ភ្នំពេញៈសហភាពអឺរ៉ុបគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល សម្រាប់និស្សិតកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល ដោយនិស្សិតអាចពង្រឹងសមត្ថភាពជំនាញវិទ្យាសាស្ត្ររបស់ខ្លួន និងមានឱកាសទទួលបានការងារកាន់តែទូលំទូលាយ ជាពិសេសលើឆាកអន្តរជាតិ។
នេះជាការលើកឡើងរបស់ លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការ នៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ដែលបានថ្លែងក្នុងសិក្ខាសាលា ស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល និងការអបអរខួប២ឆ្នាំក្នុងភាពជា ដៃគូក្នុងការគាំទ្រនិស្សិតកម្ពុជាក្នុងការហាត់ការស្រាវជ្រាវលើវិស័យជលផល ដែលធ្វើឡើងនៅសណ្ឋាគារសាន់វេ ព្រឹកថ្ងៃទី១៥ ខែមករា។
ប្រភពដដែលបានលើកឡើងថា សហភាពអឺរ៉ុបបានគាំទ្រ ដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផលកម្ពុជា មានរយៈពេល២ឆ្នាំមកហើយ ដែលកម្មវិធីនេះ គឺសំដៅកសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីសម្រាប់ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពនៅកម្ពុជា។
លោកថ្លែងថា៖«ការបង្កើនប្រសិទ្ធភាពនៃការស្រាវជ្រាវទាំងអស់នេះគឺជាគន្លឹះដ៏សំខាន់ក្នុងការជួយគ្រប់គ្រងផ្នែកជលផល ជាពិសេសឆ្លើយតបចំពោះបញ្ហាប្រឈមមួយចំនួនដែលកំពុងតែកើតមានឡើង និងបង្កជាផលវិបាកដល់ការអភិវឌ្ឍ ក៏ដូចជាប៉ះពាល់ដល់និរន្តរភាពទីជម្រកសត្វក្នុងទឹក»។
លោក Everaert Koen បញ្ជាក់ថា សម្រាប់កិច្ចគាំទ្រនេះ សហភាពអឺរ៉ុបមានដៃគូសហការជាច្រើន ដែលធ្វើការងារលើការពង្រឹងសមត្ថភាពនៃធនធានមនុស្សលើវិស័យជលផល និងការគ្រប់គ្រងHRMIS ប្រព័ន្ធទិន្នន័យHRMIS ក៏ដូចជាជួយដល់វិស័យនេសាទ និងវារីវប្បកម្ម និងជួយដល់ការអប់រំផ្នែកឧត្តមសិក្សាទាក់ទងនិងផ្នែកនេសាទ វារីវប្បកម្ម ដែលអនុវត្តបច្ចេកទេសដោយ អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)។
លោកបានឱ្យដឹងថា សហភាពអឺរ៉ុបបានគាំទ្រមូលនិធិសម្រាប់កម្មវិធីនិស្សិតហាត់ការ ក្នុងការសិក្សាស្រាវជ្រាវចំនួន ៣៧នាក់ មកពីសាកលវិទ្យាល័យចំនួន៤ គឺ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងវិស័យជលផល ដោយបានពិគ្រោះយោបល់ និងស្នើឡើង ដោយខណ្ឌរដ្ឋបាលជលផលនៅទូទាំង ២០ ខេត្ត នៅតំបន់ឆ្នេរ និងតំបន់ទឹកសាប។ ក្នុងកម្មវិធីនេះ និស្សិតម្នាក់ទទួលបានថវិកា ៣ ០០០ ដុល្លារអាមេរិកសម្រាប់ការសិក្សាស្រាវជ្រាវ ៦ខែដំបូង និងថវិកា ៥០០ ដុល្លារ អាមេរិកក្នុង១ខែសម្រាប់៦ខែបន្ទាប់។
ថ្លែងក្នុងសិក្ខាសាលានោះដែរ លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានជំរុញដល់និស្សិតហាត់ការទាំងអស់ ពង្រឹង សមត្ថភាពជំនាញឱ្យបានកាន់តែខ្លាំងជាមួយនឹងឱកាសដែលកំពុងតែមានពេលនេះ ហើយត្រូវ រៀនសូត្រភាសាអន្តរជាតិឱ្យបានខ្លាំងបន្ថែមទៀត ដើម្បីក្លាយជាធនធានកំពូល និងអាចចាប់យកឱកាសការងារលំដាប់ពិភពលោកបាន។
លោកថ្លែងថា៖«អ្វីដែលសំខាន់គឺប្អូនៗត្រូវមានសមត្ថភាព ខិតខំប្រឹងប្រែងទាំងការងារបច្ចេកទេស និងភាសាអង់គ្លេស បើសិនជាប្អូនមិនចេះភាសាអង់គ្លេសទេ ទៅធ្វើអីក៏មិនទាន់គេដែរ រាល់ឯកសារអ្វីៗទាំងអស់ មាននៅក្នុងទូរស័ព្ទ ក្នុងកុំព្យទ័រងាយបំផុត»។
កញ្ញា Rebekah Bell តំណាងអង្គការ FAO បានថ្លែងលើកទឹកចិត្តនិស្សិតទាំងអស់ ឱ្យខិតខំរៀនសូត្រភាសាបរទេសឱ្យបានកាន់តែច្រើនកាន់តែល្អ ព្រោះការងារនៅលើឆាកអន្តរជាតិ គេត្រូវការប្រើប្រាស់ភាសាសកលដែលប្រជាជាតិជាច្រើនប្រើការក្នុងទំនាក់ទំនង។ កញ្ញាបានលើកឡើងថា ដំបូងមុនកាន់ការងារជាតំណាងអង្គការ FAO ក៏ធ្លាប់ឆ្លងកាត់ជីវិតជាអ្នកហាត់ការស្រាវជ្រាវ ដូចនិស្សិតទាំងអស់ដែលកំពុងធ្វើពេលនេះដែរ។ កញ្ញាសង្ឃឹមថា ទាំងអស់គ្នាអាចសម្លឹងមើលអនាគតរបស់ខ្លួនឯង ដែលអាចអង្គុយនៅកៅអីការងារលំដាប់ពិភពលោកបាន ដោយអាចមើលនាងជាគំរូ។
កញ្ញាបន្ថែមថា៖«អ្នកទាំងអស់គ្នាអាចដើរតួជាខ្ញុំនៅថ្ងៃណាមួយនៅពេលអនាគត ក្នុងនាមជាស្ថាប័នអន្តរជាតិ ហើយដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ ហើយនេះគឺជាជំហានដំបូងរបស់អ្នកទាំងអស់គ្នាក្នុងអាជីពការងារ ហើយយើងមានចក្ខុវិស័យវែងឆ្ងាយក្នុងការជួយយុវជន ឱ្យសម្រេចបានគោលដៅរបស់ខ្លួន»។
កញ្ញាលើកឡើងឱ្យដឹងផងដែរថា នៅពេលអនាគតគ្រប់គ្នាក៏អាចមានការងារល្អៗផ្សេងទៀត ដូចជាបម្រើការងារ នៅតាមស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាធ្វើការងារនៅក្នុងវិស័យស្រាវជ្រាវ និងផ្នែកឧត្តមសិក្សាផ្សេងៗ ដែលទាំងអស់នោះគឺបានបង្កើននូវបញ្ញវន្តជាច្រើននៅតាមវិស័យនានា តាមរយៈការសិក្សាភាសា៕