​ភ្នំពេញៈ អគ្គស្នងការដ្ឋាន​​នគរបាលជាតិ​នឹង​ចាប់ផ្តើម​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​លើ​អ្នក​​បើកបរ​មាន​ជាតិ​ស្រវឹង​ចាប់ពី​សប្តាហ៍​ក្រោយ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នកបើកបរ​។ នេះ​បើ​យោងតាម​លោក ស ថេត អគ្គ​ស្នងការ​នគរបាលជាតិ​។​

​ការត្រួតពិនិត្យ​ឡើងវិញ​នេះ​បន្ទាប់ពី​ថ្មីៗ​នេះ​គ្រោះថ្នាក់​ច​រា​​ចរណ៍​ដែល​បង្កឡើង​ដោយ​អ្នក​​បើកបរ​មាន​សារជាតិ​អាល់កុល បាន​បង្ក​គ្រោះថ្នាក់​ធ្វើឱ្យ​អ្នក​ដំណើរ​តាម​ដងផ្លូវ​បាត់បង់​ជីវិត​ជា​ញឹកញាប់​។​

​ក្រោយពី​ទទួលបាន​ការណែនាំ និង​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល លោ​ក ស ថេត អគ្គស្នងការ​​នគរបាលជាតិ​បាន​បើក​កិច្ចប្រជុំ​និង​ដាក់បទបញ្ជា​ដល់​ផ្នែក​ពាក់​​ព័ន្ធ​ដើម្បី​បើក​យុទ្ធនាការ​រឹតបន្តឹង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ទៅដល់​អ្នកបើកបរ ដែល​ការពិនិត្យ​នឹងធ្វើ​ឡើង​នៅពេល​យប់​ដោយ​សារ​ករណី​បង្ក​គ្រោះថ្នាក់​ភាគ​ច្រើន កើត​នៅពេល​យប់​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បាយ័ន លោ​ក ស ថេត បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បានឱ្យ​អគ្គ​រង​ដែល​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ ប្រ​ធាន​នាយកដ្ឋាន​អ្នកពាក់ព័ន្ធ រួមទាំង​ស្នងការ ស្នងការរង​រាជធានី​-​ខេត្ត​ធ្វើការ​រឹតបន្ដឹង និង​ពិនិត្យ​វាស់​ជាតិ​អាល់កុល​នេះ​ដែល​យើង​សង្កត់ធ្ងន់​នៅពេល​យប់ ព្រោះ​ពេលយប់​មាន​គ្រោះថ្នាក់​ច្រើន ពិសេស​ម៉ូតូ​ច្រើនជាង​ឡាន​»​។​

​លោក​បន្តថា ភូមិសាស្ត្រ​ដែល​ត្រូវ​យកចិត្តទុកដាក់​ជាង​គេ​គឺ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ដែលមាន​អត្រា​គ្រោះថ្នាក់​ច​រា​ចរណ៍​ច្រើន ហើយនឹង​ធ្វើ​ដោយ​ម៉ឺងម៉ាត់ និង​ហ្មត់ចត់​បំផុត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​រកឃើញ​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន​លើស​កំណត់​ដែលមាន​ចែង​នៅក្នុង​ច្បាប់ គឺ​យើង​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។​

​បើតាម​លោក ស ថេត ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នេះ លោក​បានដាក់​បទបញ្ជា​ឱ្យ​អនុវត្តបាន​លឿន ដោយ​ការពិនិត្យ​នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង​​ ៩ ឬ​ម៉ោង ​១០​ យប់​ទៅ​។​

​លោក​បាន​ថ្លែងថា​៖ «​បើ​យើង​មិន​រឹតបន្តឹង​ទេ យើង​នឹង​មិនអាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បានទេ ព្រោះ​ក្នុង​ ១​ ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ​១០​ លើក​នៅ​ទូទាំងប្រទេស ហើយ​យើង​ពិនិត្យឃើញ​ករណី​កើតឡើង​ម៉ូតូ​ច្រើនជាង​ឡាន​»​។​

​កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​លោ​ក ស ថេត ពិនិត្យមើល និង​ពង្រឹង​ឡើងវិញ​នូវ​ការត្រួតពិនិត្យ​ជាតិ​អាល់កុល ព្រោះ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​បានកើត​ឡើង​ច្រើន​គួរឱ្យ​បារម្ភ​។​

​លោក​បាន​ថ្លែងថា​៖ «​ពិតជា​សោកនាដកម្ម​ណាស់​ដូចដែល​យើង​បានដឹង​ហើយ​ករណី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ មិនមាន​អ្នក​​ណា​ចង់​ទេ សូម្បីតែ​អ្នកបើក​ក៏​មិន​ចង់​ដែរ ប៉ុន្តែ​អាហ្នឹង​ (​ជាតិ​​ស្រវឹង​)​ នៅក្នុង​ខ្លួន អ៊ីចឹង​!​ត្រូវធ្វើ​យ៉ាងម៉េច​ទប់​វា​មិនឱ្យ​ចូលក្នុង​ខ្លួន ដែល​ធ្វើឱ្យ​ការបើកបរ​ដោយ​មិនដឹង​ខ្លួន​»​។​

​លោក​បាន​បន្ថែមថា៖ «​ត្រូវ​ពង្រឹង​ច្បាប់​ពង្រឹង​ការត្រួតពិនិត្យ​ករណីនេះ ហើយ​មហាជន ដែលជា​សាមីខ្លួន​ត្រូវ​ចូលរួម​ជាមួយគ្នា ព្រោះ​សមាជិក​ដែល​បាត់​​បង់​ដោយសារ​រឿងនេះ​គឺ​វា​ពិតជា​សង្វេគ ហើយ​គ្រោះថ្នាក់​ធំ​របស់​យើង​ឥឡូវ​គឺ​គ្រោះថ្នាក់​ចរាចរណ៍​នេះឯង​។ ស្លាប់​ច្រើនជាង​គ្រាប់បែក គ្រាប់មីន​»​។​

