយដំឡូងមីដែលប្រជាកសិករដាំដុះត្រូវអនុវត្តទៅតាមលក្ខខណ្ឌកំណត់របស់ក្រុមហ៊ុន។
ដំឡូងមីដែលប្រមូលទិញបានត្រូវក្រុមហ៊ុន Thai Wha ដែលជាដៃគូសហការនាំយកទៅកែច្នៃនៅរោងចក្រនៅប្រទេសថៃ វៀតណាម ជាដើម ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងសាងសង់រោងចក្រកែច្នៃមួយទៀតនៅខេត្តឧត្តរមានជ័យផងដែរ។
លោកបញ្ជាក់ថា៖ «កសិករដាំដុះដំឡូងមីសរីរាង្គលក់មកឱ្យយើង ទទួលបានតម្លៃខ្ពស់ ដោយអ្វីដែលពិសេសគឺយើងមិនបានកាត់គីឡូទៅលើដំឡូងមីទាំងនោះទេ ដែលផ្ទុយពីដំឡូងមីទូទៅ ត្រូវឈ្មួញកាត់គីឡូអស់ ១០ ទៅ ១៥ ភាគរយ ដែលដីតិច ឬច្រើន»។
លោក កាន់ គន្ធី បន្តថា៖ «តាមពិតតម្លៃដំឡូងមីសរីរាង្គបានខ្ពស់ ឬទាប ក៏អាស្រ័យទៅលើទីផ្សារដំឡូងមីទូទៅដែរមានន័យថា បើដំឡូងមីទូទៅលក់បានថ្លៃដំឡូងមីសរីរាង្គក៏លក់បានថ្លៃដែរ ដោយគេយកតម្លៃដំឡូងមីធម្មតា បូកនឹងការចំណាយនានា ទើបចេញជាតម្លៃដំឡូងមីសរីរាង្គ»។
លោកថា ចំពោះកិច្ចសន្យាដំឡូងមីគឺមិនអាចដាក់តម្លៃថេរបានទេ ព្រោះថា តម្លៃគឺអាស្រ័យទៅលើស្ថានភាពទីផ្សារទូទៅ បើដាក់តម្លៃថេរ វានឹងធ្វើឱ្យមានបញ្ហារវាងក្រុមហ៊ុននិងកសិករនៅពេលដែលតម្លៃឡើងខ្ពស់ពេក ឬចុះទាបពេក។
លោក អិល ឈិញ ប្រធានសមាគមន៍កសិករដំឡូងមីកម្ពុជា បានប្រាប់ឱ្យដឹងថា ដំឡូងមីទូទៅនៅឆ្នាំនេះបើគិតត្រឹមខែមករា និងកុម្ភៈ គឺមានតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុនគឺប្រមាណពី ៣៦០ រៀលទៅ ៣៧០ រៀល ក្នុង ១ គីឡូក្រាម ប៉ុន្តែលោកថា នៅខែមីនាតម្លៃដំឡូងមីអាចនឹងមានតម្លៃខ្ពស់ជាងនេះ។
លោកថា៖ «កាលពីដើមខែមករា ដំឡូងមីបានធ្លាក់ថ្លៃបន្តិច នៅត្រឹមជាង ២០០ រៀល តែឥឡូវបានឡើងមកជាង ៣០០ រៀលវិញហើយ ដែលតម្លៃវាសមរម្យសម្រាប់កសិករយើងអាចចំណេញបានខ្លះ។ សហគមន៍ចង់លើកទឹកចិត្តដល់កសិករឱ្យដាំដុះដំឡូងមីធម្មជាតិ មានន័យថា ពាក់កណ្តាលសរីរាង្គ និងពាក់កណ្តាលទូទៅ ដោយការចំណាយក៏មិនច្រើន ហើយក៏មានទីផ្សារផងដែរ«។
បើតាមប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ខេត្តនេះមានដាំដុះដំឡូងមីប្រមាណ ៣,៥ ម៉ឺនហិកតា ដោយមកទល់នឹងពេលនេះការប្រមូលផល គឺសម្រេចបាន ៤០ ភាគរយហើយ នៃផ្ទៃដីដាំដុះនេះ ដោយដំឡូងមីស្រស់ លក់បានតម្លៃពី ៣៨០ រៀល ទៅ ៣៩០ រៀល ក្នុង ១ គីឡូក្រាម។
របាយការណ៍ពីក្រសួងកសិកម្មឱ្យដឹងថា ក្នុងរយៈពេល ១២ ខែឆ្នាំ ២០២៣ ការនាំចេញដំឡូងមីស្រស់ សម្រេចបានក្នុងបរិមាណជិត ២ លានតោន កើនជាង ២៦ភាគរយ,ចំណិតដំឡូងមីក្រៀមជិត ១,៣ លានតោន ថយចុះជាង ៣៧ ភាគរយ,ម្សៅដំឡូងមី ៣៦ ពាន់តោន ថយចុះជាង ៤៥ ភាគរយ និងកាកសំណល់ដំឡូងមី ក្នុងបរិមាណ ៧៤ ពាន់តោន កើនឡើងជាង ៧៥ ភាគរយ ធៀបនឹងឆ្នាំ ២០២២៕