ភ្នំពេញៈ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្វាគមន៍ នាវាទេសចរណ៍ Westerdam ដែលមកកាន់​កម្ពុជា ជាថ្មីម្តងទៀត​នៅថ្ងៃទី២៥ ខែមករានេះ ដោយនាំអ្នកទេសចរ​មក ចំនួន១ ៨៧៣ នាក់ មាន ៤៣ សញ្ជាតិ។ 

លោកនាយក​រដ្ឋមន្រ្តី​បានសរសេរ​ថា៖«អរគុណ​ដល់នាវា​ទេសចរណ៍ Westerdam  ដែលតែងចងចាំ និងនឹករឭក​កម្ពុជា ព្រមទាំងពាំនាំ​អ្នកទេសចរ មកកម្សាន្ត និងស្វែងយល់​អំពីគោលដៅ​ទេសចរណ៍​នៅកម្ពុជា ដែលកំពុងសុខសាន្ត​ក្នុងសុខសន្តិភាព។ កម្ពុជា​តូច តែបេះដូង​ធំ»។ 

នាវា​ទេសចរណ៍Westerdamបាននាំភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិសាសន៍ ចូលចត​នៅកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងមក ដែលកាលនោះ​មានភ្ញៀវទេសចរ​ចម្រុះ​ជាតិសាសន៍​ជិត ២ ០០០ នាក់។

យោងតាមក្រសួងព័ត៌មាន​បានឱ្យដឹង​ថា នាវា​ទេសចរណ៍ Westerdamនេះបាននាំ​ភ្ញៀវទេសចរបរទេស​ចម្រុះជាតិសាសន៍​ធ្វើដំណើរ​ចាកចេញពី​ប្រទេស​ថៃ ចូលសំចត​នៅកំពង់ផែ​ស្វយ័តក្រុង​ព្រះសីហនុ កាលពី​វេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ នាវានេះ​មានគម្រោងចាកចេញ​ពីកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅវេលាម៉ោង ២១ យប់ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឆ្ពោះទៅកាន់ប្រទេស​វៀតណាម។

ភ្ញៀវទេសចរបរទេស​ដែលធ្វើដំណើរ​តាមនាវា Westerdam មាន​ចំនួន ១ ៨៧៣នាក់ ស្រី​ចំនួន ៩៨៦ នាក់ មាន ៤៣ សញ្ជាតិ និងមាននាវិក​សរុប​ចំនួន ៧៧៦ នាក់ ស្រី ១២៨ នាក់ មាន ៣៧ សញ្ជាតិ។ 

ភ្ញៀវទេសចរ​ដែលធ្វើដំណើរ​តាមនាវា​ទេសចរណ៍ Westerdam ភាគច្រើន​ជាមនុស្សដែល​មានវ័យ​ចំណាស់។ ក្នុងចំណោមភ្ញៀវ​ទេសចរ ដែលមានសញ្ជាតិ​ច្រើនជាងគេ មានដូចជា អាមេរិក​ចំនួន ៨៧០ នាក់, កាណាដា​ចំនួន ២៨៨ នាក់, អង់គ្លេស ១៩១ នាក់ ក្រៅពីនោះមាន​ភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍​ផ្សេងទៀត។ ក្នុងចំណោមភ្ញៀវ​ទេសចរបរទេស ដែលធ្វើ​ដំណើរតាម​នាវា Westerdam មានភ្ញៀវទេសចរ​ចូលក្នុងប្រទេស​កម្ពុជា ចេញទៅខេត្ត​សៀមរាប មានចំនួន ៥៩ នាក់ ស្រី ២៨ នាក់ ស្មើនឹង ៤​សញ្ជាតិ៕