ក្រសួង​អប់រំ យុវជន និង​កីឡា បើក​វគ្គ​បណ្តុះបណ្តាល​ពី​គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការអនុវត្ត​មុខការ​អប់រំ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្រុង ស្រុក ខណ្ឌ ចំនួន​៤ ខេត្ត ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សេវា​អប់រំ ក្នុង​គោលដៅ​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ លើ​កំណែទម្រង់​វិស័យ​អប់រំ បន្ទាប់ពី​រដ្ឋបាល​ថ្នាក់កណ្តាល​សម្រេច​ផ្ទេរ​កិច្ចការ​នេះ​ទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។ 

​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ធ្វើឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៤ នៅ​សាល​មហោស្រព​ខេត្តក្រចេះ ដោយមាន​ការចូលរួម​ពី​តំណាង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​ពី​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ  ពី​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី ចំនួន​ជាង ១៥០​នាក់​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ប្រកាស​ពី​ក្រសួង​អប់រំ​។​

ក្រសួង​បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ​មានបំណង​ផ្តល់​ការណែនាំ និង​តម្រង់ទិស​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពី​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ផ្នែក​ពាក់ព័ន្ធ​លើ​ការអនុវត្ត​មុខងារ​អប់រំ យុរ​ជន និង​កីឡា ដែល​បាន​រដ្ឋាភិបាល​ថ្នាក់កណ្តាល​សម្រេច​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​បង្កើន​គុណភាព​សេវា​អប់រំ​តាម​មូលដ្ឋាន និង​ជា​ជំហាន​នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កំណែទម្រង់​វិស័យ​អប់រំ​ដែលជា​ប្តេជ្ញា​មោះមុត​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។​

​ក្នុង​ពិធី​នេះ លោក​សេរី ជំនះ បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ចសហការ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ស្ថាប័នរដ្ឋ និង​មិនមែន​រដ្ឋ ដើម្បី​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​នេះ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ ជាពិសេស​កិច្ច​គាំទ្រ​ពី​លោ​កស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បី​តម្រង់ទិស​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​អនុវត្ត​កម្មវិធី​គ្រប់គ្រង​គុណភាព​សេវា​អប់រំ​ដល់​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព​។​

​លោក​ថ្លែងថា​៖«​ការធ្វើ​វិមជ្ឈការ​មុខងារ​អប់រំ ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស​នេះ ផ្តោតលើ "​ការប្រគល់​មុខងារ​គ្រប់គ្រង​" ចំនួន​៣ រួមមាន ការអប់រំ​កុមារ​តូច ការអប់រំ​បឋមសិក្សា និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ និង "​ការធ្វើប្រតិភូកម្ម​មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​” ចំនួន​៣ ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ការងារ​អភិវឌ្ឍ​យុវជន និង​ការងារ​អប់រំ​កាយ និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស​»​។​

​លោក​បន្តថា ទោះបី​មានការ​ផ្ទេរ​ការគ្រប់គ្រង​សេវា​អប់រំ​ទៅដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្តី ក៏ប៉ុន្តែ​ក្រសួង​អប់រំ នៅតែ​ជា​ស្ថាប័ន​មាន​គណនេយ្យភាព​ចំពោះ​រដ្ឋាភិបាល និង​រដ្ឋសភា ដើម្បី​ធានា​វិស័យ​អប់រំ​នេះ ជាពិសេស​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវមាន​ទំនួល​ខុសត្រូវ លើ​កិច្ចការ​នេះ តាមរយៈ​កិច្ចសហការ​នឹង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត​។​

លោក​បន្ថែមថា​៖«​ក្រៅពីនេះទៀត ក្រុមប្រឹក្សា និង​គណៈ​អភិបាល​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​ធានា​ឱ្យបាន​ថា ការអនុវត្ត​មុខងារ​ត្រូវតែ​ស្របតាម​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ជាតិ កម្មវិធីសិក្សា​ជាតិ និយាម និង​ស្តង់ដា​នានា​ដែល​បានកំណត់​»​។​

