ភ្នំពេញៈ ក្រសួងសុខាភិបាល បានក្រើនរំឭកឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះជំងឺអុតស្វាដោយបន្តអនុវត្តការបង្ការ ខ្លួន តាមវិធានការណែនាំរបស់ក្រសួងខណៈរកឃើញជំងឺអុតស្វា ១ ករណីទៀតដែលជាករណីទី ៤។
សេចក្ដីប្រកាសចុះថ្ងៃទី ២៣ ខែមករាបានឱ្យដឹងថា ក្រសួងបានរកឃើញករណីជំងឺអុតស្វាចំនួន ១ ករណីបន្ថែមទៀត លើបុរសម្នាក់ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញមានចំនួន ៤ ករណីហើយ។ អ្នកជំងឺអុតស្វានេះត្រូវដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។ «សូមអំពាវនាវក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វាដោយត្រូវស្វែងយល់ពីរបៀបឆ្លង និងត្រូវអនុវត្តវិធានការបង្ការនានា»។
ការបង្ការជំងឺអុតស្វារួមមាន៖ ត្រូវចៀសវាងការប៉ះពាល់ផ្ទាល់ដូចជា ឱប ថើប ម៉ាស្សានិយាយជិតគ្នាជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។ ចៀសវាងការប៉ះពាល់ផ្ទាល់ឬប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូក ខ្នើយឬកន្សែងពោះគោឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង អ្នកមានជំងឺអុតស្វាប្រើប្រាស់។ លើសពីនេះត្រូវចៀសវាងប៉ះពាល់អ្នកជំងឺអុតស្វា ក៏ដូចជាត្រូវពាក់ម៉ាស់ ប្រសិនបើនៅជិតអ្នកមានរោគសញ្ញាជំងឺអុតស្វា។
លោកអ៊ី លីម៉ាអ្នកជំនាញសុខភាពសាធារណៈ និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡាថ្លែងថា៖ «ដ្បិតតែវាជាជំងឺឆ្លងក៏ពិតមែន ប៉ុន្តែត្រឹមករណីឆ្លងម្នាក់ ឬក៏ ២ នាក់វាមិនមែនជាការបង្កឱ្យភ័យខ្លាចនិងធ្វើឱ្យប្រជាជនយើងមិនអាចចេញទៅប្រកបមុខរបរបាននោះទេ»។
លោកថា ចំពោះផលវិបាកនៃជំងឺនេះប្រសិនបើអ្នកឆ្លងជំងឺអុតស្វា មិនទទួលសេវាព្យាបាលឱ្យទាន់ពេលវេលានោះវាក៏អាចបណ្ដាល ឱ្យបាត់បង់អាយុជីវិតដែរ បើអ្នកឆ្លងជំងឺនោះជាអ្នកមានជំងឺរ៉ាំរ៉ៃ ជាមនុស្សចាស់ ស្ដ្រីមានផ្ទៃពោះ និងជាកុមារជាដើម៕