ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ ដើម្បីប្រមូលធាតុចូលពីអនុវិស័យដែលពាក់ព័ន្ធ ដើម្បីដាក់ចេញផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៤ ធ្វើឱ្យវិស័យកសិកម្មកាន់តែល្អប្រសើរ ខណៈក្រសួងបានវាយតម្លៃថាការអនុវត្តឆ្នាំមុន ទទួលបានសមិទ្ធផលជាវិជ្ជមានផ្នែកជលផល និងការងារអភិរក្សសត្វផ្សោត ក៏ដូចជាដំណាំស្រូវ និងស្វាយចន្ទីកំពុងមានទីផ្សារខ្ពស់។
ក្រសួងកសិកម្ម នឹងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ និងថ្ងៃទី ២៩ ខែមករា ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទក្រសួងចំនួន ២៨០ រូប។
ក្នុងរយៈពេលសន្និបាតនេះ ថ្នាក់ដឹកនាំក្រសួងដែលទទួលខុសត្រូវតាមអនុវិស័យទាំង ៥ និងកម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ របស់រាជរដ្ឋាភិបាល នឹងធ្វើបទបង្ហាញជូនដល់អង្គសន្និបាត ដើម្បីជជែកពិភាក្សា ផ្ដល់ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអនុវត្តសម្រាប់ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ធ្លាប់បានបញ្ជាក់ថា៖ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលជាត្រីវិស័យក្នុងការជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃ តាមរយៈជំរុញសហគមន៍កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមទាំងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា នៅថ្ងៃទី ២៥ ខែមករានេះ បានថ្លែងប្រាប់បន្ថែមថា នៅក្នុងអង្គសន្និបាតនេះ គ្រប់ ភាគីពាក់ព័ន្ធនឹងជជែកពិភាក្សាគ្នាផ្លាស់ប្តូរយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការវាយតម្លៃចំពោះការងារឆ្នាំចាស់ដែលអនុវត្តកន្លងមក ថាតើទទួលបានសមិទ្ធផលវិជ្ជមានអ្វីខ្លះ និងបញ្ហាប្រឈមអ្វី ខ្លះ ដើម្បីដាក់ចេញផែនការសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤ សំដៅឱ្យវិស័យកសិកម្មកាន់តែល្អប្រសើរ។
កញ្ញាបន្តថា៖ «សម្រាប់អនុវិស័យសំខាន់ៗនៅក្រសួងកសិកម្ម ឃើញថា អនុវិស័យដែលទទួលបានសមិទ្ធផលជាវិជ្ជមានមានដូចជាអនុវិស័យជលផល ដែលទទួលបានជោគជ័យនៅក្នុងការងារអភិរក្ស ក៏ដូចជាបង្ក្រាបបទល្មើសជលផល»។
ការងារអភិរក្ស គឺពាក់ព័ន្ធការងារអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់ ជាតិ ដែលអត្រាកើតនៅក្នុងឆ្នាំនេះមានច្រើនជាងអត្រាស្លាប់ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។
កញ្ញាបញ្ជាក់ថា៖ «នេះគឺជាឆ្នាំទី១ ដែលផ្សោតកើតច្រើនជាងស្លាប់ ហើយមួយវិញទៀតការបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០២២ និង ២០២៣ បានបង្ហាញផលនៅក្នុងឆ្នាំ ២០២៤ ដែលបរិមាណត្រីកើនឡើង ៥ ភាគរយ»។
ចំណែកនៅក្នុងការងារកសិកម្មវិញ សម្រាប់ដំណាំស្រូវ និងស្វាយចន្ទី កំពុងតែមានទីផ្សារល្អ ពោលដំណាំស្រូវ ដោយសារតែបញ្ហាសន្តិសុខស្បៀងនៅលើសកលលោក និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជាផ្នែកមួយរួមចំណែកផ្ដល់ផលចំណេញដល់ប្រជាកសិករកម្ពុជា។
អ្នកនាំពាក្យដដែលបន្តទៀតថា៖ «យើងឃើញថា ក្នុងរដូវប្រមូលផលឆ្នាំ ២០២៣ កន្លងទៅនេះតម្លៃស្រូវសើមនៅទីវាលមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ដែលនេះគឺជាលទ្ធផលដែលគួរឱ្យសាទរសម្រាប់ផលិតកម្មស្រូវ។ ចំណែកស្វាយចន្ទី តាមរយៈការសហការជាមួយក្រសួងពាណិជ្ជកម្ម ការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគមកលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកខ្មែរមានច្រើនជាងមុន ហើយសហគ្រាសនៅស្រុកខ្មែរក៏ចាប់ផ្តើមពង្រីកការផលិតរបស់ខ្លួន និងបានកែច្នៃគ្រាប់ស្វាយចន្ទីឱ្យស្របតាមស្តង់ដាដែលអាចឈានចេញទៅលក់នៅក្រៅប្រទេសដោយត្រង់ ឱ្យបានកាន់តែច្រើនឡើងថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ»។
បើតាមកញ្ញា អ៊ឹម រចនា សម្រាប់គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ផ្តោតសំខាន់ទៅលើការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការផ្តល់ហិរញ្ញប្បទានសម្រាប់ការងារកសិកម្ម ក៏ដូចជាការពង្រឹងសហគមន៍កសិកម្មទំនើប ក៏ជាការងារថ្មីមួយទៀតដែលក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់ អនុវត្តប្រកបដោយភាពហ្មត់ចត់ឱ្យបានសម្រេច ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ និងវិស័យកសិកម្ម និយាយដោយឡែក និងកំណើនសេដ្ឋកិច្ចជាតិ និយាយជារួម។ អនុវិស័យសំខាន់ៗចំនួន ៥ របស់ក្រសួងកសិកម្មរួមមានអនុវិស័យព្រៃឈើ ជលផលកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វនិងអនុវិស័យកៅស៊ូ៕