ប៉ៃលិនៈ ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន បាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០ តោន ទៅកាន់ប្រទេសចិន ក្នុង ១ ថ្ងៃ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញក្នុងបរិមាណច្រើនបែបនេះ គឺមានតែនៅក្នុងពេលជិតពិធីបុណ្យចូលឆ្នាំចិនប៉ុណ្ណោះ។
កញ្ញា អ៊ឹម រចនា ប្រាប់ឱ្យដឹង នៅថ្ងៃទី ២៤ ខែមករាថា ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺជាក្រុមហ៊ុនដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។
កញ្ញាបានបញ្ជាក់ថា៖ «ការនាំចេញមៀនប៉ៃលិនស្រស់ ក្នុងបរិមាណ ១០០ តោន ក្នុង ១ ថ្ងៃៗ របស់ក្រុមហ៊ុននេះ ទៅកាន់ប្រទេសចិន គឺមានតែនៅអំឡុងពេលជិតបុណ្យចូលឆ្នាំចិនតែប៉ុណ្ណោះ ដោយសារតែជិតដល់ពិធីបុណ្យចូលឆ្នាំចិនតម្រូវការផ្លែមៀនស្រស់នៅប្រទេសចិន មានតម្រូវការខ្ពស់ម្ល៉ោះហើយបានជាការនាំចេញមានច្រើនដែរ ខណៈដែលការនាំចេញមៀនប៉ៃលិនស្រស់ ជាមធ្យមគឺមានបរិមាណតិចជាងនេះ»។
ជាមួយគ្នានោះដែរ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីបំពេញបានលក្ខខណ្ឌតម្រូវភូតគាមអនាម័យស្របតាមពិធីសារ ផ្លែមៀនស្រស់កម្ពុជាបានចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិននៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
ក្នុងឆ្នាំ ២០២២ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនមានរយៈពេលតែ ២ ខែ។ ចំណែកឯការនាំចេញក្នុងឆ្នាំ ២០២៣ មានរយៈពេលរហូតដល់ទៅ ១២ ខែពេញ។ នេះជាកត្តាសត្យានុម័ត បរិមាណនាំចេញក្នុងឆ្នាំ ២០២៣ ត្រូវតែមានកំណើនខ្ពស់ជាងឆ្នាំ ២០២២។
លោកបានបន្ថែមថា ចំណែកតម្លៃប្រមូលទិញផ្លែមៀនពីកសិករកាលពីខែធ្នូ ឆ្នាំ ២០២៣ មានតម្លៃល្អគួរសមដោយតម្លៃប្រមូលទិញពីកសិករគឺចំនួនពី ៣ ០០០ ទៅ ៣ ៦០០ រៀលក្នុង ១ គីឡូក្រាម។
លោកបានបញ្ជាក់ថា៖ «សម្រាប់ក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាប្រមូលទិញពីកសិករគឺមានតម្លៃថេរ ៣ ៦០០ រៀលក្នុង ១ គីឡូក្រាម។ នៅក្នុងឆ្នាំ ២០២៣ ការនាំចេញទៅប្រទេសចិនតម្លៃបានធ្លាក់ចុះប្រមាណ ៤០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២២ កន្លងទៅ ដោយសារវិបត្តិអតិផរណាក្នុងប្រទសចិន ដែលបណ្តាលឱ្យប្រជាជនចិន បានកាត់បន្ថយការចំណាយ។ ដើមឆ្នាំនេះជិតដល់រដូវចូលឆ្នាំចិនផង បើតាមការឱ្យដឹងពីក្រុមហ៊ុន ការបញ្ជាទិញមានចំនួនច្រើនជាងថ្ងៃធម្មតា»។
សូមរំឭកដែរថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ ការនាំចេញផ្លែមៀនស្រស់មានបរិមាណសរុប ១៧ ៤៩៧,៣៩ តោនទទួលបានទឹកប្រាក់សរុបចំនួន ២៤ ៧៥៨ ៨០៦,៨៥ ដុល្លារអាមេរិក។
ក្នុងនោះការនាំចេញទៅប្រទេសចិន ចំនួន ១៧ ៣៨០,៧០ តោន ទទួលបានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ ដុល្លារអាមេរិក និងប្រទេសវៀតណាមចំនួន ១១៦,៦៩ តោនទទួលបានទឹកប្រាក់ចំនួន ១៦៥១១៦,៣៥ ដុល្លារអាមេរិក (ដែលឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ)៕