ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផ្លែត បានអះអាងថា ពី ១ ថ្ងៃទៅ ១ ថ្ងៃពលរដ្ឋខ្មែរបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបន្តបន្ទាប់កាន់តែច្រើនឡើង ដែលគិតចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំមុន មកទល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ គឺមានជាង ៤ លាននាក់នៅទូទាំងប្រទេស។
លោក អ៊ាង សុផល្លែត ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំផងដែរនោះបានលើកឡើងដូចនេះកាលពីថ្ងៃទី២៤ ខែមករា ក្នុងពិធីប្រកាសនិងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
លោកបានបញ្ជាក់ថា៖«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមានគោលដៅសំខាន់ធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការិនី និងអ្នកចូលរួមផ្សេងៗទៀតនៅទូទាំងប្រទេសដែលរហូតមកដល់ពេលនេះមានអ្នកចូលរួម ដោយផ្ទាល់ជាង៤លាន៣សែននាក់ហើយ»។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មក។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានជំរុញដល់រាជធានីខេត្តទាំងអស់ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានផុសផុលនិងបានសំណូមពរឱ្យមានការខិតខំបន្ថែមទៀតដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលជាអាទិភាព៥+១របស់រាជរដ្ឋាភិបាល។
លោកអ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា៖«ផ្ទះយើងស្អាតយើងអាចទាក់ទាញបានទេសចរនិងអ្នកវិនិយោគបានកាន់តែច្រើនថែមទៀតមកកម្ពុជា»។
លោកបានបន្តថា៖«យុទ្ធនាការក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ នេះគឺជាជំហានទី១ ហើយជំហានទី២ គឺការសម្អាតបរិស្ថាន និងមានជំហានទី៣ បន្តបន្ទាប់ទៀត គឺដែលការដាក់ចេញក្នុងការជំរុញការលើកកម្ពស់បរិស្ថាន សោភណភាពរបស់កម្ពុជាឱ្យស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុបបំបាត់សំរាម សំណល់ប្លាស្ទិកបន្តិចម្តងៗឱ្យអស់ពីកម្ពុជាក្នុងពេលអនាគតដ៏ខ្លី»។
ទាក់ទងនឹងយុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសគាំទ្រដោយលោកលើកឡើងថា កំណើននៃការប្រើប្រាស់និងកើនឡើងសំណល់ប្លាស្ទិកបង្កឱ្យការបំពុលប្លាស្ទិកទៅក្នុងបរិស្ថាន បង្កផលប៉ះពាល់ដល់សុខភាពមនុស្សនិងជីវៈចម្រុះផ្សេងៗទៀតក៏ដូចជាការបាត់បង់សោភណភាពបរិស្ថានជាដើម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការការកាត់បន្ថយការប្រើប្លាស្ទិក ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលថ្មីៗនេះ ជាពិសេសយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ដែលរួមចំណែកផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃនៅកម្ពុជា»។
យោងតាមក្រសួងបរិស្ថាន អ្នកចូលរួមជាង៤លាននាក់ក្នុងយុទ្ធនាការនេះ រួមមាន លោកគ្រូ អ្នកគ្រូជាង១៦ម៉ឺននាក់ សិស្សានុសិស្សជាង៣លាននាក់ កម្មករកម្មការិនីជាង២៧ម៉ឺននាក់ និងអ្នកចូលរួមផ្សេងៗទៀតទៀតជាង៤២ម៉ឺនអង្គ/នាក់ផងដែរ។
តាមរយៈយុទ្ធនាការនេះបានផ្សព្វផ្សាយសរុបចំនួន១៤ ២៣១លើក ក្នុងនោះមានតាមសាលារៀនចំនួន ៩ ៦០៧សាលា, រោងចក្រចំនួន៣៨៨រោងចក្រ,វត្តអារាមចំនួន៥៧វត្ត និងសហគមន៍ទីប្រជុំជនចំនួន១២៥កន្លែង នៅទូទាំងប្រទេសកម្ពុជា។
យុទ្ធនាការនេះក៏បាននិងកំពុងអនុវត្តក្នុងរាជធានី ខេត្តចំនួន១៧រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត ក្រចេះ រាជធានីភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី ព្រះសីហនុ ស្វាយរៀង តាកែវ កែប ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ៕