ពាក់ព័ន្ធ​ការងារ​នេះ លោក​ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវជ្រាវ ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា គាំទ្រ​ទៅលើ​ការបណ្តុះបណ្តាល​អំពី​ការគ្រប់គ្រង​ផ្នែក​អប់រំ ដល់​មន្ត្រី​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​រឿង​សំខាន់​ខណៈ​កន្លងមក​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គ្រាន់តែ​ទទួល​បទបញ្ជា​ពី​រដ្ឋបាលកណ្តាល​ពោលគឺ​ក្រសួង​អប់រំ ដែល​ទាមទារ​ការតម្រង់ទិស និង​ស្រូបយក​បទពិសោធន៍​បន្ថែ​ម ក្រោយពេល​ខ្លួន​ទទួល​សិទ្ធិ​គ្រប់គ្រង​វិស័យ​អប់រំ​មូលដ្ឋាន​របស់ខ្លួន​ពី​រដ្ឋាភិបាល​»​។​

​លោក​បន្តថា​៖«​វា​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ដើម្បី​ផ្លាស់ប្តូរ​យោបល់ បទពិសោធន៍ គោលការណ៍ កន្លែង​ដែល​រដ្ឋបាល​មូលដ្ឋាន​មាន​ចម្ងល់​អាច​សាកសួរ​រដ្ឋបាលកណ្តាល​ដែល​ធ្លាប់​កាន់​កិច្ចការ ដើម្បី​ការផ្ទេរអំណាច និង​សិទ្ធិ​គ្រប់គ្រង​សេវា​អប់រំ​នេះ​ទៅ​មាន​ប្រសិទ្ធភាព​។ ការបណ្តុះបណ្តាល​នេះ មិន​ធ្វើ​តែម្តង​ទេ យើង​គួរ​មាន​រាល់​ឆ្នាំ ឬ​មាន​ទៅតាម​ការចាំបាច់​។ វិស័យ​អប់រំ​នេះ ទាមទារ​ឱ្យមាន​ការគ្រប់គ្រង​ឱ្យមាន​ល្អ»​។​

លោក​សាទរ​ផងដែរ​ចំពោះ ការណ៍​ដែល​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ មាន​សិទ្ធិអំណាច​គ្រប់គ្រង​សេវា​អប់រំ​ចំពោះ​កុមារ​តូច និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ ដែល​អាជ្ញាធរ​មូលដ្ឋាន​នៅ​នឹង​សហគមន៍​ខ្លួន​ផ្ទាល់ មានការ​យល់ដឹង​ពី​បរិស្ថាន ឬ​លក្ខណពិសេស​នៃ​តំបន​ខ្លួន​ច្បាស់ ដើម្បី​អាច​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​អប់រំ​ជារួម​។​

​លោក​ ឈ​ត ប៊ុន​ថង បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​អប់រំ គួរ​សហការគ្នា​ឱ្យបាន​ល្អ ដែល​មិនអាច​បណ្តែត​បណ្តោយ​ឱ្យតែ​អាជ្ញាធរ​ធ្វើ​តែមួយ​មុខ​គត់​ឡើយ ចៀសវាង​កើតមាន​បញ្ហា ដែល​រដ្ឋបាល​ថ្នាក់កណ្តាល ត្រូវ​ឃ្លាំមើល ត្រួតពិនិត្យ​បច្ចេកទេស ឱ្យមាន​ទៀងទាត់​ដើម្បី​អាចឱ្យ​ទិសដៅ​និង​ផែនការ​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​ដាក់ចេញ​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​ការ​គ្រោងទុក​។​

គួរ​ជម្រាបជូន​ថា រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ កន្លងទៅ ដែល​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០២៤ នេះ ក្នុង​គោលដៅ​ពង្រីក​ការធ្វើ​វិមជ្ឈការ​មុខងារ​អប់រំ ការអប់រំ​កុមារ​តូចៗ និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​ជាដើម​៕