ភ្នំពេញៈ ជំងឺអុតស្វាចំនួន ១ ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលធ្វើឱ្យការរកឃើញសរុបនៃជំងឺអុតស្វានេះកើនឡើងដល់ចំនួន ៤ ករណី ហើយចាប់តាំងពីចុងឆ្នាំ ២០២៣ មក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ២៤ ខែមករានេះ។
ក្រសួងសុខាភិបាលបានធ្វើការជម្រាបជូនដល់សាធារណជនថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វាចំនួន ១ ករណីបន្ថែមទៀតលើបុរសម្នាក់ ដូច្នេះសរុបជំងឺអុតស្វា ដែលបានរកឃើញ គឺមានចំនួន ៤ ករណីហើយ។
ក្រសួងបានបញ្ជាក់ថា បុរសម្នាក់ដែលត្រូវបានរកឃើញមានជំងឺអុតស្វានោះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីពេទ្យយ៉ាងត្រឹមត្រូវ។ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំឭកដល់ពលរដ្ឋសាជាថ្មីទៀត សូមឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា៕