ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។
លោកបានសរសេរលើហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី ២៣ ខែមករាថា ក្នុងរយៈពេញ ១ ឆ្នាំ ២០២៣ កន្លងទៅ មានជនរងគ្រោះជាង ១ ៥០០ នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ដែលចំណែកនៃមូលហេតុធ្វើឱ្យមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
លោកបានបញ្ជាក់ថា៖«អ្នកនឹងក្លាយជាឃាតករបើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ បើតាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុង ១ លីត្រឈាមឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់និងសំណងរដ្ឋប្បវេណីនៅឡើយទេ»។
លោកស សុខា បានបន្ថែមទៀតថា លោកនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ ឱ្យឃាត់ខ្លួន និងវាយខ្នោះជាបន្ទាន់ រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួន ហើយបើកបរបង្កគ្រោះថ្នាក់ធ្វើឱ្យអ្នកដទៃរងរបួសឬស្លាប់ ខណៈក្រសួងមហាផ្ទៃក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យឬ Black List កត់ត្រាអ្នកបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា តាមការសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួននៅបំពានដោយចេតនា ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលស់ថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះ ក្នុងអាការស្រវឹងជោកជាំ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤ នាក់ និងរបួសធ្ងន់ស្រាល ៤ នាក់ទៀត។ រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។
លោក ស សុខា បានថ្លែងថា៖«បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលទម្លាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក ស្រវឹងកុំបើកបរ...និងអនុសាសន៍របស់សម្តេច ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»។ សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស!សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាតករសម្លាប់មនុស្ស»។
ជុំវិញបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី បានគាំទ្រការលើកឡើងរបស់លោក ស សុខា ចំពោះវិធានការបន្ថែមដែលនឹងត្រូវអនុវត្តដោយស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជារួមទាំងករណីពិសាគ្រឿងស្រវឹងហើយបើកបរ។
លោកបានបញ្ជាក់ថា៖«ខ្ញុំគាំទ្រ និងលើកទឹកចិត្តឱ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ដូចខ្ញុំធ្លាប់លើកឡើងកាលពីកន្លងទៅ។ សុំធ្វើឱ្យជាប់លាប់ ទូលំទូលាយ និងម៉ឺងម៉ាត់ និងធ្វើទាំងថ្ងៃទាំងយប់ ហើយមិនត្រឹមតែផ្តោតទៅលើតែគ្រឿងស្រវឹងនោះទេ ពេលខ្លះ ពីមុនយើងឃើញគ្រឿងស្រវឹងនេះ ដូចរាងស្ងាត់ ប៉ុន្តែមួយរយៈក្រោយមក វាកើនត្រឡប់មកវិញ»។
លោកថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺមិនអាចដកដៃបានទេ បើបាននិងកំពុងអនុវត្តជោគជ័យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវតែបន្តធ្វើថែមមួយកម្រិតទៀត មិនមែនគ្រាន់តែឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងជាបន្តបន្ទាប់ហើយទើបធ្វើនោះទេ។ ដូច្នេះត្រូវតែធ្វើជាប្រចាំដើម្បីឱ្យអ្នកបើកបរដឹងថាមានគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ដោយក្នុងនោះក៏មានគ្រឿងស្រវឹងផងដែរ។
ជាមួយគ្នានោះ លោក គឹម បញ្ញា ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងឱ្យបានឆាប់ ព្រោះវាមានភាពចាំបាច់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្ត និងការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងជំរុញឱ្យបណ្តាក្រុមហ៊ុនឬអាជីវកម្មដែលផ្តល់សេវាផលិតផលគ្រឿងស្រវឹងចូលរួមជំរុញការផ្សព្វផ្សាយ និងផ្តល់សម្ភារបច្ចេកវិទ្យាដល់អតិថិជន។
ជុំវិញរឿងនេះដែរ លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក៏បានថ្លែងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ជាពិសេសសម្រាប់ដើមឆ្នាំ ២០២៤ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ជាច្រើន បើទោះបីជាមានការណែនាំជារឿយៗពីថ្នាក់ដឹកនាំលើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នេះក៏ដោយ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ការយល់ឃើញរបស់ខ្ញុំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា រាជរដ្ឋាភិបាលត្រូវពង្រឹងចំណុចមួយចំនួនដូចជា ពង្រឹងគុណភាពនៃការបង្រៀនបើកបរ និងការចេញបណ្ណបើកបរ ពង្រឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍តាមសារព័ត៌មាន តាមសហគមន៍ សាលា ការបិទផ្សាយតាមប៉ាណូអប់រំជាដើម»។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាលត្រូវរឹតបន្ដឹងឬបញ្ឈប់ការផ្សព្វផ្សាយដោយលើកទឹកចិត្តឱ្យពិសាគ្រឿងស្រវឹង តាមរយៈការផ្តល់រង្វាន់ ការប្រើប្រាស់ជនមានប្រជាប្រិយភាពឬជនមានឥទ្ធិពលក្នុងសង្គម កែសម្រួលច្បាប់លើការពិសាគ្រឿងស្រវឹង ដោយហាមក្មេងអាយុក្រោម ១៨ ឆ្នាំពិសាគ្រឿងស្រវឹងឬទិញគ្រឿងស្រវឹង កំណត់ម៉ោងឈប់លក់គ្រឿងស្រវឹងរួមនឹងដំឡើងពន្ធលើគ្រឿងស្រវឹងផងដែរ»។
ទាក់ទងនឹងការបើកបរដោយមានជាតិស្រវឹងនេះដែរ នៅថ្ងៃទី ២៣ ខែមករា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ នាង សំអូន ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្ស ៤ នាក់ និងរបួស ៤ នាក់នៅក្រោមស្ពានអាកាសឫស្សីកែវកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បុរសរូបនេះពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលជាបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ» ដែលបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៕