ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា«កងទ័ពគឺជាកម្លាំងមួយដែលសំខាន់។ កងទ័ពអាចផ្តើមសង្រ្គាម កងទ័ពក៏ចូលរួមសំខាន់នៅក្នុងការបញ្ចប់សង្រ្គាម។ ទសវត្សរ៍ទី៧០ រដ្ឋប្រហារគឺដោយសារតែកងទ័ព ដែលធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ការប្រយុទ្ធគ្នាបែកបាក់ទឹកដី»។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទថ្ងៃ២៤ មករា ១៩៩៩-២៤ មករា ២០២៤ នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
លោកបានមានប្រសាសន៍ថា ទោះយ៉ាងណានៅក្នុងឆ្នាំ១៩៩៨ ក៏ដោយសារតែការចូលរួមរបស់កងទ័ពគ្រប់ភាគី ជាពិសេសគឺកងទ័ព អតីតខ្មែរក្រហម ទើបអាចបញ្ចប់សង្រ្គាមបានដោយជោគជ័យ។ បើសិនជាគ្មានការចូលរួម របស់កងទ័ព មេបញ្ជាការតាមបណ្តាអង្គភាព កងពល និងការចូលរួមរបស់មេដឹកនាំនយោបាយ របស់អតីតអង្គការចាត់តាំងខ្មែរក្រហមនោះទេ សង្រ្គាមក៏មិនអាចបញ្ចប់បានដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«ប្រទេសច្រើនណាស់ ដែលធ្លាក់ក្នុងសង្រ្គាមដោយសារតែកងទ័ពធ្វើរដ្ឋប្រហារ ដោយសារតែកងទ័ពបះបោរមិនស្តាប់មេដឹកនាំនយោបាយ អ៊ីចឹងនៅក្នុងដំណាក់កាលនៃការអនុវត្តជោគជយនៃនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការចូលរួមរបស់ប្រតិបត្តិករសំខាន់ៗ ក្នុងនោះកងទ័ពជាស្នូល កងទ័ពគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម ...ក្នុងនោះកម្លាំងធំ គឺកម្លាំងជើងគោកដដែលក្នុងការអនុវត្តជោគជ័យនយោបាយឈ្នះ ឈ្នះ នាឆ្នាំ១៩៩៨»។
លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់កងទ័ពជើងគោក ដែលបានចូលរួមគ្រប់ដំណាក់កាលទាំងអស់ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា៕