ក្នុងកិច្ចពិភាក្សារវាងគណបក្សកាន់អំណាចអាស៊ានចំនួន ៧ និងរុស្ស៊ី លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យអាស៊ានត្រូវរាប់អានគ្រប់ភាគី ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ នៅចំពោះមុខការប្រណាំងប្រជែងរបស់មហាអំណាច។
លោកក៏បានអំពាវនាវឱ្យពិភពលោករួបរួមគ្នា លើកកម្ពស់ពហុភាគីនិយម ដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកតាមទិដ្ឋភាពច្បាប់អន្តរជាតិ ខណៈពិភពលោកកាន់តែផុយស្រួយនិងតានតឹងខ្លាំងរហូតមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធដាក់គ្នា។
ការអំពាវនាវរបស់ប្រមុខគណបក្សកាន់អំណាចកម្ពុជានេះ ធ្វើឡើងតាមរយៈការថ្លែងនៅក្នុងកិច្ចប្រជុំតុមូលអន្តរគណបក្សនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តាមប្រព័ន្ធវីដេអូក្រោមការផ្តួចផ្តើមរបស់គណបក្សរុស្ស៊ីរួបរួម និងមានការចូលរួមពីតំណាងនៃគណបក្សកាន់អំណាចក្នុងតំបន់អាស៊ានចំនួន ៦ ផ្សេងទៀតដូចជា គណបក្សកុម្មុយនីស្តវៀតណាម, គណបក្ស Golkar ឥណ្ឌូនេស៊ី, គណបក្សប្រជាជនបដិវត្តន៍ឡាវ, គណបក្សអង្គការជាតិម៉ាឡេរួបរួម (UMNO),គណបក្សសហភាពសាមគ្គីភាពនិងអភិវឌ្ឍន៍របស់មីយ៉ាន់ម៉ា និងគណបក្សភឿថៃ។
កិច្ចពិភាក្សានេះធ្វើឡើងក្រោមប្រធានបទ “តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌”។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលអន្តរគណបក្ស លោកហ៊ុន សែន បានផ្តើមសាទរចំពោះគំនិតផ្តួចផ្តើមរបស់គណបក្សកាន់អំណាចរុស្ស៊ី ក្នុងការបង្កើតកិច្ចពិភាក្សាតុមូលអន្តរគណបក្សនេះឡើង ដើម្បីជំរុញការរួបរួមជាសកល នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងឡើងពីការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច នៅមួយរយៈចុងក្រោយរហូតមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
លោកបានមានប្រសាសន៍ថា៖ «ពិភពលោកបានដាក់ចេញយុទ្ធសាស្ត្រពន្លឿនការផ្តាច់ចេញពីគ្នា ជាជាងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលនាំទៅរកការរង្គោះរង្គើនានានៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាឈ្នាន់។ បញ្ហានេះនាំទៅរកភាពមិនទុកចិត្តគ្នាពីសំណាក់មហាអំណាចដែលនាំឱ្យមានការរាំងស្ទះដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលជាប្រយោជន៍ និងកង្វល់រួម។ តួយ៉ាងការរាលដាលជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើន»។
លោកយល់ថា ចំពោះមុខនេះ អាស៊ានបានក្លាយទៅជាទីលានប្រកួតប្រជែងរបស់មហាអំណាចដ៏ក្តៅគគុកដោយវេទិកាដឹកនាំដោយអាស៊ាន ត្រូវបានយកទៅប្រើប្រាស់ជំរុញរបៀបវារៈរៀងៗខ្លួនដែលនាំឱ្យមានការរាំងស្ទះមជ្ឈភាពអាស៊ាន និងនាំទៅរកភាពតានតឹងក្នុងតំបន់។
លោកហ៊ុន សែន បានបញ្ជាក់ជាថ្មីថា អាស៊ានមិនគួរជ្រើសរើសភាគីណាមួយផ្តាច់មុខឡើយ ដោយចាត់ទុករាល់ភាគីសុទ្ធតែជាដៃគូមិនអាចខ្វះបាន ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ ដើម្បីមជ្ឈភាពអាស៊ាន និងប្រយោជន៍របស់ដៃគូអាស៊ានផង។
លោកក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះនិន្នាការនៃការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីអាចឱ្យបណ្តាប្រទេសដាក់ទណ្ឌកម្មទាំងនោះមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យដទៃទៀតដែលទន់ខ្សោយជាង។
លោកថ្លែងថា៖ «ខ្ញុំធ្លាប់លើកឡើងក្នុងសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ថា ប្រវត្តិសាស្ត្របានបង្រៀនយើងច្រើនលើកច្រើនសាហើយថា ការជ្រៀតជ្រែក ហើយអាក្រក់ជាងនេះគឺការប្រើប្រាស់មធ្យោបាយយោធាហើយដាក់បង្ខំឱ្យទទួលយកប្រព័ន្ធអភិបាលកិច្ចណាមួយ មិនមែនជាដំណោះស្រាយល្អទេ ដែលកម្ពុជាធ្លាប់ទទួលរងសោកនាដកម្មនេះរួចហើយ»។