​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ស ថេត ការអប់រំ ផ្សព្វ​ផ្សាយ​នេះ​បានធ្វើ​យូរ និង​ច្រើនដង​មកហើយ ប៉ុន្តែ​អ្នកប្រើប្រាស់​ផ្លូវ​ហាក់​មិនមាន​ការយល់ ឬ​ពួកគាត់​យល់ និង​ដឹង​ហើយ ប៉ុន្តែ​មិន​ចូលរួម​អនុវត្តតាម​។​

​ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យចូល​រួមសហការ​ជាមួយ​សមត្ថ​កិច្ច​ដើម្បី​ការពារ​អាយុជីវិត ទ្រព្យ​សម្បត្តិ​របស់ខ្លួន និង​អ្នកដទៃ ហើយ​កុំ​ប្រឆាំងនឹង​សមត្ថកិច្ច​ដែល​ពួកគាត់​ចេញ​ប្រតិបត្តិការ​គ្រប់ពេលវេលា​ផងដែរ​។​

​ទាក់ទង​នឹង​ចរាចរណ៍​នេះដែរ លោក ទូច សុ​ខៈ អ្នកនាំពាក្យ​​រង​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើង​ផងដែរ ទៅលើ​សកម្មភាព​សិស្ស​មួយចំនួន​ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ដោយ​លោក​ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​មិនមាន​ការលើកលែង​ទៅតាម​ប្រភេទ​មនុស្ស​ទេ​។​

​លោក​ថា​៖ «​ច្បាប់​របស់​យើង​គឺមាន​ចរិត​អនុវត្ត​ជាទូទៅ​ទាំង​​អស់​ទៅគ្រប់​មនុស្ស​ទាំងអស់​ដែល​ប្រើប្រាស់​ម៉ូតូ ហើយ​និង​យាន​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​ឱ្យមាន​ការប្រើប្រាស់​មួក​សុវត្ថិ​ភាព​នេះ ដោយ​មិន​ថា​សិស្ស ឬ​ព្រះសង្ឃ​...»​។​

​ជុំវិញ​រឿងនេះ​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី លោក គឹម បញ្ញា បាន​ប្រាប់​នៅ​ថ្ងៃទី ២៥ ខែមករា ថា លោក​គាំទ្រ​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​លើ​អ្នកបើកបរ​ដែលមាន​ជាតិ​ស្រវឹង​ដែល​ល្មើ​សនឹង​ច្បាប់​កំណត់ ប៉ុន្តែ​លោក​ស្នើឱ្យ​កុំ​រឹតបន្តឹង​តែ​ករណី​បើកបរ​មាន​សារជាតិ​ស្រវឹង​តែមួយ​។​

​លោក​ គឹម បញ្ញា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សុំឱ្យ​ការអនុវត្ត​ច្បាប់​នេះ រឹតបន្តឹង​ទៅលើ​កត្តា​ហានិភ័យ​ទាំងអស់​ដែល​បង្កឱ្យមាន​គ្រោះ​ថ្នាក់​ដល់​ការស្លាប់ និង​រងរបួស​។ មួយទៀត​សុំឱ្យ​ការ​រឹតបន្តឹង​នេះ​ធ្វើ​ជាប់​ជាប្រចាំ មិន​ធ្វើ​តែ​នៅក្នុងពេល​មាន​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ខ្ពស់​ទេ​»​។​

​លោក​ថា​៖ «​អ្វីដែល​សំខាន់​មួយទៀត​ខ្ញុំ​ចង់ឱ្យ​មានការ​ពិនិត្យ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ដំឡើង​ការពិន័យ ការផ្តន្ទាទោស​ដល់​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ស្លា​ប់ ឬ​មានការ​រងរបួស​ធ្ងន់ ឬ​រហូត​ធ្លាក់ខ្លួន​ពិការ​»​។​

​លោក​ គឹម បញ្ញា ក៏​ស្នើ​សុំឱ្យ​ផ្សព្វផ្សាយ​សារ​អប់រំ ការដាក់​ពាក្យស្លោក និង​ការណែនាំ​ផ្សេងៗ​ដើម្បី​ក្រើនរំឭក​អ្នកបើកបរ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ផងដែរ​។​របាយការណ៍​របស់​អគ្គ​ស្នង​​ការ​នគរបាលជាតិ​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ៣ ៣១៧​ លើក បណ្តាលឱ្យ​មនុស្ស​ចំនួន ១ ៥៩០​ នាក់ បាន​ស្លាប់ និង​រងរបួស​ចំនួន ​៤ ៥១៥ ​នាក់​។ 

​ករណី​គ្រោះ​​ថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ចំនួន​ ៣៤១​ លើក ស្មើនឹង​ ១១ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ​២ ៩៧៦ ​លើក​។ ចំណែកឯ​អត្រា​អ្នកស្លាប់​វិញ​មានការ​ថយចុះ​ចំនួន ​១១៩​ នាក់ ស្មើនឹង​ ៧ ​ភាគរយ បើ​ធៀប​ជា​​មួយ​នឹង​ឆ្នាំ​ ២០២២ ដែលមាន​អ្នកស្លាប់​ចំនួន ១ ៧០៩ ​នាក់ ប៉ុន្តែ​ចំនួន​អ្នករងរបួស​មានការ​កើនឡើង​ ៤៨៩​ នាក់ ស្មើនឹង ​១២​ ភាគរយ​៕