ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ខណៈបច្ចុប្បន្នវ៉ាក់សាំងនេះកំពុងផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យប្រជាពលរដ្ឋប្រើប្រាស់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៤ ខែមករា បានឱ្យដឹងថា បច្ចុប្បន្នមានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួនកំពុងផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ «Qdenga» ខណៈដែលវ៉ាក់សាំងនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី ៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។
ទន្ទឹមនឹងនេះអង្គការសុខភាពពិភពលោក និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ «Qdenga» នៅឡើយដែរ។
ជាមួយគ្នានេះអង្គការសុខភាពពិភពលោកក៏បានព្រមានអំពីការប្រើប្រាស់វ៉ាក់សាំង «Qdenga» ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមកដែលវ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១។ ចំណែកអ្នកកើតជំងឺគ្រុនឈាមម្ដងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវឌ្ឍទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ adenga មិនទាន់ត្រូវបានចុះបញ្ជិកានៅក្នុងប្រទេសកម្ពុជានៅឡើយ។ដូច្នេះក្រសួងក៏សូមអំពាវនាវដល់សាធារណជនស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាយសមស្របដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល»។
ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាមនេះក្រសួងក៏បានអំពាវនាវដល់សាធារណជនរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា សម្បកកង់ឡានម៉ូតូ ពាង សម្បកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។
ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។
លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី ២៥ ខែមករាថា គ្រប់វ៉ាក់សាំងទាំងអស់ តែងតែមានផលប៉ះពាល់ទោះបីតិចក្ដីឬច្រើនក្ដី ដូច្នេះហើយមិនមែនតែវ៉ាក់សាំងសម្រាប់បង្ការជំងឺគ្រុនឈាមតែមួយនោះទេ ដែលមានផលប៉ះពាល់ដល់សុខភាព។
លោកបានបន្តថា មួយវិញទៀត វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមដែលកំពុងផ្សព្វផ្សាយលើបណ្ដាញសង្គមគឺនៅមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។ ប៉ុន្តែប្រសិនបើមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក៏ត្រូវមានឆ្លងកាត់ត្រួតពិនិត្យ និងវាយតម្លៃពីខាងអ្នកជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជាមុនដែរមុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។
លោកថ្លែងថា៖ «ដូច្នេះយើងមិនគួររំពឹងទាំងស្រុងទៅលើវ៉ាកសាំងទាំងទទួលស្គាល់ និងមិនទទួលសម្រាប់ចាក់បង្ការខ្លួនយើងនោះទេ អ្វីដែលសំខាន់សូមប្រជាជនយើងបន្តអនុវត្តការរស់នៅស្អាត ការលុបបំបាត់សំរាមដែលអាចដក់ទឹកបាន ហើយនៅពេលក្ដៅខ្លួនត្រូវប្រញាប់ទៅមន្ទីរពេទ្យ ពីព្រោះការបង្ការទាំងហ្នឹងវាជារឿងសំខាន់ និងមានប្រសិទ្ធភាពជាងការចាក់វ៉ាក់សាំងបង្ការទៅទៀត»។
បើតាមលោក លាង ឫទ្ធា ក្នុងឆ្នាំ ២០២៣ កន្លងមក កម្ពុជារកឃើញករណីជំងឺគ្រុនឈាមសរុបជាង ៣០ ០០០ នាក់ ដែលចំនួនទាំងនេះមានការកើនឡើងជាងឆ្នាំមុនៗ។ ក៏ប៉ុន្តែលោកថា ទោះបីឆ្នាំ ២០២៣ កន្លងមកនេះ ករណីជំងឺគ្រុនឈាមមានការកើនឡើងក៏ដោយ ប៉ុន្តែស្ថានភាពទាំងនោះស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបានហើយវាមិនមានអ្វីធ្វើឱ្យមានការព្រួយបារម្ភទេ៕