ប្រមុខគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវឱ្យរក្សាបានឥទ្ធិពលនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ជុំវិញគោលការណ៍អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ ការអនុវត្តច្បាប់អន្តរជាតិដោយយុត្តិធម៌គ្មានស្តង់ដា២ ចៀសវាងបាត់បង់ឥទ្ធិពលសណ្តាប់ធ្នាប់អន្តរជាតិ ហើយត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី និងការទូត ក្នុងការដោះស្រាយបញ្ហាទាំងឡាយរួមទាំងជម្លោះប្រដាប់អាវុធ។
លោកផ្តាំថា ៖ «គេមិនអាចដោះស្រាយបញ្ហាដោយសង្គ្រាម ដោយទណ្ឌកម្មនយោបាយ ឬសេដ្ឋកិច្ច ដំណោះស្រាយឯកតោភាគី គាំពារនិយមបានទេ ដែលមិនអាចដោះស្រាយបញ្ហាបាន បែរជាពង្រីកបញ្ហា នាំទៅរកភាពស្មុគស្មាញ និងអូសបន្លាយពេលទៅវិញ ហើយលោកចង់ឃើញពិភពលោកពង្រឹងគោលការណ៍ពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាសកល»។
ក្នុងទំនាក់ទំនងអាស៊ាន-រុស្ស៊ី លោកហ៊ុន សែន ប្តេជ្ញាចិត្តក្នុងនាមជាប្រធានសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នឹងបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី បន្ថែមទៀត ជាពិសេសអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវផែនការភាពជាដៃគូនេះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិគាំទ្រចំពោះគំនិតនៃការអំពាវនាវរបស់លោកហ៊ុន សែន ឱ្យពិភពលោក ជាពិសេសមហាអំណាចរួបរួមគ្នា ហើយប្រើយន្តការច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិមកដោះស្រាយបញ្ហាប្រឈម ហើយចិន និងរុស្ស៊ី ក៏តែងអំពាវនាវដូច្នេះផងដែរ។
លោកបានបន្តថា ខណៈកន្លងមកមហាអំណាចមិនបានគោរពឡើយ ហើយតែងប្រើសិទ្ធិវេតូខ្លួន ឬកៅអីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីជាប្រយោជន៍រៀងខ្លួន ហើយរឿងរ៉ាវដែលប៉ះប្រយោជន៍ខ្លួនតែងមិនមានដំណោះស្រាយ ឬត្រូវគាំងច្រកចេញ តួយ៉ាងករណីរុស្ស៊ីដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅតែអូសបន្លាយមកទល់សព្វថ្ងៃ។
លោក សេង វណ្ណលី បានថ្លែងថា៖ «មហាអំណាចជាញឹកញយ តែងប្រើប្រាស់សណ្តាប់ធ្នាប់ពិភពលោក និងអង្គការសហប្រជាជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយនៅពេលមានការប៉ះពាល់ប្រយោជន៍ដល់ប្រទេសណាមួយក្នុងចំណោមប្រទេសមហាអំណាចធំៗ ដូចជា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី អង្គការសហប្រជាជាតិមិនសូវមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសកលឡើយ»។
លោកក៏សាទរផងដែរចំពោះការអំពាវនាវរបស់លោក ហ៊ុន សែន ដោយមិនឱ្យអាស៊ានរើសភាគីណាមួយម្ខាងៗ ដែលកន្លងមកជាញឹកញយបណ្តាសមាជិកអាស៊ានមួយចំនួនក៏តែងអំពាវនាវស្រដៀងគ្នានេះ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលឱ្យសមាជិកអាស៊ានរួមគ្នា យកមជ្ឈភាពអាស៊ានជាស្នូល នៅចំពោះមុខការប្រជែងឥទ្ធិពលមហាអំណាចជាពិសេស ចិន និងសហរដ្ឋអាមេរិក អាចរាំងស្ទះសមាហរណកម្មអាស៊ាន ដែលកន្លងមកកម្ពុជាខ្លួនឯងក៏ត្រូវបានគេរាប់បញ្ចូលផង ព្រោះគេមើលឃើញពីភាពលម្អៀងទៅរកចិន។
ចំពោះយុទ្ធនាការការទូតរុស្ស៊ីវិញ លោក សេង វណ្ណលី សង្កេតឃើញថា មួយរយៈចុងក្រោយនេះ រុស្ស៊ីព្យាយាមធ្វើពិពិធកម្មការទូតរបស់ខ្លួន ជាក់ស្តែងកិច្ចប្រជុំរវាងគណបក្សកាន់អំណាចកម្ពុជានិងរុស្ស៊ី និងកិច្ចពិភាក្សាតុមូលអន្តរគណបក្សក្របខ័ណ្ឌអាស៊ានជាដើម ដែលរុស្ស៊ីកំពុងស្តារមុខមាត់ប្រទេសខ្លួនឡើងវិញ បន្ទាប់ពីសមាជិកអង្គការសហប្រជាជាតិដាក់សម្ពាធមកលើខ្លួនចំពោះសង្គ្រាមឈ្លានពានអ៊ុយក្រែន ក្នុងនោះមានកម្ពុជា និងសមាជិកអាស៊ានមូយចំនួនផង៕