ភ្នំពេញៈ ក្រសួងមហាផ្ទៃ កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ ១៩៩៦ ឱ្យមានភាពស៊ីចង្វាក់ជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីធានាឱ្យការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។
ការរៀបចំវិសោធនកម្មច្បាប់នេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយលោកទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាមួយនឹងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤។ នេះបើយោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះលោកទ្រី សុខហេង បានបញ្ជាក់ថា កិច្ចការរបស់ក្រុមការងារបច្ចេកទេសជំហានទី ១ គឺត្រូវសិក្សា ស្រាវជ្រាវប្រមូលផ្ដុំឯកសារពាក់ព័ន្ធច្បាប់ជាតិ និងអន្តរជាតិ ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំជាគោលគំនិតរួម ជាទស្សនទានរួមនៃគោលបំណងដែលត្រូវរៀបចំក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ ១៩៩៦ ឱ្យមានភាពប្រទាក់ក្រឡាស៊ីចង្វាក់ជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលបានប្រកាសប្រើនៅឆ្នាំ ២០២០។
ក្រោយពីបញ្ចប់ការងារជំហានដំបូងនេះក្រុមការងារបច្ចេកទេស ត្រូវធ្វើរបាយការណ៍សុំគោលការណ៍ដឹកនាំចង្អុលបង្ហាញពីក្រុមការងាររៀបចំកសាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។ លោកថា៖«គោលបំណងផ្ដួចផ្ដើមធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ ១៩៩៦ នេះគឺដោយសារច្បាប់ចាស់មិនអាចឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាក្នុងសម័យឌីជីថលបាន គឺធ្វើយ៉ាងណាឱ្យច្បាប់នេះមានសង្គតិភាពជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងដើម្បីធានាឱ្យការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើវិសោធនកម្មច្បាប់នេះ វាមិនមែនជារឿងដែលសំខាន់ខ្លាំងនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺត្រូវពិនិត្យមើលគ្រប់មូលដ្ឋានដែលជាកន្លែងប្រជាពលរដ្ឋរស់នៅ តើមានការអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណឱ្យលេងល្បែងស៊ីសងដែរឬទេ? ហេតុនេះប្រសិនជាមានការអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណឱ្យលេងល្បែងស៊ីសង នៅក្នុងសហគមន៍ នោះល្បែងស៊ីសងមិនអាចលុបបំបាត់បានឡើយ ពីព្រោះវាអាចមានន័យថា ជាការបង្ក្រាបល្បែងស៊ីសងកន្លែងតូច មកឱ្យប្រជាពលរដ្ឋចូលលេងកន្លែងធំៗ។
លោក គិមអេងបញ្ជាក់ថា៖«អ៊ីចឹង!យើងគួរតែធ្វើវិសោធនកម្មច្បាប់ហ្នឹង ដាច់ខាតកុំឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានសហគមន៍របស់ប្រជាពលរដ្ឋរស់នៅ។ យើងក៏ចង់ឱ្យច្បាប់ហ្នឹងត្រូវកំណត់ទីតាំងសម្រាប់ល្បែងស៊ីសងឱ្យបានច្បាស់លាស់ កុំឱ្យដូចបច្ចុប្បន្ននេះ ទាំងស្របច្បាប់ និងមិនស្របច្បាប់នៅពាសវាលពាសកាលទូទាំងប្រទេស»។
លោកអះអាងថា ទោះបីជាមានច្បាប់ល្អយ៉ាងណា ប៉ុន្តែប្រសិនជាការអនុវត្តរបស់សមត្ថកិច្ច មិនអាចមានសមត្ថភាពបង្ក្រាបបាននិងនៅតែបន្តលួចលាក់យកលុយក្រៅ នោះល្បែងស៊ីសងខុសច្បាប់ក៏នៅតែបន្តមាន ចំណែកប្រជាពលរដ្ឋមួយចំនួនក៏នៅបន្តធ្លាក់ខ្លួនក្រដោយសារលេងល្បែងស៊ីសង។
លោកបានថ្លែងថា៖«ខ្ញុំមើលឃើញបច្ចុប្បន្ននេះ ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើល្បែងស៊ីសង គឺហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពនោះទេ ពីព្រោះរាល់ករណីដែលសមត្ថកិច្ចបានបង្ក្រាប វាមិនបានធ្វើឱ្យល្បែងស៊ីសងថយចុះក្នុងសហគមន៍ឡើយ»។
យោងតាមច្បាប់ស្ដីពី ការបង្ក្រាបល្បែងស៊ីសងឆ្នាំ ១៩៩៦ ក្នុងមាត្រា ៥ បានបញ្ជាក់ថា ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង និងអ្នកចាត់ចែង និងភ្នាក់ងារលេងល្បែងស៊ីសង នឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល និងដាក់គុកពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។ ចំណែកនៅក្នុងមាត្រា ១០ ក៏បានបញ្ជាក់ដែរថា ក្រៅពីរាជរដ្ឋាភិបាល អាជ្ញាធរណាក៏ដោយក៏គ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកលេងល្បែងស៊ីសងនៅកន្លែងណាជាដាច់ខាត។ ចំពោះមន្ត្រី ឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសង នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។
សូមបញ្ជាក់ថា ក្នុងអាណត្តិទី ៧ នេះ ក្រសួងមហាផ្ទៃ ក៏នៅតែបន្តដាក់ចេញនូវគោលដៅអាទិភាព ៦ ចំណុច ក្នុងនោះមាន ការបង្ក្រាបល្បែងស៊ីសង បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដោយព្រំដែនកម្ពុជាផងដែរ៕